សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​កន្លងផុតទៅ​​ ៥៨២ ​ថ្ងៃ ឬ​ជាង ​១៩​ ខែ មកទល់ពេលនេះ ប៉ុន្តែ​គ្មាន​សញ្ញាណ​គួរ​ទុកចិត្តបាន​ណាមួយ​ដែល​ប្រទេស​ទាំង​ ២ ​អាច​អង្គុយ​តុ​ជាមួយគ្នា និយាយ​រឿង​សន្តិភាព​របស់​ប្រទេស​បងប្អូន​សត្រូវ​បង្ហូរឈាម​ទាំង ​២​។​


​ទន្ទឹមគ្នានេះ​មាន​ប្រទេស​ដែលមាន​ឥទ្ធិពល​ទាំង​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​មួយចំនួន​បានស្នើ​ផែន​ការចរចា​សន្តិភាព​ទៅឱ្យ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ភាគី​រុស្ស៊ី​វិញ​បាន​ចោទ​ប្រកាន់​ភាពជាប់គាំង​នៃ​ការ​ចរចា​នេះ​ទៅលើ​ភាគី​អ៊ុយ​ក្រែ​ន និង​ប្រទេស​ក្នុង​បស្ចិម​លោក ដែល​តែង​ច្រានចោល​លទ្ធភាព​ចរចា​សន្តិភាព​ដែល​ស្នើឡើង​ដោយ​ប្រទេស​មួយចំនួន​។​

​តាម​ការរៀប​រាប់រប​ស់ លោក Rafael Iangareev មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ភ្នំពេញ​នៅក្នុង​ការ​សង្ខេប​ព្រឹត្តិការណ៍​ប្រចាំខែ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​ឆ្លុះ​បញ្ជាក់​ពី​នយោបាយ​ការបរទេស​របស់​ប្រទេស​រុស្ស៊ី ប្រទេស​ធំៗ​ជា​​ច្រើន​បាន​ចូលរួម​ចែករំលែក​ទស្សនៈ​អំពី​ការដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។


​លោក Rafael និយាយថា​៖ «​យើង​បានឃើញ​ដៃគូ​ជាច្រើន​ចែករំលែក​ទស្សនៈ​របស់​ពួកគេ​អំពី​ការដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ឧទាហរណ៍ ពី​តួ​ក​គី អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី ប្រេ​ស៊ី​ល អ្រា​ហ្វិ​ក​ខាងត្បូង​»​។

​លោក​បន្ត​៖«​ជាការ​ពិត ទិដ្ឋភាព​ដែល​បានស្នើ​មួយចំនួន​គឺ​ស្រប​នឹង​ការយល់ដឹង​របស់​យើង​អំពី​ស្ថានភាព​។ យ៉ាងណាក៏ដោយ ដូចដែល​ខ្ញុំ​បាន​និយាយ ការ​​ចាប់ផ្តើម​ចរចា​អាស្រ័យ​លើ​អ៊ុយ​ក្រែ​ន និង​លោកខាងលិច​»​។​

​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ​ធ្លាប់​ចាប់ផ្តើម​ចរចា​ប៉ុន្មាន​លើក​ពេល​សង្គ្រាម​ទើប​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅវិញ​រហូតដល់​សព្វថ្ងៃនេះ ដោយ​កាលនោះ​ភាគី​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​លទ្ធភាព​ចរចា​បន្ថែមទៀត​ដោយសារតែ​ការតម្រូវ​លក្ខខណ្ឌ​ទុកជាមុន​របស់​មហា​​អំណាច​រុស្ស៊ី​ដែល​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើតាម​អ្វីដែល​ខ្លួន​ចង់បាន ដូចជា​ការដាក់​ប្រទេស​​អ៊ុយ​ក្រែ​ន​ជា​អព្យាក្រឹត ទទួល​ស្គាល់​ឧបទ្វីប​គ្រី​មា​ជា​របស់​រុស្ស៊ី និង​ទទួលស្គាល់​តំបន់​ទាមទារ​បំបែក​ខ្លួន​ដុន​បាស​ជា​រដ្ឋ​ឯករាជ្យ​ជាដើម​។​

