ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ​ពូទីន ​កាល​ពី​ថ្ងៃ​សៅរ៍​ បានប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​កាត់​ទឹក​ដី​​អ៊ុយក្រែន​ចំ​នួន​ ៤​ តំបន់​រាប់​បញ្ចូល​ទាំង​ខុស​ច្បាប់​​ថា​ ជា​ទឹក​ដី​របស់​ខ្លួន​ ដោយ​និយាយ​ថា​ ប្រជាជន​ក្នុង​តំបន់​ទាំង​នោះ​​បា​ន​សម្រេច​ចិត្ត​ចូល​ជាមួយ​រុស្ស៊ី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ក្នុង​​សុន្ទរក​ថា​​មួយ​​ដែល​​​​ចេញ​​​ផ្សាយ​​​ដើម្បី​​ប្រារព្ធ​​ខួ​​ប​លើក​​ទី​​​១​​ នៃ​​ការ​​​រាប់​​បញ្ចូល​​ លោក​ ពូទីន​ ​បាន​​ទទូច​​ថា​ រុស្ស៊ី​​​ត្រូវ​​បាន​​អនុវ​ត្ត​ «​​ស្រប​​តាម​​បទដ្ឋាន​​អន្តរជាតិ​»​ ក្នុង​ការ​ធ្វើ​ប្រជាមតិ​កាល​ពី​​ ១ ​ឆ្នាំ​​មុន​​​។​


លោក​ក៏បា​ន​អះ​អាង​ដែរ​ថា​ ប្រជាជន​នៃ​តំបន់​ទាំង​ ៤ ​រួម​មាន៖​ ដុនណិតស្ក៍​ លូហានស្ក៍ ហ្សាប៊ូរីចា និង​ឃើរសុ​ន​ ​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ពួក​គេ​ម្តង​ទៀត​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​ នៅ​ក្នុង​ការ​​បោះ​ឆ្នោ​ត​​មូលដ្ឋាន​​កាល​ពី​ដើម​​​ខែ​កញ្ញា​នេះ​​​។ គណៈ​កម្មា​ធិការ​​រៀប​ចំ​​កា​​រ​​បោះ​ឆ្នោត​​កណ្តាល​​របស់​​រុស្ស៊ី​​បាន​​និ​យា​យ​​​ថា​ គណបក្ស​​កាន់​​អំណាច​​របស់​​​រុស្ស៊ី​​​ទទួល​​បាន​​សំឡេង​​ច្រើន​​ជាង​​គេ​។​

កន្លង​មក​ លោក​ខាង​លិច​បាន​ច្រាន​ចោល​​ការ​បោះ​ឆ្នោត​ទាំង​២​លើក​ ថា​ជា​ការ​បោក​ប្រាស់ ខណៈ​អ៊ុយក្រែន​ហៅ​វា​ថា​ឥត​បាន​ការ​​។ ការ​បោះ​ឆ្នោត​​បាន​​ធ្វើ​​ឡើង​​ខណៈ​​អាជ្ញាធរ​​រុស្ស៊ី​ ​ព្យាយាម​​រឹត​​បន្តឹ​ង​​ការ​​កាន់​​កាប់​​ទឹក​ដី​​ដែល​​ក្រុង​​ម៉ូស្គូ​​ បាន​​បញ្ចូល​​ដោយ​​ខុស​​ច្បាប់​ ខណៈ​​កង​ទ័ព​រុស្ស៊ី​មិន​គ្រប់​គ្រង​លើ​តំបន់​ទាំង​៤​ទាំង​ស្រុង​នោះ​​ទេ​។ ​


ការ​ថ្លែង​ប្រារព្ធ​របស់​លោក​ ពូទីន​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​នឹង​ជ្រើស​រើស​បុរស​ចំនួន​ ១៣០ ០០០ នាក់ ដើម្បី​​​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​​ ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​តុលា​ តទៅ​។ ​ក្រសួង​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ខ្លួន​ក៏​នឹង​ចាប់​ផ្តើម​ចុះ​ឈ្មោះធ្វើ​យោធា​លើ​​​​​ប្រជាជន​​រស់​​​​នៅ​ទឹក​ដី​របស់​អ៊ុយក្រែន​ដែល​​រុស្ស៊ី​​កាត់​យក​ទាំង​៤​តំបន់​​។

ខួប​១​ឆ្នាំ​​នៃ​ការ​កាត់​ទឹក​ដី​អ៊ុយក្រែន​ធ្វើ​ឡើង​ ខណៈ​រុស្ស៊ី​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​​របស់​ខ្លួន​។ លោកYuriiMalashko​អភិបាល​​នៃ​​តំបន់​​ហ្សាប៊ូរីចា​ ដែល​គ្រប់​គ្រង​ដោយ​អ៊ុយក្រែន​ ​បាន​និយាយ​​ថា​ មនុស្ស​៥​នាក់​ បាន​រង​របួស​កាល​ពី​ថ្ងៃ​សៅរ៍​​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​២​គ្រាប់​។ ​​

ទ័ព​អាកាស​អ៊ុយក្រែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ​ថា​ កង​ការពារ​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លា​ក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន​) ​kamikaze ដែល​ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន​ ៣០​ ពី​​ក្នុង​ចំណោម​ ៤០​ គ្រឿង​ ដែល​រុស្ស៊ី​វាយ​ប្រហារ​លើ​​តំបន់​អូដេសា តំបន់​ Mykolaiv​និង​តំបន់​ Vinnytsia៕