​ការិយាល័យ​អាកាសធាតុ​នៃ​ប្រទេស​អូស្ត្រាលី​ បានឱ្យដឹងថា​ នា​ដើម​និ​ទាឃ​រដូវ​ស្ទើរ​ទាំង​ស្រុង​នៃ​ភាគ​អាគ្នេយ៍​រួមទាំង​ទីក្រុង​ស៊ីដនី នឹង​ប្រឈម​រលក​កម្តៅ​កាន់តែខ្លាំង​ដោយ​គេ​រំពឹងថា សីតុណ្ហភាព​នឹង​កើនឡើង​ ១៦​​ អង្សា​សេ​ បន្ថែម​ពីលើ​សី​តុ​ណ្ហ​ភាពជា​មធ្យម​នៃ​ខែកញ្ញា​។​


​ប្រទេស​អូស្ត្រាលី​ កំពុង​រង​ប៉ះ​​ពាល់​នៃ​រលក​កម្តៅ​ដែល​កំពុង​កើនឡើង​នៅក្នុង​មួយ​ភាគ​ធំ​របស់​ប្រទេស​ដោយ​វា​បាន​ចាប់​ផ្តើម​តាំងពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មី​នេះ ហើយ​វា​ទំនងជា​បន្ត​រហូតដល់​ថ្ងៃ​ពុធ​នៅ​ទូទាំង​រដ្ឋ South Australia រដ្ឋ​ Victoria និង​រដ្ឋ​ New South Wales​។​

​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​បានឱ្យដឹង​បន្ថែមថា ខ្លួន​រំពឹងថា​កំណត់ត្រា​អាកាសធាតុ​ដើម​និ​​ទាឃ​រដូវ​ចាស់ ទំនងជា​ត្រូវបាន​បំបែក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ និង​បាន​ហៅ​វា​ថា ជា​ខែ​​កញ្ញា​មិនធម្មតា​។​


​ជាមួយគ្នានេះ​កាលពី​ថ្ងៃអាទិត្យរ​លកក​ម្តៅ​នេះ​បានធ្វើឱ្យ​អត្ត​ព​លិ​ក​រត់ប្រណាំង​នៅក្នុង​កម្មវិធី​ម៉ា​រ៉ា​តុង​នាទី​ក្រុង​ស៊ីដនី​ចំនួន​ ២៦ ​នាក់ ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​​ពេទ្យ​ភ្លាមៗ និង​ចំនួន​ប្រមាណ ​៤០​ នាក់​ផ្សេងទៀត ​ត្រូវបាន​ព្យាបាល​សង្គ្រោះ​បឋម​ក្រោម​មូលហេតុ​អស់កម្លាំង​ខ្លាំងពេក​ដែល​បង្ក​មកពី​រលក​កម្តៅ​។​


​ការ​ព្យាករ​របស់​ការិយាល័យ​អាកាសធាតុ​បានបង្ហាញ​ថា​ សីតុណ្ហភាព​នៅ​ភាគ​ខាងលិច​ទីក្រុង​ស៊ីដនី នឹង​អាច​ឡើងដល់​ ៣៦​ អង្សា​សេ (៩៦,៨ ​ហ្វា​រិ​ន​ហៃ (៩៦,៨ F)​ នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​វា​នឹង​អាច​ធ្លាក់ចុះ​ដល់​ប្រហែល ​២២ ​អង្សា​សេ (71 F) វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​


​លើសពីនេះទៅទៀត​រលក​កម្តៅ​ក៏បាន​បង្កើន​ហានិភ័យ​នៃ​អគ្គិភ័យ​នៅក្នុង​តំបន់​ជាច្រើន​ដែល​ងាយ​រងគ្រោះ​ដែល​បង្ក​មកពី​អគ្គិភ័យ ខណៈ​អាជ្ញាធរ​អូស្ត្រាលី​ក៏បាន​ជំ​រុញឱ្យ​ពលរដ្ឋ​តាម​តំបន់​ត្រៀមខ្លួន​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​៕