អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បានលើកឡើង​នៅ​ថ្ងៃ​អង្គារ​ ទី ១៩ ខែកញ្ញា​ថា អង់គ្លេស​នឹង​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា បើទោះបីជា​មានការ​ចោទប្រកាន់​ពី​ប្រទេស​កាណាដា​ថា រដ្ឋាភិបាល​ឥណ្ឌា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​មេដឹកនាំ​ផ្តាច់ខ្លួន​នៃ​និកាយ​សាសនា​​ស៊ី​ខ (Sikhism) នៅលើ​ទឹកដី​របស់​កាណាដា​ក៏ដោយ។

អ្នកនាំពាក្យ​ខាងលើ​បាន​បន្តថា អង់គ្លេស​ បាន​នឹង​កំពុង​ដោះស្រាយ​ជាមួយ​កាណាដា​ពី​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ប៉ុន្តែ​បញ្ហា​នេះ ​នឹង​មិនមាន​ផលប៉ះពាល់​ដល់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា​នោះទេ។

លោក ស៊ូ​ណាក់​ សង្ឃឹមថានឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ឥណ្ឌា ដើម្បីឱ្យ​អង់គ្លេស​ក្លាយខ្លួនជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ឯករាជ្យ​មួយ បន្ទាប់ពី​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប។


ភាគី​ទាំងពីរ​បានលើកឡើង​អំពី​វឌ្ឍនភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ បន្ទាប់ពី​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ចាប់ផ្តើម​កិច្ចពិភាក្សា ក៏ដូចជា​ការ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់ទៅ​នៅមុន​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំក្រោយ។អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «ការចរចា​ពាណិជ្ជកម្ម​នឹង​នៅតែ​បន្ត​ដូច​មុន​ធម្មតា»។

អ្នកនាំពាក្យ​រូបនេះ ​បាន​បញ្ជាក់ថា៖«នៅពេលដែល​យើង​មានការ​ព្រួយបារម្ភ​ជាមួយ​ប្រទេស ​ដែល​យើង​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ យើង​នឹង​លើក​ឡើងទៅ​ជជែក​គ្នា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល ​ដែល​ពាក់ព័ន្ធ។ ប៉ុន្តែ​ទាក់ទង​នឹង​ការចរចា​បច្ចុប្បន្ន​ជាមួយ​ប្រទេស​ឥណ្ឌា​នេះ​គឺជា​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​យើង​មិនអាច​យក​បញ្ហា​ផ្សេង​មក​ច្រឡូកច្រឡំ​គ្នា​នោះទេ»។


កាលពី​ថ្ងៃ​ចន្ទ ប្រទេស​កាណាដា​ បានឱ្យដឹងថា ខ្លួន​កំពុង​បន្ត​តាមដាន​បញ្ហា​ការចោទប្រកាន់​ដ៏​សំខាន់​នេះ​ ដោយសារតែ​វា​មាន​ជាប់​ពាក់ព័ន្ធ​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ ទៅនឹង​ឃាតកម្ម​របស់ លោក ហា​ឌី​ប ស៊ី​ង​នី​ចា (Hardeep Singh Nijjar) នៅ​ទីក្រុង​ប្រ៊ី​ធី​ស កូ​ឡុ​ម​ប៊ែ​រ (British Columbia) កាលពី​ខែមិថុនា។

យ៉ាងណាក៏ដោយ ប្រទេស​ឥណ្ឌា​បាន​ហៅ​ការចោទប្រកាន់​នេះ​ថា៖ «គួរឱ្យ​អស់សំណើច និង​មាន​ភាពលម្អៀង» ហើយ​បាន​ស្នើថា ប្រទេស​កាណាដា​គួរតែ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ក្រុម​ដែល​ប្រឆាំងនឹង​ប្រទេស​ឥណ្ឌា​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​របស់ខ្លួន​ជំនួស​វិញ។

