ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធំ​នៅ​វិហារ​អ៊ិស្លាម​ ១ ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បាន​កើន​ឡើង​ដល់​ ៥៩​ នាក់​ កាល​ពី​ថ្ងៃ​សៅរ៍ ​ខណៈ​​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ស្វែង​រក​ជន​ដៃ​ដល់​ និង​បាន​ចោទ​​ប្រកាន់​ទីភ្នា​ក់ងារ​ចារកម្ម​របស់​ឥណ្ឌា​​ថា ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។


​ការ​បំផ្ទុះ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​​ធ្វើ​ឡើង​លើ​​វិហារ​អ៊ិស្លាម​​១​ក្នុង​ទីក្រុង ​Mastung នៅ​ខេត្តភាគ​ខាង​ត្បូង ​​Balochistan ​បន្ទាប់​ពី​​ជន​ដៃ​ដល់​​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​របស់​​លោក​​​ជិត​​រថយន្ត​ប៉ូលិស​ ដែល​​មាន​មនុស្ស​កំពុង​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​ដង្ហែ​​ក្បួន​​​ប្រារព្ធ​ខួប​កំណើត​របស់​ព្យាការី​មូហាម៉ាដ​។

​ចំណែក​ឯ ​ការ​បំផ្ទុះ​ភេរវកម្ម​មួយ​ទៀត​ ដែល​កើត​​ឡើងលើ​វិហារ​អ៊ិស្លាម​​​ក្នុង​​ខេត្ត​ភាគ​ខាង​ជើង​​ Khyber Pakhtunkhwa កាល​ពី​ថ្ងៃ​សុក្រ​ដូច​គ្នា​ បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ ៥ នាក់​។


ការ​វាយ​ប្រហារ​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ទាំង​២​នេះ​​ មិន​មាន​ការ​ប្រកាស​ទទួល​ស្គាល់​ពី​ក្រុម​​ពាក់​ព័ន្ធ​ណា​មួ​យ​​នៅ​ឡើយ​ទេ​។


​មន្ត្រី​ប៉ាគីស្ថាន​បាន​អះ​អាង​ជា​យូរ​មក​ហើយ​ថា​ ឥណ្ឌា​​ជា​អ្នក​ផ្ដល់​ជំនួយ​ដល់​ក្រុម​ហិង្សា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ ការអះអាង​​នេះ​ តែង​តែ​រង​ការ​បដិសេធ​ពី​រដ្ឋាភិបាល​​ឥណ្ឌា​។ ​


​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ប៉ាគីស្ថាន​ លោក​SarfarazBugti​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា​៖ «​ស៊ីវិល​ យោធា ​និង​ស្ថា​ប័ន​ផ្សេង​ទៀត​ទាំង​អស់​ នឹង​ធ្វើ​​ការ​រួម​គ្នា​ប្រឆាំង​នឹង​រឿង​​ហេតុ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​​នៅ​Mastung»​។

​លោក​បាន​បន្ថែម​ថា​​៖ «​RAW​ (​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ​ស្រាវ​ជ្រាវ ​និង​វិភាគ​​ Wing)ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​អត្តឃាត​»។ យ៉ាង​ណា​មិញ​ លោក​មិន​បាន​​​​ផ្តល់​​ព័ត៌មាន​​លម្អិត​ ឬ​​ភស្តុតាង​​អំពី​​ការ​​ជាប់​​ពាក់​ព័ន្ធ​​​នោះ​​​ទេ​។​

​ក្រសួង​ការ​បរទេស​​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​ឥណ្ឌា​ មិន​បាន​ចេញ​ប្រតិកម្មភ្លាម​ៗ​​យ៉ាង​ណា​នោះ​ទេជុំ​វិញ​បញ្ហា​នេះ​។

គួរ​​​បញ្ជាក់​ផង​ដែរ​ថា​ ការ​វាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ប៉ាគីស្ថាន​បាន​កើន​ឡើង​ ហើយ​ខណៈ​ការ​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់​ ការ​វាយ​ប្រហារ​ភាគ​ច្រើន​កើត​មាន​ទៅ​លើ​​​កង​កម្លាំង​សន្តិសុខ​។ យ៉ាង​ណា​មិញ​ ក្រុម​តាលីបង់​​​ប៉ាគីស្ថាន​ (TTP) ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​មួយ​ចំនួ​ន​​នៅ​​ប៉ាគីស្ថាន​​បាន​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​កាល​ពី​ថ្ងៃ​សុក្រ​៕​