កង​ទ័ព​អាកាស​អ៊ុយក្រែន ​​និយាយ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន​) ធុន​ Shahed ​ចំនួន​ ៣៤ គ្រឿង​ ក្នុង​ចំណោម​ដ្រូន​ ៤៤ គ្រឿង ​ដែល​រុស្ស៊ី​ប្រើ​ដើម្បី​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​ពុធ​។


ក្រុម​មន្រ្តីយោធា​ និង​មូលដ្ឋាន​អ៊ុយក្រែន​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ពេញ​មួយ​យប់​របស់​រុស្ស៊ី​ មិន​​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

​យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម​ថា​​៖«​យន្តហោះ​ចម្បាំង​ អង្គភាព​មីស៊ីល​ប្រឆាំង​យន្តហោះ​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​ចល័ត​ ​បាន​ធ្វើ​ប្រតិបត្តិការ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​»​។


​យោធា​ដដែល​​និយាយ​ថា​ តំបន់​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ Mykolaiv ​និង​តំបន់​ភាគ​កណ្ដាល​ Kirovohrad ​ជា​តំបន់​​គោលដៅ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ​


ចំណែក​ឯ​អភិបាល​តំបន់​អូដេសា​ លោក​ ​Oleh Kiper វិញ​ បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​៖ «​​កង​កម្លាំង​ការពារ​ដែន​អាកាស​របស់​យើង​ បាន​​​បំពេញ​បេសកម្ម​យ៉ាង​ល្អ​» ។ លោក​បន្ត​ថា​ មិន​មាន​អ្នក​រង​របួស​ត្រូវ​បាន​រាយការណ៍​នោះ​ទេ​ ប៉ុន្តែ​ថា​ កម្ទេច​ឆេះ​នៃ​ដ្រូន​បាន​ធ្វើ​ឱ្យ​វាយ​ស្មៅ​កន្លែង​ខ្លះ​ឆេះ ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​នោះ​ទេ​​។


តំបន់​កំពង់​ផែ​អូដេសា​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​​មីស៊ីល​របស់​រុស្ស៊ីជា​ញឹក​ញយ​​ចាប់​តាំង​ពី​ខែ​កក្កដា​ នៅ​ពេល​ដែល​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​ ដែល​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​អាច​ដឹក​ជញ្ជូន​​គ្រាប់​ធញ្ញជាតិ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការ​រារាំង​ ឬ​វាយ​ប្រហារ​ពី​រុស្ស៊ី​៕