នាយករដ្ឋមន្ត្រី​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់​ ​(Rishi Sunak) បានលើកឡើង​អំពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទីក្រុង​ប៉េកាំង ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការជ្រៀតជ្រែក​នៅក្នុង​សភា​អង់គ្លេស​។ នេះ​ជាការ​រៀបរាប់​ពី​កង្វល់​របស់លោក ស៊ូ​ណាក់​ ទៅកាន់​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang)​ នៅក្នុង​កិច្ចប្រជុំ​កំពូល​ G20 នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​មានការ​ចាប់ខ្លួន​ចារបុរស​ចិន​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​សភា​អង់គ្លេស​។​

​លោក ស៊ូ​ណាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ញូវដែលី (New Delhi)​ ថា លោក​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការចូល​ជ្រៀតជ្រែក​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សភា​របស់​អង់គ្លេស​ដោយ​លោក​បាន​លើកឡើងថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានទេ​។ លោក​បាន​បន្ថែមថា ជំនួប​របស់លោក​ជាមួយ​លោក លី ​នៅក្នុង​កិច្ចប្រជុំ​ G20 ​គឺជា​គំរូ​ល្អ​មួយ​ដែលមាន​អត្ថប្រយោជន៍​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយផ្ទាល់ ជាជាង​ការស្រែក​ដាក់គ្នា​ពី​ចម្ងាយ​។​

​លោក ស៊ូ​ណាក់ បាន​និយាយថា​៖«​យើង​បាន​ពិភាក្សា​អំពី​រឿង​មួយចំនួន ហើយ​ខ្ញុំ​បាន​លើក​ឡើង​ពី​ចំណុច​ដែលមាន​ការខ្វែងគំនិត​គ្នា ហើយ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​យើង​ដើម្បី​ការពារ​ខ្លួន ការពារ​គុណ​តម្លៃ និង​ផលប្រយោជន៍​ដើម្បី​សម្រួល​គោលជំហរ​របស់​យើង​ចំពោះ​ប្រទេស​ចិន ក៏​ដូច​ជា​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់​យើង​រួមមាន​អាមេរិក អូស្ត្រាលី កាណាដា ជប៉ុន និង​ប្រទេស​ដទៃទៀត​»​។​


​យោងតាម​កាសែត The Sunday Times បាន​រាយ​​ការណ៍​ថា អ្នកស្រាវជ្រាវ​សភា​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​សភា​មកពី​គណបក្ស​អភិរក្សនិយម រួមទាំង​មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​គណៈ ក​ម្មា​​ធិ​ការ កិច្ចការបរទេស លោកស្រី អា​លី​ស៊ា ឃើ​នស៍ (Alicia Kearns) ផង​នោះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួកគេ​បាន​ប្រព្រឹត្ត​ខុស​ទៅនឹង​ច្បាប់​រក្សា​ការសម្ងាត់​របស់​រដ្ឋ​។​

​នៅ​ថ្ងៃទី​ ១៣ ខែមីនា អ្នក​ស្រាវ​​ជ្រាវ និង​បុរស​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន ហើយ​អង្គភាព​ប្រឆាំង​ភេរវកម្ម​ដែល​ទទួលខុសត្រូវ​ចំពោះ​ករណី​ចារកម្ម កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណីនេះ​។​


Sunday Times ឱ្យដឹងថា​អ្នកស្រាវជ្រាវ​ម្នាក់​ដែលមាន​អាយុ​ ២០​ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​អ៊ី​ដេ​ន​បឺ​ក (Edinburgh) និង​បុរស​ទី​២ ដែល មាន​អាយុ​ ៣០ ​ឆ្នាំ​ត្រូវបាន​ចាប់ ឃុំខ្លួន​នៅក្នុង​ស្រុក អុក​ស្វដ​ស៊ា ​(Oxfordshire)​។ យ៉ាងណា ក៏ដោយ បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ចាប់ឃុំខ្លួន​បណ្ដោះអាសន្ន ពួកគេ​ក៏ត្រូវ​បាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​រហូតដល់​ដើមខែ​តុលា ឆ្នាំ​ ២០២៣​ នេះ​។​

​ជំនួប​រវាង លោក ស៊ូ​ណាក់ និង​លោក លី នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ G20 ​ជា​ជំនួប​ដែល​បាន​គ្រោងទុក​មុន ប៉ុន្តែ​ជំនួប​នេះ​ទើបតែ​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​៕