រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​រយៈពេល​ ៤ ​​ថ្ងៃ ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី ដែល​គេ​ជឿថា ប្រមុខ​ការទូត​នៃ​ប្រទេស​មហា​អំណាច​ទាំង​ ២ ​នឹង​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ កិច្ចការ​សន្តិសុខ និង​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ប្រមុខ​ដឹកនាំ​ប្រទេស​របស់​ពួកគេ​ជួបគ្នា​នៅក្នុង​ខែតុលា​។

​លោក វ៉ាង យី ដែលជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន និង​ជា​ការិយាល័យ​កិច្ចការបរទេស​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុងកាន់​អំណាច​នឹង​ជួប​ជាមួយ​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Nikolai Patrushev សម្រាប់​កិច្ចពិភាក្សា​លើ​របៀប​សន្តិសុខ​ប្រចាំឆ្នាំ ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ (Sergei Lavrov)​។ នេះ​បើ​យោង​សេចក្តីថ្លែងការណ៍រ​បស់​ក្រសួង​ការ​បរទេស​ចិន​។

​កាលពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយថា ការពិភាក្សា​របស់​អ្នកការ​ទូត​ជើងចាស់​ជាមួយ​សម​ភាគី​លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ នឹង​គ្រប​ដណ្តប់​លើ «​បញ្ហា​ជាច្រើន​» រួមទាំង «​ទំនាក់ទំនង​នៅ​កម្រិត​ខ្ពស់ និង​កម្រិត​ខ្ពស់បំផុត​»​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។


​តាម​សេចក្តីរាយការណ៍​នោះ ប្រមុខ​ការទូត​ចិន​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តោតលើ​មូលដ្ឋាន​សំខាន់ៗ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ទៅកាន់​រដ្ឋធានី​ប៉េកាំង​របស់​ប្រទេស​ចិន​សម្រាប់​ការចូលរួម​វេទិកា​ខ្សែ​​ក្រវាត់ និង​ផ្លូវ​លើក​ទី​ ៣ បន្ទាប់​ពី​ការអញ្ជើញ​របស់​ប្រធានាធិបតី ស៊ី ជីន​ភីង (Xi Jinping) ក្នុងអំឡុងពេល​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​ដឹកនាំ​ចិន​ទៅកាន់​ទីក្រុង​ម៉ូស្គូ​កាលពី​ខែមីនា​។​

​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ​ត្រូវបាន​គេ​ដឹងថា បាន​ចូលរួម​វេទិកា​ «​ខ្សែក្រវាត់ និង​ផ្លូវ​» ​ចំនួន​ ២ ​លើកដំបូង​រួចមកហើយ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​ឆ្នាំ​ ២០១៧ និង ២០១៩ ហើយក៏​ត្រូវ​ផ្អាក​នៅ​ឆ្នាំក្រោយៗ​មក ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល​កូ​វីដ​ ១៩ និង​ការ​ញាំញី​ដោយសារ​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។​


​រហូតមកដល់​ពេលនេះ យ៉ាង​ហោចណាស់​ប្រទេស​ចំនួន ​៩០​ ត្រូវបាន​បញ្ជាក់​អះអាងថា នឹងចូលរួម​វេទិកា​«​ខ្សែក្រវាត់ និង​ផ្លូវ​» ដែលជា​ការ​រំឭក​ខួប​ ១០​ ឆ្នាំ​ នៃ​ការដាក់ចេញ​គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​នេះ​បន្ទាប់ពី​ការចូល​កាន់អំណាច​រប​ស់​ប្រធានាធិបតី ស៊ី ជីន​ភីង​។

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា លោក ពូ​ទីន បាន​បញ្ជាក់ថា ខ្លួន​នឹង​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ប្រទេស​​ចិន​ក្នុង​ខែតុលា​ខាងមុខនេះ​។​

​លោកពូ​ទីន​ត្រូវបាន​គេ​ដឹងថា​បាន​ផ្អាក​ការធ្វើដំណើរ​ទៅកាន់​បរទេស​ចាប់តាំងពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​របស់លោក​នៅក្នុង​ខែមីនា ឆ្នាំនេះ​ពីបទ​និរទេស​កុមារ​រាប់រយ​នាក់​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន​។​

​នៅ​ថ្ងៃទី​ ១ ខែកញ្ញា លោក ពូ​ទីន បាន​និយាយថា លោក​រំពឹងថា នឹង​ជួប​លោក ស៊ី ក្នុងពេល​ឆាប់ៗ​នេះ​។ មហាអំណាច​ចិន​នៅតែ​ជា​មិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី​ដោយ​រក្សា​ភាព​ល្អូកល្អិន និង​បន្តសកម្មភាព​ពាណិជ្ជក​ម្ម​ជាមួយ​រុស្ស៊ី​ដែល​រង​ការដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​បស្ចិមប្រទេស ក្រោយ​លោក​សម្រេច​លើកទ័ព​ចូល​ឈ្លា​ន​ពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២២​។​

​គេ​នៅ​ចាំបាន​ថា ដីកាចាប់ខ្លួន​លោកពូ​ទីន​របស់ ICC ដែល​ចេញ​ប៉ុន្មាន​ថ្ងៃមុន​ដំណើរ​ទស្សន​​កិច្ច​របស់លោក​ស៊ី​ទៅកាន់​រុស្ស៊ី កាតព្វកិច្ច​របស់​តុលាការ​ជា​សមាជិក​ទាំង​ ១២៣ ក្នុងការ​ចាប់ខ្លួន​លោក ពូ​ទីន និង​ផ្ទេរ​លោក​ទៅ​ទី​ក្រុងឡាអេ ដើម្បី​កាត់ទោស ប្រសិនបើ​លោក​ចូលក្នុង​ទឹកដី​របស់​ពួកគេ​។​

​ទោះជា​យ៉ាងណា ប្រទេស​ចិន​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​នាំទៅដល់​ការ​បង្កើត​ ICC ​ក្នុង​ឆ្នាំ ២០០២​ ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ឃើញ​ការផ្លាស់ប្តូរ​ទស្សនៈ​លម្អិត​លើ​បញ្ហា​នានា រួមទាំង​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​ប្រទេស​ចិន​នៅមុន​ខួប​ ១ ​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ធ្លាប់​បានស្នើ​ដំណោះស្រាយ​សន្តិភាព​៕