​បស្ចិមប្រទេស​ដែល​សំដៅ​ទៅដល់​ប្រទេស​ទាំងឡាយ​ក្នុង​តំបន់​អឺរ៉ុប​ជាពិសេស​មហាអំណាច​នៅ​អឺរ៉ុប​ខាងលិច និង​សហរដ្ឋអាមេរិក បាន​សន្យា និង​បង្កើន​ការផ្គត់ផ្គង់​អាវុធ​កាន់តែ​ច្រើនឡើងៗ និង​ទំនើប​ឡើងៗ​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ទប់ទល់ និង​ប្រទេស​រុស្ស៊ី រហូតដល់​មានលទ្ធភាព​រុញ​ច្រាន​ទ័ព​មហា​យក្ស​រុស្ស៊ី​ឱ្យ​ដក​ថយ និង​ដណ្តើមបាន​តំបន់​ដែល​ទ័ព​រុស្ស៊ី​ដាក់​មូលដ្ឋាន និង​ជីក​លេណដ្ឋាន​ដ៏​រឹងមាំ​ទៀតផង​។​

​លទ្ធភាព​នៃ​ការចរចា​សន្តិភាពរ​វា​ង​ប្រទេស​បងប្អូន​សត្រូវ​បង្ហូរឈាម​ទាំង​ ២​ កាន់តែ​ខ្សត់ខ្សោយ​ទៅៗ​នៅពេលដែល​កងទ័ព​អ៊ុយ​ក្រែ​ន​ទទួលបាន​សព្វាវុធ​កាន់តែ​ទំនើបៗ និង​ទទួលបាន​ការគាំទ្រ​ផ្នែក​ការទូត​កាន់តែច្រើន​ដែល​រួមចំណែក​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ប្រទេស​​អ៊ុយ​ក្រែ​ន​ដោយ​ឥត​លក្ខខណ្ឌ​វិញ ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ច្រានចោល​លទ្ធភាព​ចរចា​ទាំង​​ស្រុង​រហូតដល់​ខ្លួន​អាច​រំដោះ​តំបន់​ទាំងឡាយ​ដែល​រុស្ស៊ី​កាន់​កាប់ រួមទាំង​ឧបទ្វីប​គ្រី​មា​ដែល​រុស្ស៊ី​បញ្ចូល​ក្នុង​ទឹកដី​របស់ខ្លួន​តាំងពី​ឆ្នាំ​ ២០១៤ ​តាមរយៈ​ការធ្វើប្រជាមតិ​មួយ​។

​នៅពេល​សួរថា តើ​អ្នក​សង្ឃឹមថា រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹងមាន​ឱកាស​ចរចា​បញ្ច​ប់​សង្គ្រាម​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​?

​លោក Rafael ដែល​និយាយ​ក្នុងនាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធរុស្ស៊ី បាន​អាន​ចម្លើយ​ថា​៖ «​រុស្ស៊ី​មិនដែល​បដិសេធ​គំនិត​នៃ​ការចរចា​ជាមួយ​ភាគី​អ៊ុយ​ក្រែ​ន​ទេ​»​។

លោក​បន្ថែមថា ត្រឡប់​ទៅ​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ រុស្ស៊ី​បាន​យល់ព្រម​តាម​សំណើ​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​ចាប់ផ្តើម​ការ​​ចរចា ប៉ុន្តែ​ក្រោយមក រុស្ស៊ី​ចោទថា បស្ចិមប្រទេស​បានដាក់​សម្ពាធ​ដល់​លោក​ ហ្សេ​ឡេ​ន​ស្គី ឱ្យ​សម្រេចចិត្តបញ្ឈប់​ការចរចា​ណាមួយ​រវាង​ប្រទេស​ទាំង​ ២ ​ចាប់ពី​ខែមេសា ២០២២៕