ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃអាទិត្យ​នេះ​បាន​ឡើងក​ម្ដៅ​យ៉ាងខ្លាំង​ខ្លាំង​រហូតដល់​រលក​កំដៅ​នោះ​បង្កចេញ​ជា​ភ្លើង​ឆេះ​ព្រៃ​និង​កំពុងតែ​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ។ ការណ៍​នេះ​នាំឱ្យ​អាជ្ញាធរ​ដាក់ចេញ​នូវ​បម្រាម​ក្នុង​ការដុត​ភ្លើង​សម្រាប់​រដ្ឋ​ញូ​វ​សៅ​វែ​ល ( New South Wales) តែម្ដង។

អ្នក​ព្យាករណ៍​អាកាសធាតុ​របស់​ប្រទេស​នេះ​បាន​និយាយថា​សីតុណ្ហភាព​នឹង​ឡើង១២អង្សា​សេ (៥៣,៦ អង្សា​ហ្វា​រិ​ន​ហៃ) បន្ថែមទៀត​ដែល​លើសពី​សីតុណ្ហភាព​មធ្យម​នៅក្នុង​តំបន់​មួយចំនួន។

ដោយឡែក​នៅឯ​អាកាសយា​ន​ដ្ឋា​ន Kingsford Smith នៃ​ទីក្រុង​ស៊ីដនី​សីតុណ្ហភាព​បាន​ឡើងដល់២៨ អង់ស្សា​សេ​ហើយ​នៅ​ម៉ោង១០ព្រឹក​ថ្ងៃទី១ ខែតុលា ខណៈដែល​អាកាសធាតុ​ប្រទេស​អូស្ត្រាលី​កំពុងស្ថិត​ក្នុង​រដូវ​ផ្កា​រីក​នៅឡើយ។មានន័យថា​ស៊ី​តុ​ណ្ហ​ភាពជា​មធ្យម​ក្នុង​រដូវ​ផ្កា​រីក​គឺ​ចន្លោះ​ពី១១ទៅ២៣អង់ស្សា​សេ​ប៉ុណ្ណោះ។


ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​រដ្ឋមន្ត្រី​ទទួលបន្ទុក​សេវា​សង្គ្រោះបន្ទាន់​លោក​Jihad Dib បាន​និយាយថា​រលក​កម្ដៅ​នៅក្នុង​ប្រទេស​អូស្ត្រាលី​នឹង​កាន់តែ​អាក្រក់​នៅក្នុង​សប្ដាហ៍​បន្ទាប់។

រដ្ឋមន្ត្រី​ដដែល​នេះ​បាន​បន្តទៀតថា៖«អាកាសធាតុ​មិន​ត្រឹមតែ​ក្តៅ​ប៉ុណ្ណោះ​ទេ​តែ​វា​នឹង​ស្ងួត​មាន​ខ្យល់​បក់​ខ្លាំង​ដែលជា​លក្ខខណ្ឌ​អំណោយផល​ដល់​ការឆេះ​រាលដាល​បន្តទៀត»។


បន្ថែម​ពីនេះ​ប្រទេស​អូស្ត្រាលី​ក៏​កំពុងតែជួបប្រទះ​នឹង​ព្រឹត្តិការណ៍​អាកាសធាតុ El Nino ដែល​អាច​បង្កចេញ​ជា​ភ្លើង​ឆេះ​ព្រៃ​ព្យុះ​ស៊ីក្លូន​និង​គ្រោះរាំងស្ងួត​ជាដើម។បើតាម​ការព្យាករណ៍​ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​កើតឡើង​ក្នុងប្រទេស​អូស្ត្រាលី​រហូតដល់​ដើមឆ្នាំ២០២៤។

អូស្ត្រាលី​ជា​ប្រទេស​ដែល​ប្រឈមមុខ​នឹង​គ្រោះធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​នេះ​ញឹកញាប់​ជាងគេ​បំផុត​ដោយសារ​ភូមិសាស្ត្រ​នៃ​ទ្វីប​នេះ​មាន​សភាព​ក្ដៅ​ហើយ​ស្ងួត​ព្រមទាំង​មាន​ខ្យល់​បក់​ខ្លាំង។គ្រោះធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អូស្ត្រាលី​គឺមាន​ឈ្មោះថា«The Black Saturday fires» ដែល​កើតឡើង​ក្នុង​ឆ្នាំ២០០៩និង​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​និង​ផ្ទះសម្បែង​ក្នុង​ទំហំ​ដ៏​ធំធេង។

យ៉ាងណាមិញ​ព្រឹត្តិការណ៍ El Niño ដែលជា​ព្រឹត្តិការណ៍​ខ្យល់​បក់​ចេញពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​ជំ​រុញឱ្យ​ប្រទេស​អូស្ត្រាលី​ឡើងក​ម្ដៅ​ផងដែរ។តាមរយៈ​ព្រឹត្តិការណ៍​នេះ​ផ្ទៃ​ទឹក​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នឹងមាន​សភាព​ក្ដៅ​ជាង​ធម្មតា​ចរន្ដ​ខ្យល់​បក់ ក៏​មិនមាន​ភាពទៀងទាត់​ដែល​វា​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឬ​មិនមាន​ភ្លៀង​ធ្លា​ក់សោះ។នៅពេល​មាន​ភ្លៀង​ធ្លាក់​ទៀតសោត​គេ​នឹង​ឃើញ​មាន​រន្ទះ​ដែល​នេះ​ក៏​ជា​មូល​ហេតុដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ផងដែរ៕