មានការ​វិភាគ​ខ្លះ​លើកឡើងថា​ការផ្ទុះអាវុធ​រយៈពេល​ខ្លី​ដែល​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​ធ្វើ​ឡើងលើ​តំបន់​ផ្តាច់ខ្លួន​ ​«Nagorno-Karabakh»​ ដែលមាន​ប្រជាជន​អា​មេ​នី​ប្រមាណ ​១២​ ម៉ឺន​នាក់​រស់នៅ អ្នក​ដែល​ចាញ់​ធំ​បំផុត​ គឺ​ប្រទេស​រុស្ស៊ី​ ដែលជា​អ្នក​សម្របសម្រួល​ឱ្យមាន​បទ​ឈប់​បាញ់​មួយ​កាលពី​ឆ្នាំ ២០២០ ហើយ​មាន​កងទ័ព​ខ្លួន​ឈរជើង​នៅ​ទីនោះ​រហូត ២ ០០០​ នាក់ ប៉ុន្តែ​ភាគី​ដែល​ឈ្នះ​ធំ​បំផុត​គឺ​ប្រទេស​តួ​ក​គី​ដែល​គាំទ្រ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។

​ប្រតិបត្តិការ​យោធា​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ បណ្តាលឱ្យ​មនុស្ស​ ២៥ ​នាក់​ស្លាប់​និង​របួស​ជិត ​១៤០​ នាក់ ដែល​ហាក់ដូចជា​សង្គ្រាម​ធំ​ទី​២ បន្ទាប់ពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ ដែល​អូសបន្លាយ​រយៈពេល​ ៥៤៥​ ថ្ងៃ​ដល់​ថ្ងៃនេះ បានធ្វើឱ្យ​អន្តរជាតិ​ចាប់អារម្មណ៍​ជាខ្លាំង ហើយក៏​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​ដឹកនាំ​រុស្ស៊ី​នៅ​តំបន់​នោះ​ធ្លាក់ចុះ​។​

​យោងតាម​ការផ្សាយ​រប​ស់ Polittico ប្រទេស​អា​មេ​នី​ដែល​ពឹងផ្អែក​រុស្ស៊ី​សម្រាប់​ការរក្សាសន្តិសុខ​ឱ្យ​ខ្លួន បាន​អំពាវនាវ​ឱ្យ​កង​រក្សា​សន្តិភាព​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​បន្ទាប់ពី​អា​ស៊ែ​បៃ​ហ្ស​ង់​បានចាប់ផ្តើម​ប្រតិបត្តិការ លើ​តំបន់​ផ្តាច់ខ្លួន Nagorno-Karabakh​ ដោយ​ហៅ​ពួកគេ​ថា​ជា​«​ប្រឆាំង​ភេរ​វករ​» ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) បាន​សរសេរ​ជាសម្ងាត់​នៅលើ Telegram​ ដោយ​ចំអក​ឱ្យ​អា​មេ​នី​ដែលជា​ប្រទេស​បង​​ប្អូន​ចង់​ចូល​ណា​អង្គការ​ណា​តូ​។​Polittico បាន​ស្រង់​សម្តី ម៉េ​ដ​វ៉េ​ដេ​វ អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​បន្ថែមថា​៖«​ទាយ​​មើលថា​ជោគវាសនា​កំពុង​រង់ចាំ​គាត់​...»​។​


​ប្រទេស​អា​មេ​នី​ដែល​ស្ថិតនៅ​អាស៊ី​កណ្តាល​និង​ជា​មាត់ច្រក​រវាង​អាស៊ី​-​អឺរ៉ុប​ផង​នោះ បាន​ងាក​ពី​ការទុកចិត្ត​រុស្ស៊ី​ដែលមាន​កងទ័ព​រក្សា​សន្តិភាព ២ ០០០​ នាក់​នៅ​តំបន់​ផ្តាច់​​ខ្លួន​ក្រោយពី​ការផ្ទុះអាវុធ​កើតឡើង​ជា​ញឹក​ញាប់ ហើយ​រុស្ស៊ី​មិន​អើពើ​ចំពោះ​សកម្មភាព​របស់​យោធា​អា​ស៊ែ​បៃ​ហ្ស​ង់​ដែល​គាំទ្រ​ដោយ​ប្រទេស​តួ​ក​គី​និង​អឺរ៉ុប​។

​តាម​សេចក្តីរាយការណ៍​របស់ The Straits Times រុស្ស៊ី​មាន​ទាហាន​ប្រមាណ​ ១២ ០០០​ នាក់ ត្រូវបាន​ដាក់ពង្រាយ​ក្នុង​តំបន់​រដ្ឋ​ដែលជា​អតីត​សហភាពសូវៀត ប៉ុន្តែ​វត្តមាន​របស់​រុស្ស៊ី​បាន​ធ្លាក់​ចុះខ្សោយ​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​។​


​ប្រទេស​បុរាណ​នៃ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ បានទទួល​ឯករាជ្យ​ឡើងវិញ​ជាមួយនឹង​ការដួលរលំ​នៃ​សហភាពសូវៀត​ក្នុង​ឆ្នាំ​ ១៩៩១​ ប៉ុន្តែ​ពួកគេ​នៅតែ​ជាប់គាំង​ក្នុងការ​ប្រឈមមុខ​ដាក់គ្នា​តាំងពី​ពេល​នោះមក​។​

​ការប្រឈមមុខ​ដាក់គ្នា​រហូតដល់​មាន​សង្គ្រាម​បង្ហូរឈាម​រវាង​ប្រទេសជិតខាង​ទាំង ​២​ នេះ​ជា​ញឹកញាប់ កើតមានឡើង ដោយសារ​តំបន់ Nagorno-Karabakh ដែលជា​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ នៅក្នុង​ដែនដី​អា​ស៊ែ​បៃ​ហ្ស​ង់​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ដែលមាន​ជនជាតិ​អា​មេ​នី​ប្រហែល ​១២ ម៉ឺន​នាក់​តាំង​លំនៅ​។​

​ក្នុង​ជម្លោះ​ជាង ​៣០​ ឆ្នាំ​កន្លងមកនេះ ពួក​បំបែក​ខ្លួន​អា​មេ​នី​ដោយមាន​ការគាំទ្រ​យ៉ាង​តឹងរ៉ឹង​របស់​រុស្ស៊ី បាន​បដិសេធ​រាល់​ការសម្របសម្រួល​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​និង​បង្កើន​ការកាន់កាប់​ទឹកដី​នៅ​ Azeri​។​

​តួ​ក​គី​បាន​សម្រេចចិត្ត​ជ្រៀតចូល​ក្នុង​ភាព​ច្របូកច្របល់​របស់​តំបន់​អាស៊ី​កណ្តាល​និង​បាន​ផ្លាស់ប្តូរ​តុល្យភាព​យុទ្ធសាស្ត្រ​។ Azeris គឺ​នៅ​ជិត​ជនជាតិ​តួ​ក​គី​ក្នុង​ភាសា និង​ជាតិ​សាសន៍ ដូច្នេះ​មជ្ឈដ្ឋាន​នយោបាយ​តួ​ក​គី​ទាំងមូល​បាន​គាំទ្រ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ក្នុងការ​បណ្តុះបណ្តាល និង​បំពាក់អាវុធ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ផ្ទុះឡើង តួ​ក​គី​ដើរតួ​អង្គ​សំខាន់​ក្នុងការ​សម្របសម្រួល​ភាគី​ពាក់ព័ន្ធ និង​បង្កើន​ឥទ្ធិពល​តំបន់​៕