​អាជ្ញាធរ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​​​បានឱ្យដឹងថា ​វ៉ាក់សាំង​ដំបូង​របស់ Pfizer សម្រាប់​វី​រ៉ុ​ស​កូ​វីដ​១៩XBB.1.5 ដែលជា​ប្រភេទ​មួយ​នៃ​វីរុស​អូ​មី​ក្រុង ទើបបាន​មកដល់​អាកាសយានដ្ឋាន Incheon។

ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ (KDCA) បាន​និយាយថា​វ៉ាក់សាំង Pfizer ចុងក្រោយបង្អស់​ចំនួន៤.០៤លាន​ដូ​សបាន​មកដល់​នៅពេល​រសៀល​​នេះ​ គឺជា​វ៉ាក់សាំង​បង្គ្រប់​ចំនួន​សរុប១៥លាន​ដូ​ស​ដែល​បាន​កំណត់ទុក​សម្រាប់​ក​ម្ម​វិធី​ចាក់​វ៉ាក់សាំង​រដូវរងា​ក្នុងឆ្នាំនេះ។

បើតាម​មន្ត្រី​ម្នាក់​មកពី KDCA បាន​និយាយថា៖«ការ​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​បាន​ទទួលយក​វ៉ាក់សាំង​កូ​វីដ១៩ដែល​ត្រូវបានធ្វើ​បច្ចុប្បន្ន​ភាព​នេះ​នឹងមាន​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​និង​ប្រឆាំងនឹង​វីរុសបំប្លែង​ថ្មី​ភាគ​ច្រើន​ដោយ​ហេតុថា​វ៉ាក់សាំង​ថ្មី​នេះ​បានរួម​បញ្ចូល​ធាតុ​ផ្សំ​ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​វី​រ៉ុ​ស​ត្រកូល XBB»។


លោក​បន្តថា​បន្ទាប់ពី​ការទទួល​វ៉ាក់សាំង​ថ្មី​នេះ​អង់​ទីករ​របស់​ពួកគេ​នឹង​កើនឡើង​ខ្ពស់ជាង​មុន១០ដង​បើ​ប្រៀបធៀប​ទៅនឹង​មុនពេល​ចាក់​វ៉ាក់សាំង​និង​វី​រុស XBB 1.5។

KDCA និង​ក្រសួង​សុវត្ថិភាព​ចំណី​អាហារ​និង​ឱសថ​បានផ្តល់​ការ​អនុញ្ញាត​ពិសេស​សម្រាប់​ការ​ផលិត​និង​លក់​វ៉ាក់សាំង​ដើម្បី​ណែនាំ​និង​ចែកចាយ​ឱ្យបាន​យ៉ាង​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន។


KDCA បាន​និយាយ​ទៀត​ថា​វ៉ាក់សាំង​ចំនួន​៦​លាន​ដូ​ស​ទៀត​គ្រោង​នឹង​មកដល់​ផងដែរ​ប៉ុន្តែ​ទីភ្នាក់ងារ​ដដែល​មិនបាន​ផ្តល់​កាល​បរិច្ឆេទ​ជាក់​លាក់​នោះ​ទេ។

KDCA បាន​និយាយ​ទៀត​ថា​ខ្លួន​គ្រោង​នឹង​ចាប់ផ្តើម​គ្រប់គ្រង​វ៉ាក់សាំង​នៅ​ខែ​ក្រោយ​ហើយ​កាល​បរិច្ឆេទ​ជាក់លាក់​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​មុន​រដូវរងា​នៅ​ឆ្នាំនេះ​នឹងត្រូវ​បាន​ប្រកាស​នៅពេល​ណាមួយ​នៅ​សប្តាហ៍​ក្រោយ។

ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​ដដែល​នេះ​បាន​បញ្ជាក់​បន្ថែម​ដោយ​ផ្តល់​អនុសាសន៍​ដល់​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូចជា​មនុស្ស​ចាស់​ជាដើម​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស៕