ទីភ្នាក់ងារ ហ្រ្វេកង់​ជាតិ​របស់​បារាំង​បានធ្វើ​តេស្ត​សាកល្បង រកឃើញ​ពី​អត្រា​ស្រូប​ទាញ​នៃ​ទូរស័ព្ទ​ម៉ូ​ដែល Iphone 12 ដែល​ខ្ពស់ជាង​ការតម្រូវ​របស់​ច្បាប់​។ តាមរយៈ​ការរកឃើញ​បែបនេះ បារាំង​បាន​ហាមឃាត់​ការលក់​ទូរស័ព្ទ​ម៉ូ​ដែល​នេះ និង​កំពុងតែ​រីក​រាលដាល​លើ​ការហាមឃាត់​បន្តទៀត​ទៅ​កាន់​ប្រទេស​ដទៃ នៅក្នុង​សហគមន៍​អឺរ៉ុប​។


​ក្រុម​អ្នកឃ្លាំមើល​សង្គម​ក៏បាន​អះអាងថា ខ្លួន​នឹង​បញ្ជូន​កម្លាំង​ទៅតាម​ហាង​លក់​ទូរស័ព្ទ ដើម្បី​ត្រួត​ពិនិត្យមើល​ទូរស័ព្ទ Iphone 12 ដែល​មិនទាន់បាន​លក់​ចេញហើយ​ថា ប្រសិនបើ​មិនមាន​ការសហការ​ពី​ម្ចាស់​ហាង​ទេ ខ្លួន​នឹង​រឹបអូស​យក​សូម្បីតែ​ទូរស័ព្ទ​ដែល​បាន​លក់ ទៅកាន់​អតិថិជន​រួចរាល់​ក៏ដោយ​។​

​ក្រោយ​ការចោទប្រកាន់​ពី​សំណាក់​អ្នកឃ្លាំមើល​សង្គម​បែបនេះ ក្រុមហ៊ុន Apple បាន​ចេញមុខ​ច្រានចោល និង​អះអាងថា គ្រប់​ម៉ូ​ដែល​ទូរស័ព្ទ​របស់ខ្លួន​គឺ​សុទ្ធតែ​គោរព​តាមច្បាប់​វិទ្យុ​សកម្ម​ស្តង់ដា​ពិភពលោក​។​


​ក្រុមហ៊ុន Apple បាន​និយាយ​ម៉ូ​ដែល​នោះ​ត្រូវបាន​បញ្ជា​ក់ដោយ​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ថា ពិតជា​បាន​អនុលោម​តាម​ស្តង់ដា​វិទ្យុសកម្ម​សកល​ពិតមែន​។ ក្រុមហ៊ុន Apple ក៏បានផ្តល់​លទ្ធផល​ចេញពី​មន្ទីរពិសោធន៍​ទៅឱ្យ​ភាគី​បារាំង​ផងដែរ​។​


​ទោះយ៉ាងណា មន្ទីរពិសោធន៍​របស់​ទីភ្នាក់ងារ​បារាំង​បាន​រក​ឃើញ​ការ​ស្រូប​ថាមពល​អេ​ឡិច​ត្រូ​ម៉ាញ៉េទិច​ចេញពី​រាងកាយ​ក្នុង​កម្រិត​ ៥,៧៤​ វ៉ា​ត់​នៅពេល​ទូរស័ព្ទ​ត្រូវបាន​កាន់ ឬ​ដាក់​ក្នុង​ហោប៉ៅ រីឯ​ស្តង់ដា​ជាក់លាក់​របស់​អឺរ៉ុប​គឺ​ត្រឹមតែ ៤.០ ​វ៉ា​ត់​ក្នុង ​១ ​ម៉ោង​ដូចគ្នា​។​


​ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុង​ក្រោយនេះ អ្នកស្រាវជ្រាវ​បាន​ខិត​​ខំ​សិក្សា និង​វាយតម្លៃ​អំពី​ហា​និ​ភ័យ​សុខភាព​បណ្ដាលមកពី​ទូរស័ព្ទ​ដៃ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​រកឃើញ​ការប៉ះពាល់​នៅឡើយ​៕