មន្ត្រីជាន់ខ្ពស់​ថៃ​មួយរូប​ បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពី​លោក​ទទួលបាន​ការលើក​លែង​ទោស​ពី​ការដាក់​ពន្ធនាគារ​រយៈ​ពេល​ ៨ ឆ្នាំ មក​នៅត្រឹម​មួយឆ្នាំ ក្រោយពី​ការវិលត្រឡប់​ចូល​ប្រទេស​ថៃ​ពី​ការ​និរទេស​ខ្លួន​ជាង​ ១៥ ឆ្នាំ​។

អ្នកនយោបាយ​ដ៏​ល្បី​បំផុត​របស់​ប្រទេស​ថៃ​រូបនេះ បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​កាលពី​ខែ​មុន ពោលគឺ ១៥ ឆ្នាំ​បន្ទាប់ពី​លោក​បាន​និរទេស​ខ្លួន​ដោយសារតែ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០០៦។

អំឡុង​ពេលដែល​លោក​នៅក្រៅ​ប្រទេស លោក​ថាក់ស៊ីន ត្រូវបាន​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព និង​បាន​កាត់ទោស​កំបាំងមុខ​ក្នុង​សំណុំរឿង​ចំនួន ៣ ករណី ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​អំណាច ជម្លោះ​ផលប្រយោជន៍ និង​ការប្រព្រឹត្ត​ខុស​ផ្សេងទៀត។


ការវិលត្រឡប់​របស់​លោក ថាក់ស៊ីន ចូលទៅ​កាន់​ប្រទេស​ថៃ បាន​កើតឡើង​ស្របពេល​ជាមួយនឹង​ការបោះឆ្នោត​សភា ជ្រើសរើស​លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin)ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ។ ការបោះឆ្នោត​សភា​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ បន្ទាប់ពី​បាន​ជាប់គាំង​​ជាង​៣ច្រើន​ខែ ក្រោយពី​ការបោះឆ្នោត​សកល​កាលពី​ខែឧសភា ដែល​កាលនោះ គណបក្សកាន់អំណាច​បា​ន​ចាញ់ឆ្នោត។

ចាប់តាំងពី​ឆ្នាំ២០០១ រហូតដល់​ការបោះឆ្នោត​នៅ​ឆ្នាំនេះ គណបក្ស​ដែលមាន​សម្ព័ន្ធភាព​ល្អជា​មួយ​លោក ថាក់ស៊ីន​ បានឈ្នះ​រាល់​ការបោះឆ្នោត​ទាំងអស់។ ជាក់ស្ដែង គណបក្ស​ភឿ​ថៃ​ដែលជា​គណបក្ស​គាំទ្រ​ដោយ​គ្រួសារ​របស់លោក ថាក់ស៊ីន បាន​ជាប់​ចំណាត់ថ្នាក់​ទី២ បន្ទាប់ពី​គណបក្ស​ឈានទៅ​មុខ (Move Forward Party)។


មហាសេដ្ឋី​ផ្នែក​ទូរគមនាគមន៍​លោក ថាក់ស៊ីន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ប្រកាន់ខ្ជាប់​គោលនយោបាយ​ប្រជា​និយម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ក្រីក្រ​នៅក្នុង​ប្រទេស​ថៃ​នោះ ធ្លាប់បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នកមាន​ស្តុកស្តម្ភ​របស់​ប្រទេស​ថៃ និង​ក្រុម​យោធា​ដែល​ស្មោះត្រង់​នឹង​រាជានិយម។ ដូច្នេះហើយ​ទើប​បង្កឱ្យមាន​រដ្ឋប្រហា​រ​យោធា​ទម្លាក់​លោក​ពី​ដំណែង និង​ធ្លាប់បាន​ទម្លាក់​រដ្ឋាភិបាល​ប្អូនស្រី​របស់លោក​កាលពី​ឆ្នាំ២០១៤ ទៀតផង។

មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ដែល​បាន​លើកឡើងថា លោក ថាក់ស៊ីន បាន​មាន​កិច្ចព្រមព្រៀងសម្ងាត់​មួយចំនួន​ជាមួយ​គណបក្ស​គូប្រជែង​របស់លោក​ពោលគឺ​បន្ទាប់ពី​គណបក្ស​គាំទ្រ​យោធា បាន​យល់ព្រម​បោះឆ្នោត​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿ​ថៃ លោក ស្រេ​ត​ថា ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

យ៉ាងណាក៏ដោយ លោក ថាក់ស៊ីន និង​លោក ស្រេ​ត​ថា បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ។

នៅ​យប់​ដំបូង​ដែល​លោក ថាក់ស៊ីន​ត្រលប់​ចូលដល់​ប្រទេស​ថៃ លោក​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ប៉ូលីស ដោយសារតែ​លោក​មាន​អា​ការៈឈឺ​ទ្រូង និង​លើសឈាម ដែល​បច្ចុប្បន្ន​ក៏​លោក​កំពុង​ត្រូវបាន​គ្រូពេទ្យ​តាមដាន​សុខភាព និង​ព្យាបាល​ផងដែរ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះមហាក្សត្រ មហា វី​ជី​រ៉ា​ឡុងកន (Maha Vajiralongkorn) ទ្រង់​បាន​បន្ធូរ​បន្ថយទោស​លោ​ក ថាក់ស៊ីន ពី ៨ឆ្នាំ មក​នៅត្រឹម ១ឆ្នាំ ប៉ុន្តែ​លោក​អាច​នឹង​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំឆាប់ៗខាងមុខនេះ។

អគ្គនាយករង​នៃ​នាយកដ្ឋាន​​កែប្រែ លោក ស៊ី​ធី ស៊ូ​ធិ​វង្ស (Sitthi Sutivong) បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា៖​«បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល ៦ខែ លោក ថាក់ស៊ីន នឹងមាន​សិទ្ធិ​ទទួលបាន​ការដោះលែង អនុលោម​ទៅតាម​ច្បាប់​ស្ដីពី​ការ​សម្រាលទោស​សម្រាប់​អ្នកទោស​ដែលមាន​អាយុ​លើសពី ៧០ឆ្នាំ ឬ​អ្នក​ដែលមាន​ជម្ងឺ»។

លោក​បាន​ពន្យល់​បន្ថែម​ថា នាយកដ្ឋាន​របស់លោក​បាន​វាយតម្លៃ​ទៅលើ​ករណីនីមួយៗ ដោយ​មិនមាន​ដំណើរ​ការដាក់​ញត្តិ​បន្ថែម​នោះទេ។ រយៈពេល​នៃ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​កំណត់ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ៕