សមាជិក​ព្រឹទ្ធសភា​​ល្បីល្បាញ​​​បួនរូប​ ​ដូច​ជា Tom Cotton, Roger Wicker, Susan Collins និង Lindsey Graham នៃ​សាធារណរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​​ ចូ បៃ​ដិន (Joe Biden) ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​កាំជ្រួច​​បាញ់​​រយៈ​ចម្ងាយ​ឆ្ងាយ​​ដើម្បី​ជួយ​ដល់​ការវាយលុក​របស់ខ្លួន​ប្រឆាំងនឹង​រុស្ស៊ី ​ដោយ​និយាយថា​ មានតែ​ផ្នែក​តូច​មួយ​នៃ​ឃ្លាំង​ស្តុក​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដែល​ត្រូវការ។

​​កន្លង​មក​​រដ្ឋាភិបាល​អាមេរិក​បាន​​បដិសេធ​​​​​ការ​ផ្គត់ផ្គង់​​​អាវុធ​​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​ប្រទេស​អ៊ុយក្រែន​ដោយ​បារម្ភ​ថា ​អ៊ុយក្រែន​​នឹង​​បាញ់​ចូល​ទឹកដី​រុស្ស៊ី​​ដែល​នឹង​អាច​ប្រើប្រាស់​ជាលេស​​​ដើម្បី​ចោទ​ប្រកាន់​អាមេរិក​​ជា​អ្នក​ផ្គត់ផ្គង់​​​​ ហើយ​ត្រូវ​ប្រឈម​ផ្ទាល់​ជាមួយ​មហាអំណាច​ទាំង​២។​

ដោយ លោក បៃ​ដិន នឹងទទួលស្វាគមន៍​​​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ុលឌីមៀ ​ហ្សេលេនស្គី ( Volodymyr Zelensky) នៅ​​សេត​វិមាន​នៅ​សប្តាហ៍​ក្រោយ ការ​អង្វរ​ដល់​ប្រធានាធិបតី​បានដាក់​ការយកចិត្តទុកដាក់ការ​ផ្តោត​​អារម្មណ៍​​ជាថ្មី​លើ​ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ​របស់​កងទ័ព ឬ Atacms ដែល​អ៊ុយ​ក្រែ​ន​បានស្នើ​សុំ​ជា​យូរ​មកហើយ។


នៅក្នុង​​​លិខិត​មួយ​​ចុះ​​នៅ​​ថ្ងៃ​សៅរ៍​ថា​ សមាជិក​ព្រឹទ្ធសភាអាមេរិក​​​​ទាំង៤​រូប​ បានសរសេរថា៖​«អ៊ុយ​ក្រែ​ន​បាន​ធ្វើ​​ឱ្យ​កម្លាំង​​ប្រយុទ្ធ​របស់​រុស្ស៊ី​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​ត្រូវការ​តែ​ផ្នែក​តូច​មួយ​នៃប្រព័ន្ធ Atacms ដែល​​រក្សា​ទុក​ក្នុង​ឃ្លាំង​សន្និធិ​​របស់​យើង​ប៉ុណ្ណោះ»។

ខណៈពេលដែល​ការ​ចែកចាយ​អាវុធ​បន្ថែម​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បាន​​ប្រកាស​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេលេនស្គី ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន Atacms មិនមាន​នៅក្នុង​បញ្ជី​នោះទេ។ នេះ​បើ​យោងតាម​មន្ត្រីរដ្ឋបាល​សហរដ្ឋអាមេរិក។


ការរុលទៅមុខ​​​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ដណ្តើមយក​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​មកវិញ​មាន​ភាពយឺតយ៉ាវ។ សមាជិក​ព្រឹទ្ធសភា​បាន​និយាយថា យោធា​របស់​អ៊ុយ​ក្រែ​ន​បាន «សម្រេច​​នូវ​​ការ​រុលទៅមុខ​​​មួយចំនួន» ហើយ​ការផ្តល់ Atacms របស់ Lockheed Martin Corp នឹង «បង្កើន​លទ្ធភាព​នៃ​ភាពជោគជ័យ​នៅក្នុង​ប្រតិបត្តិ​ការវាយលុក និង​បន្តបន្ទាប់​របស់ខ្លួន»។

សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ៤៤​​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ប្រទេស​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​ពេញ​ទំហឹង​​ពី​ប្រទេសជិតខាង​របស់ខ្លួន​ក្នុង​ខែកុម្ភៈ​ឆ្នាំ២០២២​។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ខិតជិត​ដល់​កាលបរិច្ឆេទ​កំណត់​ថវិកា​សហព័ន្ធ​នៅ​ថ្ងៃទី៣០​ខែកញ្ញា។ សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​បាន​គំរាមថា​នឹង​​​​​​​រុញ​ឱ្យ​មាន​ការ​ចរចា ​ប្រសិនបើ​កិច្ចព្រមព្រៀង​ថវិកា​រួមបញ្ចូល​ជំនួយ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន។

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ លោក Jake Sullivan បាន​និយាយថា «ភាព​រំជើបរំជួល​ជា​មូលដ្ឋាន» ក្នុងចំណោម​សមាជិកសភា ដែល​ប្រទេស​នេះ​ត្រូវការ​រួមគ្នា​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​គឺ​ខ្លាំង​ដូច​កាលពី​ឆ្នាំមុន​នៅក្នុង​ភាគី​ទាំងពីរ។

លោក Sullivan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រថា៖«ប៉ុន្តែ​ជាការ​ពិតណាស់ ខ្ញុំ​ទទួលស្គាល់ថា​មាន​ភាពខុសគ្នា​រវាង​សភា​នេះ និង​សភាចុងក្រោយ ហើយ​យើង​នឹងត្រូវ​តស៊ូ​ជាមួយ​ នៅ​ពេល​​យើង​​ឆ្លងកាត់​ការពិភាក្សា​ដែល​នឹង​បន្ត​នៅ​ថ្ងៃ​ខាងមុខ​អំពី​របៀប​ដើម្បី​ទទួលបាន​ធនធាន​អ៊ុយ​ក្រែ​ន​ដែល​វា​ត្រូវការ៕