គួរ​ដឹង​ដែរ​ថា ឃាតកម្ម និង​ការបណ្ដេញចេញ​ខាង​ការទូត​ទៅវិញទៅមក បានធ្វើឱ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ ក្រុម​អ្នក​កាន់សាសនា​ស៊ី​ក​នេះ​បានទាមទារ​ឯករាជ្យ​នៅ​តំបន់​មួយ​ដាច់ដោយឡែក​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ត្រូវបាន​អ្នកនយោបាយ​ឥណ្ឌា​ធ្វើការ​ប្រឆាំង​យ៉ាង​ដាច់ខាត។

នៅពេលដែល​មានការ​សាកសួ​រថា​តើ​រដ្ឋាភិបាល​អង់គ្លេស​នឹង​លើកយក​ការចោទប្រកាន់​របស់​កា​ណា​ដា ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​ដែរឬទេ អ្នកនាំពាក្យ​របស់លោក ស៊ូ​ណាក់ បាន​ឆ្លើយតប​ថា លោក​នឹងមិន​លូកដៃ​ចូលទៅក្នុង​ការពិភាក្សា​ឯកជន​នោះទេ។ បន្ថែម​លើ​នេះ​ គេ​ក៏​មិនឃើញ​មានការ​តាមដាន​ត្រួតពិនិត្យ​ឡើងវិញ​ នូវ​មូលហេតុ​នៃ​ការស្លាប់​របស់ លោក អាវ​តា ស៊ី​ង ខាន់​ដា (Avtar Singh Khanda) ដែល​តែងតែ​បានធ្វើ​យុទ្ធនាការ​គាំទ្រ​ដល់​ចលនា​បំបែក​ខ្លួន​ពី​ប្រទេស​ឥណ្ឌា​ផងដែរ។

លោក ខាន់​ដា បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បឺ​មីង​ហាំ (Birmingham) ប្រទេស​អង់គ្លេស​កាលពី​ខែមិថុនា បន្ទាប់ពី​ឆ្លង​ជំងឺភ្លាម។ ក្រោយពី​ពិនិត្យ​រួច ប៉ូលិស​មូលដ្ឋាន​បាន​សន្និដ្ឋានថា បាន​ស្លាប់​នេះ​មិនមាន​ករណី​គួរឱ្យ​សង្ស័យ​ឡើយ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អង់គ្លេស លោក កេ​មី បា​ដេ​ណូ​ច (Kemi Badenoch) បាន​ប្រាប់​គណៈកម្មាធិការ​សភា​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌា អាច​នឹង​សម្រេចបាន​នៅ​ឆ្នាំនេះ ប៉ុន្តែ​ចំណុច​ចុងក្រោយ​នៃ​ការចរចា​គឺ​តែងតែ​ពិបាក​ទៅរួច​ជាងគេ។

ប្រទេស​កាណាដា និង​អង់គ្លេស​គឺជា​ជម្រក​នៃ​ជនភៀសខ្លួន​របស់​ក្រុម​សាសនា​ស៊ី​ក​ដ៏​ធំ​បំផុត។ ភាគច្រើន​នៃ​ក្រុម​សាសនា​នេះ​បានធ្វើ​ចំណាកស្រុក​ដើម្បី​ភៀសខ្លួន​ពី​ការទទួល​រង​នូវ​អំពើហិង្សា​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ និង​ឆ្នាំ១៩៨០ នៅក្នុង​រដ្ឋ​ពូន​ចាប(Punjab)របស់​ប្រទេស​ឥណ្ឌា ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់។

គួររំឭកថា ប្រទេស​ឥណ្ឌា​បាន​ត្អូញត្អែរ​ទៅកាន់​រដ្ឋាភិបាល​អង់គ្លេស​កាលពីដើម​ឆ្នាំនេះ បន្ទាប់ពី​ពួក​បំបែក​ខ្លួន​ស៊ី​ក បាន​ដក​ទង់ជាតិ​ឥណ្ឌា​ចេញពី​គណៈកម្មាការ​ជាន់ខ្ពស់រ​បស់​ប្រទេស​ឥណ្ឌា​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​តែម្ដង៕