អ្នករកស៊ី​នៅក្នុងវិស័យ​ទេសចរណ៍​នៅប្រទេស​ថៃ​បានសាទរ​ចំពោះ​ការសន្យារបស់​នាយក​រដ្ឋមន្ត្រី​ថៃ ក្នុងការលុបបំបាត់​ការប្រើប្រាស់​កញ្ឆា​កម្សាន្ត​ក្នុងរយៈពេល ៦ ខែ ដោយពួកគេ​ជឿ​ថា​ហាងកញ្ឆា​ដែលមិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវបានបង្កគ្រោះថ្នាក់ជាងផលវិជ្ជមានដល់វិស័យទេសចរណ៍កាលពីឆ្នាំមុន។


នាយក​រដ្ឋមន្ត្រី លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) បានលើកឡើងនៅ​ក្នុងបទ​សម្ភាស​ជាមួយ​សារព័ត៌មាន Bloomberg ថា រដ្ឋាភិបាល​នឹងកែតម្រូវគោល​នយោបាយ​ពាក់ព័ន្ធនឹង​កញ្ឆា​ក្នុង​រយៈពេល ៦ ខែ ដើម្បី​ធានា​ថាការប្រើប្រាស់​កញ្ឆា​គឺសម្រាប់តែ​គោលបំណង​វេជ្ជសាស្រ្ត​ប៉ុណ្ណោះ។

លោកបានរំលេច​ថា លោកខ្លួនឯងផ្ទាល់​ពិតជាមិន​យល់ស្រប​នឹងការប្រើប្រាស់​ដើមកញ្ឆា​នេះ​នោះទេ។ ទន្ទឹមនឹងនេះ លោក ថាណេត ស៊ូផនសាហារុងស៊ី (Thanet Supornsahasrungsi) នាយកប្រតិបត្តិ​នៃសណ្ឋាគារ Sunshine Hotels and Resorts នៅប៉ាតាយ៉ា បាននិយាយថា «នៅទីក្រុងប៉ាតាយ៉ា ឥឡូវនេះ​អ្នកអាច​ស្វែងរក​ហាងកញ្ឆា​នៅជិតៗគ្នា ប្រហែល ២០០ ទៅ ៣០០ ម៉ែត្រពីគ្នា ហើយភាគច្រើនប្រហែល​ជា ៩០% មិនមែន​ប្រើប្រាស់​សម្រាប់វេជ្ជសាស្រ្ត​នោះទេ»។


លោកបានបន្ត​ទៀត​ថា «ច្បាប់ដែលបាន​បន្ធូរបន្ថយ​ដល់ការប្រើប្រាស់​កញ្ឆា និងការអនុវត្ត​ខ្សោយ បានបង្កបញ្ហា​ដល់វិស័យ​ទេសចរណ៍ ជាងការផ្ដល់​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច។ មានករណីខ្លះ ភ្ញៀវនៅ​តាមសណ្ឋាគារ​បានប្រើប្រាស់​កញ្ឆាច្រើន​ហួសហេតុ និងត្រូវបានបញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ»។


បន្ថែមលើ​នេះ អ្នកទេសចរណ៍​មកពីប្រទេស​ដែលហាមឃាត់​កញ្ឆា​បានប្រឈមមុខ​ នឹង ​បញ្ហា ដោយសារពួកគេ​មិនបានដឹងថា​ផលិតផលមួយ​ចំនួនដែលពួកគេ​បានទិញនៅ​ទីនេះ ដូចជា​អាហារ និងភេសជ្ជៈ​ជាដើម មានផ្ទុកសារធាតុកញ្ឆានោះទេ។


លោក ថាណេត បានសង្កត់ធ្ងន់ថា «ប្រសិនបើយើងចង់​ប្រើវាសម្រាប់​គោលបំណងផ្នែក​វេជ្ជសាស្រ្ត ការអនុវត្តច្បាប់​គួរតែតឹងរ៉ឹង​ជាងមុន ដើម្បី​ប្រាកដថាយើងអាច​ផ្តល់ជូននូវការព្យាបាល​វេជ្ជសាស្រ្ត​ដែលមានសុវត្ថិភាព​សម្រាប់សុខភាព​របស់​អ្នកជំងឺ។ អ្នកទេសចរណ៍​ភាគច្រើន​មិនមាន​បំណងមកលេងប្រទេស​ថៃ​ដើម្បីប្រើប្រាស់​កញ្ឆានោះទេ ប៉ុន្តែ​ពួកគេកំពុង​ទាញយកផលប្រយោជន៍​ពីចន្លោះ​ប្រហោង​ផ្នែក​ច្បាប់នេះ ដោយសារតែ​ប្រទេសនេះ​មិនបានគ្រប់គ្រង​ឧស្សាហកម្មកញ្ឆា​នេះប្រកបដោយ​ប្រសិទ្ធភាព»។

