​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាង​ត្បូង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​មិន​ស្គាល់​អត្តសញ្ញាណ​យ៉ាង ហោចណាស់​ ១​ ​គ្រាប់ ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាង​​កើត​របស់ខ្លួន ខណៈ​មេដឹកនាំ​លោក គីម ជុង​អ៊ុន ត្រៀម​ជួបពិភាក្សា​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​​រុស្ស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Al Jazeera​។

​អគ្គសេនាធិការ​មិនទាន់​អាច​បញ្ចេញ​ព័ត៌មាន​លម្អិត​ភ្លាមៗ​ស្ដីពី​ការបាញ់​បង្ហោះ​នៅ​ថ្ងៃ​ពុធ​នេះ​បានទេ ដោយ​និយាយថា ខ្លួន​ត្រូវការ​ពេល​វិភាគ​បន្ថែមទៀត​។

​ចំណែកឯ​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​ជប៉ុន​វិញ បាន​និយាយថា កូរ៉េខាងជើង​អាច​នឹង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​ ២​ គ្រាប់ ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​។​


​ប្រមុខ​ខុទ្ទកាល័យ​ជប៉ុន លោក HirokazuMatsuno បាន​ប្រាប់​អ្នក​​សារព័ត៌មាន​ថា ប្រទេស​ជប៉ុន​បានដាក់​ការតវ៉ា​ប្រឆាំងនឹង​កូរ៉េខាងជើង តាមរយៈ​បណ្តាញ​ការទូត​ប្រចាំ​ទីក្រុង​ប៉េកាំង​។​

​ការបាញ់​បង្ហោះ​ចុងក្រោយ​នេះ ធ្វើឡើង​ចំពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​​ជើង លោក គីម ជុង​អ៊ុន កំពុងស្ថិត​នៅក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​ជួបពិភាក្សា​គ្នា​ជាមួយ​លោក ពូ​ទីន ដោយផ្ទាល់​។​


​ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​របស់​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​រុស្ស៊ី គឺជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី​ «​សារៈសំខាន់​ជា​យុទ្ធ​​សាស្ត្រ​» នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង ​២​។​

មានការ​ព្រមាន​ជាពិសេស​ពី​សហរដ្ឋ​អាមេរិក​ថា មេដឹកនាំ​ទាំង​ ២​ អាច​នឹង​ពិភាក្សាគ្នា​អំពី​ការផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី​ដើម្បី​យកទៅ​ប្រើ​នៅក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

​អ្នកវិភាគ​ផ្នែក​សន្តិសុខ​នៅ​សហរដ្ឋ​​អាមេរិក លោក Ankit Panda បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម X (​អតីត​​ធ្វី​ត​ធើរ​)​ ថា​វា​គឺជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង ដែល​ការបាញ់​បង្ហោះ​មី​ស៊ី​ល​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​គ្មាន​វត្តមាន​របស់​មេដឹកនាំ លោក គីម នៅក្នុង​ប្រទេស ប៉ុន្តែ​មិនបាន​គូសបញ្ជាក់ថា វា​ជាស​ញ្ញា​យ៉ាងណា​នោះទេ​។​

​នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ កូរ៉េ​ខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ជាច្រើនលើក​ច្រើនសា ដែលជា​ការផ្គើន​លើ​សេចក្ដីសម្រេច​របស់​ក្រុម ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់ចេញ​ក្នុង​ឆ្នាំ​ ២០១៧​។ ជាការ​តាមដាន ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ មក កូរ៉េខាងជើង បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ច្រើនជាង ១០០​ លើក​ទៅហើយ​៕

បុរស​ម្នាក់​កំពុង​ពិនិត្យមើល​ទម្រង់​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។ហុង មិនា