ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​វៀតណាម​បាន​រាយការណ៍​ថា​ តុលាការ​វៀតណាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​កាត់​ទោស​សកម្មជន​បរិស្ថាន​ម្នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ ឆ្នាំ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ពន្ធ​។

សកម្មជន​បរិស្ថាន​រូប​នោះ​គឺ​លោក​ស្រី​ Hoang Thi Minh Hong ​ប្រធា​ន​ក្រុម​តស៊ូ​មតិ​បរិស្ថាន​ ដែល​លោក​​ស្រី​​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​ ២០១៣​ ​ហើយ​ដំណើរការ​រហូត​ដល់​ឆ្នាំ​ ២០២២​​រង​ការ​កាត់​ទោស​ពី​បទ​គេច​ពន្ធ​នៅ​ក្នុង​ការ​កាត់​ក្តី​រយៈ​ពេល​​១​ថ្ងៃ​នៅ​ទីក្រុង​ហូជីមិញ​។​ នេះ​បើ​យោង​តាម​កាសែត​Thanh Nien រប​ស់​វៀតណាម​។


​កាសែត​​បា​ន​​ដក​​ស្រង់​​ការ​​ចោទ​​ប្រកាន់​​​​​ថា​ លោកស្រី​​ Hong ​រង​ការ​​​ចោទ​ប្រកាន់​​​ពី​​បទ​​គេច​​ពី​​ការ​​បង់​​ពន្ធ​​ដែល​​មាន​​តម្លៃ​ ៦,៧ ប៊ីលាន​ដុង​ (២៧៤ ៤៨៨ ដុល្លារ​)​​ក្នុង​​អំឡុង​​​ឆ្នាំ ​២០១២-២០២២​។​

​ការ​កាត់​ទោស​លោក​ស្រី​បែប​​នេះ​ បាន​កើត​ឡើង​តែ​​២​សប្តាហ៍​ប៉ុណ្ណេះ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ ​ដែល​លោក​ និង​មេដឹកនាំ​វៀតណាម​បាន​​មាន​គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​ជាច្រើន​ ​រួម​ទាំង​ការ​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ​។​


​ជុំ​វិញ​បញ្ហា​នេះ​ លោក ​Ben Swanton ​សហ​នាយក​នៃ​អង្គការ​សប្បុរសធម៌​The 88 Project ​បាន​និយាយ​ថា​​៖ «​ការ​ផ្តន្ទាទោស​នេះ​ គឺ​ជា​ការ​ក្លែង​បន្លំ​ទាំង​ស្រុង​ គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​ជឿ​ឡើយ​»​។​

​លោក​បាន​បន្ថែម​ថា​​៖ «​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​​នៃ​ច្បាប់ធ្វើ​អាវុធ​​​ ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​អាកាស​ធាតុ​ ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​សង្គ្រោះ​ភព​ផែន​ដី​»​។

មេធាវី​​របស់​​លោក​ ហុង ​មិន​ទាន់​ចេញ​ការ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​៕