ក្រុមហ៊ុន​ឧស្សាហកម្ម​ខ្នាតយក្ស​របស់​​​​ជប៉ុន ​អង់គ្លេស​និង​​អ៊ីតាលី​ បាន​ឈានដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​​នៅ​ដំណាក់​​​ថ្មី​មួយទៀត ​ដើម្បី​រួមគ្នា​​​​ផលិត​​យន្ត​ចម្បាំង​​​​ជំនាន់​ចុង​ក្រោយ​។​

យោង​តាម​ការ​ចេញផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ក្រុមហ៊ុន BAE Systems របស់​ចក្រភព​អង់គ្លេស ក្រុមហ៊ុន Mitsubishi Heavy Industries របស់​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន​ Leonardo របស់​ប្រទេស​អ៊ីតាលី ដែល​ទាំង​អស់​នេះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​​ធុន​​ធ្ងន់​​ខ្នាតយក្ស បាន​ព្រមព្រៀងគ្នា​នូវ​ជំហាន​បន្ទាប់ ដើម្បី​​ផ្តល់​នូវ​ដំណាក់កាល​គំនិត​​នៃ​យន្តហោះ​ចម្បាំង​ជំនាន់​ក្រោយ។

តាមការ​ចេញ​ផ្សាយ​នោះ ប្រទេស​​ទាំងបី​បាន​ព្រមព្រៀងគ្នា​ក្នុង​ខែធ្នូ ឆ្នាំ២០២២​ ដើម្បី​សហការគ្នា​បង្កើត​យន្តហោះ​ចម្បាំង​ជួរមុខ​កម្រិត​ខ្ពស់ ដើម្បី​ចូល​បម្រើ​សេវាកម្ម​នៅ​ពាក់​កណ្តាល​​ទសវត្សរ៍​ក្រោយ។


BAE បាន​និយាយថា កិច្ចព្រមព្រៀង​ Global Combat Air Program (GCAP) ថ្មី​នឹង​គាំទ្រ​ដល់​ការពិភាក្សា​ដើម្បី​កំណត់​ការរៀបចំ​ការងារ និង​តម្រូវការ​សមត្ថភាព​ស​ម្រា​ប់​យន្តហោះ។

លោក Herman Claesen អ្នកដឹកនាំ GCAP របស់ BAE បាន​និយាយថា «ល្បឿន​​នៃ​ការចូលរួម​កម្រិត​ខ្ពស់​ជាមួយ​ដៃគូ​ឧស្សាហកម្ម និង​​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​អ៊ីតាលី និង​ប្រទេស​ជប៉ុន» ត្រូវបាន​រក្សា​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​កម្មវិធី​នេះ។


BAE បាន​និយាយថា​ប្រទេស​ទាំងបី​នឹងធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​គម្រោង​នៅឯ​ពិព័រណ៍​អាវុធ​អន្តរជាតិ DSEI នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​សប្តាហ៍​នេះ។

GCAP ត្រូវបាន​គេ​រំពឹងថា​នឹង​ចំណាយ​អស់​ច្រើន​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ភាគី​មិនទាន់បាន​បញ្ចប់​ថា​តើ​ថវិកា​នឹងត្រូវ​បែងចែក​យ៉ាងដូចម្តេច​នោះទេ។

ក្រសួងការពារជាតិរ​បស់​ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​បណ្តាក់​ទុន ​២ ពាន់​លាន​ផោន ​ដល់​គម្រោង​នេះ ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា ជា​គម្រោង​«Tempest» មុន​ពេលដែល​ប្រទេស​ជប៉ុន និង​ប្រទេស​អ៊ីតាលី​ចូលរួម៕​