ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា​អ៊ុយ​ក្រែ​ន (GUR) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​គ្រប់គ្រង​ឡើងវិញ​ពី​ប្រទេស​រុស្ស៊ី ​នូវ​​ទី​កន្លែង​ខួង​យក​ឧស្ម័ន និង​ប្រេង​ជាច្រើន​កន្លែង​​នៅ​ជិត​តំបន់​គ្រី​មា​។

​​​តាមការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុង​​​​​កម្មវិធី​ផ្ញើ​សារ​នៅ​ក្នុង​​​​ប្រព័ន្ធ Telegram ​​ទីភ្នាក់ងារ​​ស៊ើប​​ការណ៍​​យោធា​អ៊ុយក្រែន បានអះអាងថា ​កងកម្លាំង​របស់​ទីក្រុងកៀវ​បាន​យក​មក​​វិញ​​នូវ​​ទីតំាង​​ខួង​ដែល​គេ​ស្គាល់​ថា «Boiko Towers» នៅក្នុង «ប្រតិបត្តិការ​ដ៏សំខាន់​មួយ»។

​​សារ​នៅ​ក្នុងតេឡេក្រាមនោះ បាន​អះអាងថា​ ទីតាំង​​ទាំងនេះ​ត្រូវបាន​កាន់កាប់​តាំងពី​ឆ្នាំ២០១៥​ ដោយ​ប្រទេស​រុស្ស៊ី​ ដែល​បាន​រឹបអូស​និង​បញ្ចូល​ឧបទ្វីប​គ្រី​មេ​ក្នុង​ឆ្នាំ២០១៤​ ហើយ​​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ទីក្រុង​ម៉ូស្គូ​សម្រាប់​គោលបំណង​យោធា​ចាប់តាំងពី​ការ​ចាប់ផ្តើម​​នៃ​ការឈ្លានពាន​ពេញលេញ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២២​។


រុស្ស៊ី​មិនបាន​ធ្វើ​អត្ថាធិប្បាយភ្លាមៗលើ​របាយការណ៍​នេះ​ទេ ហើយ រ៉យទ័រ​ក៏​មិនទាន់​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​របស់ GUR ដោយ​ឯករាជ្យ​បានទេ។

GUR បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើ Telegram ថា៖​«សម្រាប់​អ៊ុយ​ក្រែ​ន ការទទួលបាន​ការគ្រប់គ្រង​ឡើងវិញ​នូវ​ប៉ម Boiko គឺមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ហើយ​ជា​លទ្ធផល រុស្ស៊ី​បាន​បាត់បង់​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ពួកវា​សម្រាប់​គោលបំណង​យោធា»។


វា​បាន​និយាយថា៖«រុស្ស៊ី​ត្រូវបាន​ដកហូត​នូវ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ដែនទឹក​នៃ​សមុទ្រ​ខ្មៅ​ទាំងស្រុង ហើយ​នេះ​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​មាន​ជំហាន​ជាច្រើន​ខិត​ទៅជិត​ការដណ្តើមយក​គ្រីមា​មកវិញ»។

ក្នុងអំឡុងពេល​ប្រតិបត្តិការ​នេះ GUR បាន​និយាយថា មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន​នៅលើ​ទូក និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង ដែល​រង​ការខូចខាត និង​បង្ខំ​ឱ្យ​ដកថយ។

GUR ក៏ទទួលបាន​នូវរបស់ជ័យភ័ណ្ឌ​ជាច្រើន​​ ដែល​​មានតម្លៃ​ផ្សេងទៀត ដូចជា​គ្រាប់បែក​ឧទ្ធម្ភាគចក្រ និង​ប្រព័ន្ធ​រ៉ា​ដា ដែល​អាច​តាមដាន​ចលនា​របស់​កប៉ាល់​នៅក្នុង​សមុទ្រ​ខ្មៅ។

មុនពេល​រុស្ស៊ី​ដណ្តើមយក​ឧបទ្វីបគ្រីមា​នៅ​​ឆ្នាំ​២០១៤ អ៊ុយ​ក្រែ​ន​បាន​ទាញយក​ផ្នែក​សំខាន់​មួយ​នៃ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន​ពី​បាតសមុទ្រ​ខ្មៅ ដោយ​ផ្តល់​ឧស្ម័ន​មិន​ត្រឹមតែ​សម្រាប់ គ្រីមាប៉ុណ្ណោះ​ទេ ថែម​ទាំង​ដល់​តំបន់​ដីគោក​នៃ​អ៊ុយ​ក្រែ​ន​ទៀតផង៕​