១ ថ្ងៃបន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរត់ប្រណាំងខាងអាវុធមហាប្រល័យក្នុងចំណោមប្រទេសមានបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន និងរុស្ស៊ី ប្រទេសកូរ៉េខាងជើងបានសម្រេចដាក់ចូលអាវុធនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកញ្ញាថា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសបានកំណត់ឋានៈរបស់កូរ៉េខាងជើងថា ជាប្រទេសនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ព្រឹត្តិការណ៍ចុងក្រោយនេះក៏កើតឡើងតែជាង ១ សប្តាហ៍ប៉ុណ្ណោះ ក្រោយមេដឹកនាំកូរ៉េខាងជើងបញ្ចប់ទស្សនកិច្ចទៅកាន់មហាអំណាចនុយក្លេអ៊ែររុស្ស៊ី ដែលគេមើលឃើញថា កូរ៉េខាងជើងទទួលបានផ្តល់បច្ចេកវិទ្យាទំនើបក្នុងការធ្វើទំនើបកម្មអាវុធពីប្រទេសរុស្ស៊ី។
KCNA ផ្សាយថា លោកមេដឹកនាំ គីម ជុងអ៊ុន បាននិយាយក្នុងកិច្ចប្រជុំនៃសភាប្រជាជនរដ្ឋ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនិងថ្ងៃពុធថា៖ «គោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងជាអចិន្រៃ្តយ៍ ស្របទៅតាមមូលដ្ឋានច្បាប់របស់រដ្ឋ ដែលគ្មាននរណាម្នាក់អាចប្រឆាំងអ្វីទាំងអស់»។
ការដាក់បញ្ចូលងារជារដ្ឋនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ធ្វើឱ្យក្តីសង្ឃឹមរបស់ប្រទេសនានាដែលចង់ឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរកាន់តែស្រអាប់ទៅៗ។
បើតាម KCNA ដដែល លោក ជុងអ៊ុន បាននិយាយថា ការដាក់បញ្ចូលនេះ«ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្តល់កម្លាំងនយោបាយដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិគួរឱ្យកត់សម្គាល់»។
លោក ជុងអ៊ុន ក៏លើកឡើងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្កើតសម្ព័ន្ធភាពយោធាត្រីកោណ ហើយទីបំផុត បានបណ្តាលឱ្យមានការលេចចេញ«អង្គការណាតូនៅអាស៊ី»ដែលជាមូលហេតុនៃសង្គ្រាម និងការឈ្លានពាន។
ឋានៈជាប្រទេសនុយក្លេអ៊ែរនាពេលនេះ ធ្វើឡើង ខណៈកូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនដងក្នុងឆ្នាំនេះ ហើយទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏មានភាពតានតឹងខ្លាំង និងចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីក្រោយខកខានតាំងពីឆ្នាំ ២០១៧។ កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរ ៦ លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០០៦ មកនោះ។
សភាកូរ៉េខាងជើងបានអនុម័តច្បាប់មួយកាលពីឆ្នាំមុនដែលប្រកាសកូរ៉េខាងជើងថា ជារដ្ឋនុយក្លេអ៊ែរ ហើយលោក ជុងអ៊ុន ថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសដើរទៅមុខ ដោយមិនបកក្រោយទេ។ ច្បាប់ថ្មីនោះក៏បានអនុញ្ញាតឱ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរទុកជាមុនដែរ៕