ពួកយោធានីហ្សេចងសម្ព័ន្ធមិត្តការពារគ្នាជាមួយមេរដ្ឋប្រហារយោធាដូចគ្នាក្នុងតំបន់
ប្រទេសម៉ាលី បួរគីណាហ្វាសូ និងនីហ្សេដែលទើបគ្រប់គ្រងដោយរបបយោធាក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ២៦ ខែកក្កដា បានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ខណៈប្រទេសនៅតំបន់សាហែលរបស់អាហ្រ្វិកដែលគ្រប់គ្រងដោយរបបយោធាទាំង ៣ មានបំណងជួយគ្នាទៅវិញទៅមកប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានដោយការបះបោរប្រដាប់អាវុធ ឬការឈ្លានពានពីខាងក្រៅ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កតិកាសញ្ញា ដែលគេឱ្យឈ្មោះថា «សម្ព័ន្ធភាពនៃរដ្ឋនៅតំបន់សាហែល» ត្រូវបានសម្រេចឡើងកាលពីថ្ងៃសៅរ៍ ដោយចងភាគីហត្ថលេខីឱ្យជួយគ្នាទៅវិញទៅមក រួមទាំងផ្នែកយោធា ក្នុងករណីបើមានការវាយប្រហារណាមួយកើតឡើងក្នុងចំណោមប្រទេសទាំង ៣។
កតិកាសញ្ញានោះចែងថា៖ «ការវាយប្រហារណាមួយលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ភាគីជាប់កិច្ចព្រមព្រៀង ១ ឬលើសពី ១ នឹងត្រូវបានចាត់ទុកថាជាការឈ្លានពានប្រឆាំងនឹងភាគីផ្សេងទៀត»។ វាក៏ចងប្រទេសទាំង ៣ ឱ្យធ្វើការទប់ស្កាត់ ឬដោះស្រាយការបះបោរប្រដាប់អាវុធផងដែរ។
មេដឹកនាំយោធាម៉ាលី លោក Assimi Goita បាននិយាយនៅលើបណ្ដាញសង្គម X (អតីតធ្វីតធើរ) របស់លោកថា៖ «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាជាមួយប្រមុខរដ្ឋបួរគីណាហ្វាសូ និងនីហ្សេ លើកតិកាសញ្ញា Liptako-Gourma ដែលបង្កើតសម្ព័ន្ធភាពនៃរដ្ឋនៅតំបន់សាហែល ក្នុងបំណងបង្កើតក្របខ័ណ្ឌការពាររួម និងជួយគ្នាទៅវិញទៅមក»។
Liptako-Gourma សំដៅលើតំបន់ព្រំដែនរួមរវាងម៉ាលី បួរគីណាហ្វាសូ និងនីហ្សេ ដែលរងការបំផ្លិចបំផ្លាញដោយការបះបោរប្រដាប់អាវុធក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំណែកឯ លោក Abdoulaye Diop រដ្ឋមន្ត្រីការពារជាតិម៉ាលីវិញ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bamako រដ្ឋធានីនៃប្រទេសម៉ាលីថា៖«សម្ព័ន្ធភាពនេះ នឹងក្លាយជាការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងយោធា និងសេដ្ឋកិច្ចប្រទេសទាំង ៣»។
ការបះបោរប្រដាប់អាវុធដែលបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលីក្នុងឆ្នាំ ២០១២ បានរាលដាលដល់ប្រទេសនីហ្សេ និងបួរគីណាហ្វាសូក្នុងឆ្នាំ ២០១៥។
រដ្ឋទាំង ៣ គឺជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពនៃក្រុមប្រទេសសាហែលទាំង ៥ (G5 Sahel) ដែលគាំទ្រដោយបារាំងជាមួយប្រទេសឆាដ និងម៉ូរីតានី ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ដើម្បីដោះស្រាយក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាមអាយស៊ីស។
ECOWAS ដែលជាសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិចបានគំរាមធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសនីហ្សេក្រោយរដ្ឋប្រហារកើតឡើងភ្លាមៗ ប៉ុន្តែប្លុកនេះបានបន្ទន់វោហារស័ព្ទសង្គ្រាមរបស់ខ្លួនវិញ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