ភ្ញៀវទេសចរចិនដែលបានធ្វើការចុះចតនៅទីក្រុងបាងកក ត្រូវបានទទួលការស្វាគមន៍ជាពិសេស ដោយមានលោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ជាអ្នកជួបស្វាគមន៍ដោយផ្ទាល់ ដោយសារតែពួកគេជាភ្ញៀវទេសចរនៃជើងហោះហើរដំបូងដែលបានទៅដល់ប្រទេសថៃ បន្ទាប់ថៃបានសម្រេចលើកលែងទិដ្ឋាការចំពោះជនជាតិចិន ក្នុងគោលបំណងដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថៃកាន់តែប្រសើរឡើង។
អំឡុងពេលដែលភ្ញៀវទេសចរទាំងនោះបានចុះទៅដល់ព្រលានយន្តហោះភ្លាម គេសង្កេតឃើញមានអ្នករាំរបាំក្នុងឈុតប្រពៃណីថៃនិងអ្នកសម្ដែងបានធ្វើការប្រគុំតន្ដ្រីស្វាគមន៍ភ្ញៀវទាំងអស់នោះ ដែលបានធ្វើដំណើរក្នុងជើងហោះហើរមកពីទីក្រុងសៀងហៃ។ បន្ថែមលើនេះ មនុស្សម្នាជាច្រើនក៏បានធ្វើការសុំថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ស្រេតថា ផងដែរ។
វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសថៃដែលជាប្រទេសសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍ និងដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលមានឆ្នេរដ៏ស្រស់ស្អាត និងជីវិតពេលរាត្រីដ៏រស់រវើក។ ការស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត របស់លោក ស្រេថា ដែលទើបនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
យ៉ាងណាក៏ដោយ វិបត្តិសេដ្ឋកិច្ចនៅប្រទេសចិនបន្ទាប់ពីវិបត្តិកូវីដ១៩ បាននាំឱ្យមានការធ្លាក់ចុះនៃភ្ញៀវទេសចរចិនដែលធ្លាប់ធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ដូច្នេះហើយ លោក ស្រេថា សង្ឃឹមថា ការលើកលែងមិនទាមទារយកទិដ្ឋាការពីជនជាតិចិន អាចជួយដោះស្រាយបញ្ហានេះបាន។
លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានសុវណ្ណភូមិថា៖ «យើងមានទំនុកចិត្តថាគោលនយោបាយនេះនឹងជំរុញសេដ្ឋកិច្ចថៃឱ្យកាន់តែរីកចម្រើន»។ លោកក៏បានបន្ថែមថា «សុវត្ថិភាពភ្ញៀវទេសចរគឺជាអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់»។
គោលនយោបាយលើកលែងទិដ្ឋាការនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនចំនួន ២,៨៨ លាននាក់ក្នុងអំឡុងពេល ៥ខែនៃការលើកលែងទិដ្ឋការនេះពោលគឺខ្ពស់ជាងបន្តិចនូវចំនួនជនជាតិចិនដែលបានទៅទស្សនានៅប្រទេសថៃនៅឆ្នាំនេះ ដែលមានចំនួន ២,៣៤ លាននាក់៕