ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​​កូរ៉េ​ខាងជើង (KCNA) ​បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​​​ថ្កោលទោស​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ លោក ​យូន សុកយ៉ុល (Yoon Suk Yeol)​ ចំពោះ​ការរិះ​គន់​​កិច្ច​សហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​ទីក្រុង​​ម៉ូស្គូ​ បន្ទាប់ពី​ដំណើរ​​ទស្សនកិច្ច​របស់​​មេដឹកនាំ​​កូរ៉េខាង​ជើង​ លោក គីម​ ជុងអ៊ុន​​ នៅ​ប្រទេស​រុស្ស៊ី​​ កាល​ពី​សប្តាហ៍​​​មុន ដោយ​​អះអាង​ថា​​ ដំណើរ​ទស្សនកិច្ច​នោះ​​ជា​ «លក្ខណៈ​​ធម្មជាតិ​​ និង​ធម្មតា​» ​សម្រាប់​ប្រទេស​ជិតខាង​ក្នុងការ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ។

នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ កាលពី​សប្តាហ៍​​មុន​លោក ​យូន បាន​និយាយ​ថា​ ប្រសិនបើ​រុស្ស៊ី ​ជួយ​កូរ៉េខាងជើង ​​បង្កើន​កម្មវិធី​អាវុធ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ ​សម្រាប់​សង្គ្រាម​​នៅ​​អ៊ុយ​ក្រែ​ន ​នោះ​វា​នឹង​ជា «ទង្វើ​បង្កហេតុ​ដោយផ្ទាល់»។

ទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើង​​ បាន​បរិហារ​លោក ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​​ដែល​​​គ្មាន​នយោបាយ​ទន់ភ្លន់​ដាក់​កូរ៉េ​ខាងជើង​ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច ដោយចាត់ទុក​​​​ជា​ការ​បង្កាច់បង្ខូច​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​របស់ខ្លួន​ជាមួយ​រុស្ស៊ី​ និង​បាន​និយាយថា​លោក យូន ជា​អាយ៉ង​ ឬ​ជា​អ្នក​និយាយ​សម្រាប់​​ការ​​​ផ្គាប់​ចិត្ត​សហរដ្ឋ​អាមេរិក។


KCNA រៀបរាប់ថា៖«វា​ជា​លក្ខណៈ​ធម្មជាតិ​ និង​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេសជិតខាង​ក្នុងការ​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​​រវាង​គ្នា ​ហើយ​គ្មាន​ហេតុផល​ណាមួយ​ដើម្បី​ហៅ​ការធ្វើ​បែប​នេះ​​ទៅជា​ការបង្ក​ហេតុ​នោះទេ»។

មេដឹកនាំ​កូរ៉េ​​ខាងជើង​​​​ជំនាន់​ទី៣​នេះ ទើប​​បាន​ត្រឡប់​ទៅ​ដល់​កូរ៉េខាងជើង​វិញ កាលពី​សប្តាហ៍​​មុន ក្រោយ​បាន​ចំណាយ​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​អស់​រយៈពេលជិត​១សប្តាហ៍​នៅ​​ប្រទេស​រុស្ស៊ី​ជាទី​ដែល​លោក​​មាន​​ឱកាស​បាន​​ទស្សនា​ដោយ​ផ្ទាល់​នូវ​​​កម្មវិធី​​ផលិត​អាវុធ​​ទំនើប​របស់​រុស្ស៊ី​។


ក្នុង​ជំនួប​​ដែល​កើត​មាន​ឡើង​ក្រោយ​រយៈពេល​​ ៤ ឆ្នាំ ​លោក​ គីម ជុងអ៊ុន ​និង​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀ​រ ពូ​ទីន ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​យោធា​ និង​សេដ្ឋកិច្ច។ មន្ត្រី​អាមេរិក ​និង​កូរ៉េខាង​ត្បូង​​បាន​សម្តែង​ការព្រួយបារម្ភ​ថា​រុស្ស៊ី​​អាច​ព្យាយាម​ទិញ​គ្រាប់​រំសេវ​​ពី​កូរ៉េខាងជើង​ ដើម្បី​បន្ថែម​​​​ឃ្លាំង​អាវុធ​របស់ខ្លួន​ដែលធ្លាក់ចុះ​​ក្នុង​​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ខណៈ​​កូរ៉េខាងត្បូង​បារម្ភ​ថា ​ទីក្រុង​ព្យុងយ៉ាង​ស្វែងរក​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​​ការ​អភិវឌ្ឍ​កម្មវិធី​នុយ​ក្លេអ៊ែរ​ និង​មី​ស៊ី​ល​​​រយៈចម្ងាយឆ្ងាយ​​​ដែល​​តែង​បង្ក​ការ​​បារម្ភ​នៅ​ក្នុង​តំបន់​៕​​​