លោក ស៊ូគិត ស៊ូវូឌិតគុល (Suksit Suvunditkul) ប្រធានផ្នែក​ប្រចាំ​តំបន់ភាគខាងត្បូង​នៃសមាគម​សណ្ឋាគារថៃ​បាននិយាយថា «ហាងកញ្ឆា​ជាច្រើនបានបើកដំណើរការ​នៅគ្រប់ផ្លូវក្នុង​ខេត្តភូកេត ជាពិសេស​គឺបន្ទាប់ពី​ប្រភេទ​រោងចក្រកញ្ឆា​នេះ​ត្រូវបានដក​ចេញពី​បញ្ជី​គ្រឿងញៀន​ដោយច្បាប់ថៃ»។

លោកបានបន្ត​ថា សណ្ឋាគារ​ភាគច្រើនត្រូវហាមឃាត់ការជក់បារី និងជក់កញ្ឆានៅក្នុងបន្ទប់​របស់ពួកគេ ព្រោះវាបានរំខាន​ដល់ភ្ញៀវ​ផ្សេងទៀត ជាពិសេសគ្រួសារ​ដែលមានកូនៗ​ស្នាក់នៅ​ជាមួយ។

លោកបានបញ្ជាក់​ថា បណ្ដាម្ចាស់​សណ្ឋាគារ​ទាំងអស់​នឹងយល់ស្របទាំងស្រុង​ជាមួយ​រដ្ឋាភិបាល ប្រសិនបើ​មានការរឹតបន្តឹង​លើការប្រើប្រាស់កញ្ឆា​សម្រាប់តែ​គោលបំណង​វេជ្ជសាស្រ្ត។ កន្លងមក វិស័យឯកជន​នៅតាមបណ្តា​ខេត្ត​នានា​បានពិភាក្សា​អំពីផលប៉ះពាល់​នៃអាជីវកម្ម​កញ្ឆាដែលមិនមានការគ្រប់គ្រងបានត្រឹមត្រូវ និងបានលើកឡើងពីផែនការកំណត់តំបន់ប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ដ ដើម្បីបញ្ឈប់ការពង្រីកអាជីវកម្មដោយអនាធិបតេយ្យ។

យ៉ាងណាក៏ដោយ ប្រសិនបើ​រដ្ឋាភិបាល​មានបំណង​ចង់បិទហាង​កញ្ឆាទាំងអស់នោះ​ទាំងស្រុង​ក៏ដោយ ក៏វិស័យ​ទេសចរណ៍​នៅភូកេត​នឹងមិនប្រឈម​មុខនឹងផលប៉ះពាល់​អ្វីនោះទេ ដោយសារតែ​ស្ថានភាព​នៅកោះ​នេះកំពុង​វិលត្រឡប់​ទៅរកភាព​ដើមវិញ ពោលគឺដូច​នឹងឆ្នាំ២០១៩ មុនកូវីដ១៩»។

លោក ស៊ូគិត បាននិយាយ​ថា «ភ្ញៀវអឺរ៉ុប​បានកើន​ឡើងវិញ ៨០% ហើយ​ចំនួនភ្ញៀវដែល​បានកក់ទុក​ក្នុងរដូវកាល​ដើរកម្សាន្ត​ខាងមុខ​នេះ បានឈានដល់ ៤០% ទៅ ៥០% ហើយ។ ប្រសិនបើ​រដ្ឋាភិបាល​បិទហាង​កញ្ឆា វានឹងមិន​ប៉ះពាល់​ដល់​អាជីវកម្ម​ទេសចរណ៍​នោះ​ទេ។ ខេត្តភូកេត​មានកំណើន​ភ្ញៀវ​ជាលំដាប់​ស្រាប់ហើយ សូម្បីតែ​មុនពេល​ដែលចេញ​ច្បាប់​បន្ធូរបន្ថយ​ការប្រើប្រាស់​កញ្ឆា​ក៏ដោយ»៕