ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យួន សុក យ៉ុ​ល (Yoon Suk Yeol) បាន​និយាយថា សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​រម្ងាប់​បាន​រយៈពេល​ ​៧០​ ឆ្នាំ​ទៅហើយនោះ​អាច​ផ្ទុះ​ឡើងវិញ នៅពេលដែល​រុស្ស៊ី​បង្ហាញ​ការគាំទ្រ​កាន់តែខ្លាំង​លើ​របប​ទីក្រុង​ព្យុងយ៉ាង​ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​ក​ម្រិ​ត​ខ្ពស់បំផុត​ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​សប្តាហ៍​មុននេះ​។

​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែលជា​កិច្ចប្រជុំ​បណ្តា​មេដឹកនាំ​និង​តំណាង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ពុធ លោក យួន បាន​និយាយថា ប្រសិនបើ​រុស្ស៊ី​ជួយ​កូរ៉េខាងជើង​ក្នុងការ​បង្កើន​កម្មវិធី​អាវុធ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ​សម្រាប់​សង្គ្រាម​រប​ស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន នោះ​វា​ស្មើនឹង​ការចូលរួម​បង្កាត់ភ្លើង​សង្គ្រាម​។

​ទន្ទឹមនឹង​ការលើកឡើង​នូវ​លក្ខខណ្ឌ​បែបនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​មិន​ប្រើ​ការទូត​ទន់ភ្លន់​ដូច​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​​អ៊ី​ន (Moon Jaein) ដោយ​លោក​លើកឡើងថា ប្រសិនបើ​រុស្ស៊ី​ចាប់ធ្វើ​សកម្មភាព​ចូល​ជួយ​កូរ៉េខាងជើង​ពិត​មែន​នោះ​ទីក្រុង​សេ​អ៊ូ​ល​និង​សម្ព័ន្ធមិត្ត​ក៏​នឹងមិន​ឈរ​ដោយ​ស្ងៀមស្ងាត់​ឡើយ​។


​ជាមួយនឹង​ការព្រួយបារម្ភ​នេះ​លោក យួន បាន​គូសបញ្ជាក់ថា សេណារីយោ​ខាងលើ​នឹង​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​របស់​កូរ៉េខាងត្បូង​។​

​យ៉ាងណាមិញ​ការអត្ថាធិប្បាយ​របស់លោក យួន សុក យ៉ុ​ល បែបនេះ​ធ្វើឡើង​ខណៈពេលដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ត្រឡប់មក​ទីក្រុង​ព្យុងយ៉ាង​វិញ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ទៅកាន់​ប្រទេស​រុស្ស៊ី ដោយ​ភាគី​ទាំង ​២ ​យល់ព្រម​បង្កើន​នូវ​ចំណង​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ​លើ​វិស័យ​យោធា និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​យោធា​។


​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​កំពុង​បាត់​បង់​សម្ព័ន្ធមិត្ត​ជាច្រើន​នៅលើ​ពិភព​លោក បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​យោធា ដែល​ប្រទេស​លោកខាងលិច​មើលឃើញថា រុស្ស៊ី​កំពុង​ស្នើ​អាវុធ​ពី​ប្រទេស​កូរ៉េខាងជើង​សម្រាប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន រីឯ​កូរ៉េខាងជើង​វិញ​ក៏​ស្នើ​រុស្ស៊ី​នូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​វិស័យ​យោធា​។​

​លោក យួន បាន​និយាយថា កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង មិន​ត្រឹមតែ​ជាការ​គំរាមកំហែង​ដែលមាន​ស្រាប់​សម្រាប់​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​នៅ​ទូទាំង​ពិភពលោក​តែម្ដង​។​

​ក្នុងករណីនេះ​ប្រសិនបើ​កូរ៉េខាងជើង​ទទួលបាន​ព័ត៌មាន និង​បច្ចេកវិទ្យា​ចាំបាច់ ដើម្បី​បង្កើន​សមត្ថភាព​អាវុធ​ប្រល័យ​លោក (World Mass Destruction)​ របស់ខ្លួន​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ដល់​រុស្ស៊ី​ជាមួយនឹង​អាវុធ​ធម្មតា​វា​នឹង​ក្លាយជា​ហេតុផល​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សង្គ្រាម​ឧ​ប​ទ្ធី​ប​កូរ៉េ​ឱ្យ​ឆាបឆេះ​ជាថ្មី ជាពិសេស​ទៅទៀត​នឹង​ធ្វើឱ្យ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នប​ន្ត​អូស​​បន្លាយ​ដោយ​រក​ទីបញ្ចប់​មិនឃើញ​៕