លោក ជុងអ៊ុន អាចធ្វើទំនើបកម្មសព្វាវុធ ក្រោយទស្សនកិច្ចរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងស្រុកបានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបង្ហាញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នូវប្រភេទមីស៊ីលលឿនជាងសំឡេង Kinzhal ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពដឹកគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងទស្សនកិច្ចចុងក្រោយបង្អស់របស់លោក ជុងអ៊ុន ទៅកាន់រោងចក្រអវកាសយោធា និងបច្ចេកវិទ្យាផ្សេងទៀតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។
អភិបាលនៃតំបន់ចុងបូព៌ា Primorsky របស់រុស្ស៊ី លោក Oleg Kozhemyako បានប្រកាសពីទស្សនកិច្ចរបស់លោក ជុងអ៊ុន នៅទីក្រុង Artyom ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងវ្ល៉ាដីវ៉ូស្តុកនៅថ្ងៃសៅរ៍។
ក្រោយទៅដល់ក្រុង Artyom លោក ជុងអ៊ុន បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានវ្ល៉ាដីវ៉ូស្តុក ដែលស្ថិតនៅភាគខាងជើងក្រុង ហើយបានពិនិត្យមើលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងយន្តហោះចម្បាំងផ្សេងទៀត តាមការបង្ហាញរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេយ ស៊ូហ្គូ (Sergei Shoigu) និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax លោក ជុងអ៊ុន បានទៅមើលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ៣ ម៉ូដែល រួមមាន Tu-160 Tu-95 និង Tu-22M3 ដែលរុស្ស៊ីប្រើជាប្រចាំដើម្បីបាញ់មីស៊ីលក្នុងសង្គ្រាមដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន។
តាមការរាយការណ៍បន្តរបស់បណ្ដាញព័ត៌មាន Al Jazeera លោក ស៊ូហ្គូ ក៏បានបង្ហាញលោក ជុងអ៊ុន អំពីមីស៊ីលចុងក្រោយបង្អស់របស់រុស្ស៊ី គឺ Kinzhal ដែលជាមីស៊ីលផ្លោងបាញ់តាមអាកាស មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាបាន និងអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូត ១០ ដងក្នុងល្បឿន ១២ ពាន់គីឡូម៉ែត្រ/ម៉ោង។
ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីចុងក្រោយនេះ លោក ជុងអ៊ុន បានជួបដោយផ្ទាល់ជាមួយសមភាគីលោក វ្ល៉ាឌីមៀរ ពូទីន។ អ្នកជំនាញ បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពលរវាងរុស្ស៊ី និងកូរ៉េខាងជើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ជុងអ៊ុន អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសហួសសម័យរបស់កូរ៉េខាងជើង ដែលពឹងផ្អែកលើយន្តហោះចម្បាំងដែលបញ្ជូនពីសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