ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងប៉ូលីសជប៉ុន បានព្រមានរួមគ្នាពីក្រុមហែកឃឺរ (Hacker) ឈ្មោះ BlackTech ដែលមានទំនាក់ទំនងជាមួយប្រទេសចិន នៅក្នុងការផ្តល់ប្រឹក្សាសន្តិសុខតាមអ៊ិនធឺណិតកាលពីល្ងាចថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការប្រឹក្សារួមដែលបានមកពីទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) និងសមភាគីជប៉ុនដែរនោះ បានជំរុញឱ្យក្រុមហ៊ុននានាពិនិត្យមើលឧបករណ៍ផ្ដល់អ៊ិនធឺណិត (Router) នៅតាមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារដែលអាចកើតមានឡើងពីក្រុម BlackTech។
សេចក្តីថ្លែងការណ៍ស្ដីពីការប្រឹក្សាបាននិយាយថា ក្រុម BlackTech បានបង្ហាញពីសមត្ថភាពក្នុងការកែប្រែកម្មវិធីបង្កប់រ៉ោតទ័រដោយមិនឱ្យគេចាប់បានដើម្បីបង្វែរវាពីក្រុមហ៊ុនបុត្រសម្ព័ន្ធអន្តរជាតិផ្សេងៗទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនទាំងនោះនៅជប៉ុន និងសហរដ្ឋអាមេរិក ដែលជាគោលដៅចម្បង។
ចំណែកឯទីភ្នាក់ងារប៉ូលិសជាតិរបស់ប្រទេសជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា BlackTech បានចូលរួមក្នុងការវាយប្រហារតាមអ៊ិនធឺណិត លើរដ្ឋាភិបាលផ្សេងៗ និងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក និងអាស៊ីបូព៌ាចាប់តាំងពីឆ្នាំ ២០១០មក។
ទោះជាយ៉ាងណាក៏ដោយ គេឃើញចិនជារឿយៗបានច្រានចោលការចោទប្រកាន់ពីទំនាក់ទំនងជាមួយក្រុមហែកឃឺរ ដែលធ្វើការវាយប្រហារតាមអ៊ិនធឺរណិតលើរដ្ឋាភិបាលបរទេស។ ជុំវិញព័ត៌មានចុងក្រោយនេះ ចិនមិនទាន់ប្រតិកម្មយ៉ាងណានៅឡើយទេ។
គួររំឭកថា ក្នុងឆ្នាំ២០២០ អាជ្ញាធរសន្តិសុខរបស់តៃវ៉ាន់ បានរាយការណ៍ពីការវាយប្រហារតាមអ៊ិនធឺណិតលើគណនីអ៊ីមែលរបស់មន្ត្រីរដ្ឋាភិបាលប្រហែល ៦ ០០០ គណនីពីក្រុមហែកឃឺរ Blacktech និងក្រុម Taidoor ។ កាលនោះ អាជ្ញាធរសន្តិសុខតៃវ៉ាន់បាននិយាយថា ក្រុមទាំង២ទំនងជាទទួលបានការគាំទ្រពីបក្សកុម្មុយនិស្តចិន។
គួរកត់សម្គាល់ថា ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើងៗលើបញ្ហារួមទាំងកោះតៃវ៉ាន់ មន្ត្រីសន្តិសុខអាមេរិកកំពុងបង្កើនការព្រមានពីសមត្ថភាពវាយប្រហារតាមអ៊ិនធឺណិតរបស់ចិន៕