ប្រធាន​សមាគម​រោង​ម៉ាស៊ីន​​កិនស្រូវ​​​ថៃ​ (TFMA)បាន​​​លើក​ឡើង​នៅថ្ងៃច​ន្ទ​ថា​ ប្រទេស​ថៃ ​ត្រូវ​តែ​ហាម​ឃាត់​ការ​ដុត​កម្ទេច​ចោល​នូវ​ជញ្រ្ជាំង​​ដោយប្រជា​កសិករ​ ដើម្បី​បង្កើន​គុណ​ភាព​ខ្យល់ ​បន្ទាប់​ពី​ការ​បំពុល​បរិយាកាស​ដ៏​គ្រោះ​ថ្នាក់​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​ការ​​ព្យាបាល​សុខភាព​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP។


លោក​ Pornsil Patcharintanakul ​ប្រធាន​សមាគម​រោងម៉ាស៊ី​ន​​​កិនស្រូវ​​​​ដែល​ប្រតិបត្តិការ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម​ បាន​និយាយ​ថា​៖«​រដ្ឋាភិបាល​គួរ​តែ​ហាម​ឃាត់​ការ​ដុត​​ដំណាំ​​ ដែល​ជា​វិធី​សាស្រ្ត​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​កសិករ​នៅ​ក្នុង​ប្រទេស​ថៃ»​​។

ព្រះរាជាណាចក្រថៃ​បាន​ទទួល​រង​នូវ​​ខូច​​គុណ​ភាព​ខ្យល់​​ដ៏​អាក្រក់​កាល​ពី​ដើម​ឆ្នាំ​នេះ ​ដោយ​កាល​ពី​ខែ​មេសា​ មាន​ថ្ងៃ​ខ្លះ​ ​​ទីក្រុង​បាង​កក​ និង​ទីក្រុង​​​ឈៀងម៉ៃ​​នៅ​​ភាគ​ខាង​ជើង​ប្រទេស​ បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ការ​បំពុល​ខ្លាំង​បំផុត​នៅ​លើ​ពិភព​លោក​។ ​


អាជ្ញាធរ​បាន​ជំរុញឱ្យ​ប្រជាជន​​​ស្នាក់​នៅ​ក្នុង​ផ្ទះ​ និង​ធ្វើ​ការ​ពី​ផ្ទះ​ទៅ​​ពេល​​​កំហាប់​​ភាគ​ល្អិត​ ​PM2.5​ ដែល​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​មនុស្ស​ បាន​ឈាន​ដល់​កម្រិត​​គ្មាន​​សុវត្ថិភាព​​សម្រាប់​សុខភាព​សាធារណៈ​។


​អាជ្ញាធរ​ថៃ​និយាយ​ថា​ កត្តា​ដ៏​ធំ​ដែល​ជំរុញ​ការ​កើន​ឡើង​នៃ​កំហាប់​ភាគល្អិត​ដ៏​គ្រោះ​ថ្នាក់​នេះ​ ​គឺ​ការ​ដុត​ជញ្រ្ជាំង​របស់​ប្រជា​កសិករ​ ​​​ដើម្បី​រៀប​ចំ​ដី​សម្រាប់​ដាំ​ដំណាំ​បន្ទាប់​ ដោយ​​រដូវ​ដុត​​​កើត​មាន​ច្រើន​ជាង​គេ​​នៅ​ចន្លោះ​ខែ​ធ្នូ​ និង​ខែ​មេសា​។​


ដោយ​សារ​តែ​បញ្ហា​នេះ​ លោក​ Pornsil ​​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​របស់​​លោក​នាយករដ្ឋ​មន្រ្តី​ ស្រេតថា ថាវីស៊ីន​​ ចា​ត់​​វិធានការ​​ឱ្យបាន​​ឆាប់​ ព្រោះ​​បញ្ហា​​នេះ​​មាន​​ភាព​​បន្ទាន់​ ក្រោម​​ហេតុផល​​ថា​ ប្រជាជន​​​ថៃ​ជាង​​២​​លាន​​នាក់​ ​បាន​​ស្វែង​​រក​​ការ​​ព្យាបាល​សុខភាព​​​ក្នុង​​ឆ្នាំ​​នេះ​ ​ដោយ​​សារ​​​តែ​​បញ្ហា​​ទាក់​​ទង​​នឹង​​ការ​​បំពុល​​បរិយាកាស​។​

លោក​ Pornsil​​ និយាយ​​ថា​ ប្រទេស​ថៃ​គួរ​តែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​កសិកម្ម​អន្តរជាតិ​ ដែល​ហាម​មិន​​ឱ្យ​ដុត​ជញ្រ្ជាំង​​​កម្ទេច​​ចោល​​​។ លោកបន្ត​​​​​ថា​ ​រយៈ​ពេល​​​៣​​ឆ្នាំ​​​គឺ​ជា​​ពេ​ល​វេលា​​ជាក់​ស្តែង​​ដែល​​ត្រូវ​​ហាម​ឃាត់​​ការ​​អនុវត្ត​វិធី​សាស្រ្ត​កសិកម្ម​បែប​នេះ​​។

ការ​​​​អំពាវ​នាវ​របស់​លោក​ Pornsil ធ្វើ​ឡើង​​​ខណៈ​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​អនុវត្ត​«​យន្តការ​កែ​តម្រូវ​ព្រំដែន​កាបូន​»​ (CBAM) ​របស់​ខ្លួន​ ដោយ​គិត​ថ្លៃ​សម្រាប់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ទាក់​ទង​នឹង​ការ​ផលិត​ទំនិញ​នាំ​ចូល​។​

​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ស្រេថា​ បាន​និយាយ​ថា​ ការ​ទប់​ទល់​នឹង​PM2.5 ​គឺ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​របស់​ខ្លួន​​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​ខ្លួន​គ្រោង​នឹង​ធ្វើ​នោះ​ទេ៕