នៅ​ថ្ងៃទី ​១៤ ខែកញ្ញា ឆ្នាំ​២០២៣ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចំនួន ៣ ប្រទេស​បាន​ព្រមាន​អ៊ីរ៉ង់​ថា ​ពួកគេ​នឹងដាក់​ចេញ​នូវ​ដំណោះស្រាយ​មួយទៀត​ទៅកាន់​ក្រុមប្រឹក្សា​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ទាមទារ​ឱ្យ​ចាត់វិធានការ​លើ​បញ្ហាសំខាន់ៗ​ដូចជា ការផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ដាន​អ៊ុយ​រ៉ា​ញ៉ូ​ម​ដែល​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ដែល​មិនបាន​បង្ហាញ​ជា​សាធារណៈ​។ ប៉ុន្តែពួកគេ​មិនបាន​បញ្ជាក់ថា តើ​ពួកគេ​នឹង​ចាប់ផ្ដើម​ចាត់វិធានការ​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​នេះ​នៅពេលណា​នោះទេ​។

​ការព្រមាន​នេះ​បានធ្វើ​ឡើង​ដោយ​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ឬ​ដែល​ហៅថា​ក្រុម​ប្រទេស E3 និង​សហរដ្ឋអាមេរិក ពោលគឺ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA)​។ ករណីនេះ​ក៏បាន​កើតឡើង​ចំពេល​ដែល​ស្ថានការណ៍​រវាង​លោកខាងលិច និង​អ៊ីរ៉ង់​កាន់តែ​ស្មុគស្មាញ​។

​កាលពី​ខែវិច្ឆិកា អង្គការសហប្រជាជាតិ​បាន​ដាក់ចេញ​ដំណោះស្រាយ​មួយ បញ្ជា​ឱ្យ​ទីក្រុង​តេ​ហេ​រ៉ង់ សហការ​ជាបន្ទាន់​ជាមួយនឹង​ការស៊ើបអង្កេត​របស់ IAEA ជុំវិញ​ការរកឃើញ​វត្តមាន​ភាគល្អិត​អ៊ុយ​រ៉ា​ញ៉ូ​ម នៅ​កន្លែង​ដែល​មិនបាន​បញ្ជាក់​ចំនួន​៣​ទីតាំង​។


​ថ្មីៗ​នេះ មហាអំណាច​លោកខាងលិច​បាន​រិះគន់​អ៊ីរ៉ង់​ចំពោះ​ការមិន​សហការ​ជាមួយ IAEA លើ​បញ្ហា​ដូចជា​ការដំឡើង​កាមេរ៉ា​ឃ្លាំមើល​ឡើងវិញ​ដែល​ត្រូវបាន​ដកចេញ​កាលពី​ឆ្នាំមុន និង​ការពង្រឹង​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ឱ្យបាន​ដល់​ជិត ៦០%​។ យ៉ាងណាក៏ដោយ ក្នុងពេល​ជាមួយគ្នានេះ គេ​បានដឹងថា​មាន​កិច្ចពិភាក្សា​សម្ងាត់​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ បានធ្វើ​ឡើង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង ដូច្នេះ​វា​ហាក់ដូចជា​កំពុង​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​។

​អ្នកការទូត​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​មិន​ទទួលស្គាល់​កិច្ចពិភាក្សា​កាត់បន្ថយ​ភាព​តានតឹង​ទាំង​នោះទេ​។ ប៉ុន្តែ វា​ជា​កិច្ចពិភាក្សា​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​នាពេល​ថ្មីៗ​នេះ​របស់​អ៊ីរ៉ង់​មក​ត្រឹម ៦០% ការដោះស្រាយ​មូលនិធិ​អ៊ីរ៉ង់​ដែល​បង្កក​នៅក្រៅ​ប្រទេស និង​ការផ្លាស់ប្តូរ​អ្នកទោស​រវាង​ភាគី​ទាំងពីរ​។


«​ប្រសិនបើ​អ៊ីរ៉ង់​បរាជ័យ​ក្នុងការ​អនុវត្ត​ពេញលេញ​នូវ​សកម្មភាព​ចាំបាច់​ដែល​មានចែង​នៅក្នុង​វិធានការ​ដំណោះស្រាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី​៤ ខែមីនា ក្រុមប្រឹក្សាភិបាល​នឹងត្រូវ​រៀបចំ​ចាត់វិធានការ​បន្ថែមទៀត ក្នុងការ​គាំទ្រ​ដល់​លេខាធិការដ្ឋាន (IAEA) បង្ខំ​ឱ្យ​អ៊ីរ៉ង់​ទទួលខុសត្រូវ​នាពេល​អនាគត​»​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​មហាអំណាច​លោកខាងលិច​ទាំង ៤ ប្រទេស ដែល​បានដាក់​ទៅកាន់​ក្រុមប្រឹក្សាភិបាល IAEA ដែលមាន​ប្រទេស​ចំនួន ៣៥ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​។

​នៅពេល​ប្រឈមមុខ​នឹង​ដំណោះស្រាយ អ៊ីរ៉ង់​តែងតែ​ប្រតិកម្ម​ដោយ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​បន្ថែ​ម​ទៀត​។ អ៊ីរ៉ង់​តែងតែ​អះអាងថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​ផលិតឡើង​សម្រាប់តែ​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ ប៉ុន្តែ​មហាអំណាច​លោកខាងលិច​តែងតែ​បានដាក់​ការសង្ស័យ​ទៅលើ​ការបកស្រាយ​របស់​អ៊ីរ៉ង់​។

​សេចក្តីថ្លែងការណ៍​រួម​នេះ​ផងដែរ ក៏បាន​លើកឡើង​អំពី​ការដំឡើង​ឡើងវិញ​នូវ​ឧបករណ៍​ដើម្បី​តាមដាន​ត្រួតពិនិត្យ ដូចជា​កាមេរ៉ា ប៉ុន្តែ​មានតែ​ផ្នែក​មួយចំនួន​នៃ​កាមេរ៉ា​ដែល IAEA ចង់​ដាក់ឱ្យ​ដំណើរការ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដំឡើង​ឱ្យ​ដំណើរការ​ឡើងវិញ​។

​ជំនួស​ឱ្យ​ការបន្ត​វិធានការ​ដំណោះស្រាយ​ផ្លូវការ​មួយ​ផ្សេងទៀត​ប្រឆាំងនឹង​ទីក្រុង​តេ​ហេ​រ៉ង់​ដោយសារតែ​កង្វះ​វឌ្ឍនភាព​លើ​បញ្ហា​ទាំងនេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល IAEA នាពេល​ថ្មីៗ​នេះ មហាអំណាច​លោកខាងលិច រួម​ជាមួយនឹង​ប្រទេស​ចំនួន ៥៩ ផ្សេងទៀត​បានចេញ​សេចក្តីថ្លែងការណ៍​ក្រៅផ្លូវការ​មួយ ដោយ​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ភ្លាមៗ ជាពិសេស​ទាក់ទង​នឹង​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​។

​យ៉ាងណាក៏ដោយ មានតែ​សមាជិក​សរុប​ចំនួន ២២ ប្រទេស ក្នុងចំណោម ៣៥ ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ​។ តួលេខ​នេះ​តិចជាង​ចំនួន​ប្រទេស​ដែល​បាន​គាំទ្រ​វិធានការ​ដំណោះស្រាយ​កាលពី​ខែវិច្ឆិកា ដោយ​កាលនោះ​មាន​ចំនួន ២៦ ប្រទេស​៕​