
ឃាតកម្មលើលោក Nijjar នាំដល់ជម្លោះការទូតរវាងឥណ្ឌា និងកាណាដា។ AFP
ប្រទេសឥណ្ឌាបានបណ្តេញអ្នកការទូតកំពូលម្នាក់របស់កាណាដាកាលពីថ្ងៃអង្គារ ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំង ២ ជុំវិញការចោទប្រកាន់របស់កាណាដា ដែលថា ឥណ្ឌាអាចជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំអ្នកកាន់សាសនាស៊ិខ (Sikh) នៅ ជាយក្រុងវែនឃូវើរកាលពីខែមិថុនា។ តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ឥណ្ឌាដែលហៅការចោទប្រកាន់របស់កាណាដាថាជារឿងមិនសមហេតុផលបាននិយាយថា ការបណ្តេញចេញនេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការជ្រៀតជ្រែករបស់អ្នកការទូតកាណាដាលើបញ្ហាផ្ទៃក្នុងរបស់ឥណ្ឌា និងការចូលរួមរបស់អ្នកការទូតទាំងនោះក្នុងសកម្មភាពប្រឆាំងឥណ្ឌា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងកិច្ចការបរទេស។
ប្រឈមជម្លោះការទូតជាមួយប្រទេសមហាអំណាចនៅអាស៊ីខាងត្បូង នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ហាក់ដូចជាព្យាយាមធ្វើឱ្យការប៉ះទង្គិចគ្នាក្នុងផ្លូវការទូតនេះចុះត្រជាក់ ដោយលោកទ្រូដូប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ការសង្ស័យលើរដ្ឋាភិបាលឥណ្ឌាមិនមែនជាការសម្លឹងរកការបង្កហេតុ ឬដើម្បីធ្វើឱ្យភាពតានតឹងកើនឡើងនោះទេ។
លោកថ្លែងថា៖«យើងគ្រាន់តែដាក់ចេញនូវការពិតដូចអ្វីដែលយើងយល់ពីរឿងទាំងនោះ ហើយយើងចង់ធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីកំណត់អ្វីគ្រប់យ៉ាងឱ្យបានច្បាស់លាស់ និងធានាថា មានដំណើរការត្រឹមត្រូវ។ ឥណ្ឌា និងរដ្ឋាភិបាលឥណ្ឌា ចាំបាច់ត្រូវគិតពីបញ្ហានេះឱ្យបានហ្មត់ចត់បំផុត»។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ទ្រូដូ បាននិយាយថា ឥណ្ឌាអាចមានទំនាក់ទំនងជុំវិញឃាតកម្មលើលោក Hardeep Singh Nijjar ដែលជាមេដឹកនាំក្រុមអ្នកកាន់សាសនាស៊ិខ និងមានសញ្ជាតិកាណាដា កាលពីខែមិថុនា។
រដ្ឋាភិបាលឥណ្ឌាចាត់ទុកមេដឹកនាំសាសនាស៊ិខនោះ ថាជាភេរវករចំពោះការគាំទ្រក្រុមផ្ដាច់ខ្លួនរបស់អ្នកកាន់សាសនាស៊ិខក្នុងប្រទេសឥណ្ឌា។
មកទល់ពេលនេះ កាណាដា ដែលមានប្រជាជនអ្នកកាន់សាសនាស៊ិខជាង ៧៧០ ០០០ នាក់ មិនទាន់បានផ្តល់ភ័ស្តុតាងណាមួយនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌានៅឡើយទេ ប៉ុន្តែប្រសិនបើជាការពិត វានឹងបង្ហាញពីរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ឥណ្ឌាបានចោទប្រកាន់កាណាដា ថាផ្តល់សិទ្ធិសេរីភាពដល់ពួកបំបែកខ្លួនស៊ិខ រួមទាំងលោក Nijjar ផងដែរ។ លោក Nijjar ត្រូវបានបាញ់សម្លាប់ក្នុងរថយន្តដែលចតនៅក្នុងសួនច្បារមុខវិហារ Guru Nanak Sikh Gurdwara កាលពីខែមិថុនា ក្នុងតំបន់ Surrey សង្កាត់ British Columbia ប្រទេសកាណាដា៕