ការ​ចាប់ខ្លួន​​​​​​អ្នក​ជំនាញ​ក្នុង​វិស័យ​ថាម​ពល​​​ នៅ​ក្នុង​ប្រទេសវៀតណាម​ ដែល​ធ្លាប់​ធ្វើ​ការងារ​ និង​​កំពុង​​កាន់​គម្រោង​​ឱ្យ​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ​ កំពុង​​​តែ​​​ផ្ទុះ​​ការ​ព្រួយបារម្ភ​​​​របស់​ស្ថាប័ន​អន្តរជាតិ​​សំខាន់ៗ។

សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ នៅ​ថ្ងៃទី​២៥​ កញ្ញា​ ​បាន​​រាយការណ៍​ថា ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការចាប់ខ្លួន ​អ្នកជំនាញ​ថាមពលបៃតង​វៀតណាម​ អ្នក​នាង Ngo Thi To Nhien ដែល​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​​​អង្គការ-​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក និង​សូម្បី​​​គម្រោង​ថាម​ពល​ដែល​ផ្តល់​មូលនិធិ​ដោយ​​ក្រុមប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជឿនលឿន ហៅ​ថា​ G7 ផងដែរ។​

ការ​ចាប់ខ្លួន​​​អ្នក​នាង Ngo Thi To Nhien នាយិកា​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​វៀតណាម ​​សម្រាប់​ការផ្លាស់ប្តូរ​ថាមពល (VIET) បាន​ធ្វើ​ឡើង​​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ចូ បៃ​ដិន (Joe Biden) បាន​ចុះហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស​​ជាមួយ​ទីក្រុង​ហាណូយ​ក្នុង​ដំណើរ​ទស្សន-​កិច្ច​​មួយកាល​ពីថ្ងៃទី​១០​ ខែកញ្ញា​នេះ​​។


អ្នក​នាង Ravina Shamdasani អ្នក-​នាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) បាន​ប្រាប់​រ៉​យ​ទ័​រថា «យើង​ដឹង​​ពី​ការចាប់ខ្លួន​នេះ ហើយ​កំពុង​តាមដាន​​ការ​វិវឌ្ឍដោយ​ក្តីបារម្ភ»។

អ្នក​នាង Nhien បានធ្វើ​ការឱ្យ​ធនាគារពិភព​លោក​​ ជាមួយ​នឹង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារជំនួយ​សហរដ្ឋអាមេរិក (USAID)។ នេះ​បើ​យោងតាម​ប្រវត្តិរូប​របស់​នាង​នៅលើ LinkedIn ដែល​រាយការណ៍​ដោយ​រ៉យទ័រ​​។


យោង​​ The 88 Project ដែល​ជា​ក្រុមតស៊ូ​​មតិ ​​សម្រាប់​​សេរីភាព​​នៃ​ការ​បញ្ចេញមតិ (freedom of expression)​ នៅ​អាស៊ី-​អាគ្នេយ៍ អ្នក​នាង Nhien​ គឺ​ជា​អ្នក​ស្រាវ​ជ្រាវ​​​​ ដែល​​បាន​​ធ្វើការ​ជាមួយ​អង្គការ​​អន្តរ​ជាតិ​មួយ​ចំនួន រួមមាន​ធនាគារ​ពិភព​លោក​ សហភាពអឺរ៉ុប អង្គការ​សហប្រជាជាតិ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។

នៅ​ពេល​ចាប់ខ្លួន​កាល​ពីថ្ងៃទី​១៥ ​ខែ​កញ្ញា​ នាង​កំពុង​ធ្វើការ​លើផែនការ​អនុវត្ត​ន៍ សម្រាប់​ភាព​ជា​ដៃគូផ្លាស់ប្តូរ​ថាមពល ​ដោយ​​យុត្តិធម៌​របស់វៀតណាម (JETP) ដែល​ជា​គម្រោង​​ផ្តល​់មូលនិធិ​ ដោយ​ G7 ដែលមាន​ទឹកប្រាក់​១៥​ពាន់លានដុល្លារ ដើម្បី​ជួយ​ប្រទេស​វៀត​ណាម កាត់បន្ថយឥន្ធនៈហ្វូស៊ីល។

លោក Ben Swanton នៃ The 88 Project បាននិយាយថា៖«​ការឃុំឃាំង ​អ្នក​នាង Nhien គឺ​ច្បាស់ណាស់​ ​ជា​សញ្ញា​ថា ​ការស្រាវជ្រាវ​លើគោល​នយោបាយ​ថាមពល​​​​ឥឡូវ​នេះ​ត្រូវ​បាន​បិទ»។

លោក បន្ថែម​ថា៖​«នេះ​​ជា​​ការ​វិវឌ្ឍ​​ចុងក្រោយ​​បំផុត​​ក្នុង​និន្នាការ​​ដ៏​គួរ​​ឱ្យ​​ព្រួយ​​បារម្ភ​​​របស់​រដ្ឋាភិបាល​​វៀតណាម​​ដែល​​ធ្វើ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​គោលនយោបាយ និង​សកម្មភាព​​​​មាន​​ឧក្រិដ្ឋកម្ម»​។

ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ ប្រទេសវៀតណាម ​បាន​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិ-​មនុស្ស​ផ្នែក​បរិស្ថាន​ចំនួន ៥​ នាក់​ដោយ​ចោទ​ប្រកាន់​ពួកគេ​ពីបទ​គេចពន្ធ។

អ្នកនាំពាក្យ OHCHR បាន​និយាយ​កាលពី​ខែមិថុនា​ ដោយ​កត់សម្គាល់ថា​ ការចាប់​ខ្លួន​បានកើត​ឡើង​ ខណៈពេលដែល​ប្រទេស​​នេះ ​កំពុង​ចរចា​ផ្តល់​មូលនិធិ​អន្តរជាតិ​ សម្រាប់​​ការផ្លាស់ប្តូរ​ថាមពល​ចេញពី​ធ្យូងថ្ម។

រដ្ឋាភិបាល​វៀតណាម​មិនបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​អំពី​ការចាប់ខ្លួន​អ្នក​នាង Nhien ទេ ហើយក៏​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​​​ជុំវិញ​​រឿង​នេះ​។ នេះ​បើ​តាមរ៉យទ័រ។​

ប៉ូលិស​វៀតណាម​ក៏បា​​ន​​សម្រុក​ចូល​ឆែក​ឆេរ​ការិយាយល័យ​របស់​VIET៕