​តុលាការ​កំពូល​វៀតណាម​បាន​កាត់​ទោស​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម លោក Nguyen Thanh Long ពីបទ​ទទួល​ប្រាក់​សំណូក​ជាង​ ២,២៥ លាន​ដុល្លារ ដើម្បី​ចេញ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​​ ១​​ លក់​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩ ​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អន​ឡាញ VnExpress ពីថ្ងៃ​សុក្រ​។

​អ្នកផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​សំណូក​នេះ រួមមាន​អតីត​លេខា​របស់លោក Long គឺ​លោក​ Nguyen Huynh អតីត​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ក្រុង​ Hai Duong លោក Pham Duy Tuyen អតីត​ប្រធាន​នាយកដ្ឋាន​បរិក្ខារ និង​ការងារ លោក​ Nguyen Minh Tuan អតីត​ប្រធាន​នាយកដ្ឋាន​ផែនការ​ហិរញ្ញ​វត្ថុ លោក Nguyen Nam Lien អតីត​ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេក​​វិទ្យា​លោក​Trinh Thanh Hung ជាដើម​។

​លោក Pham XuanThang អតីត​​លេខា​បក្ស​កុម្មុយនីស្ត​ក្រុង​ Hai Duong រង​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច​។ ជាមួយគ្នា​នោះ លោក Phan Quoc Viet អគ្គនាយក​ក្រុមហ៊ុន Viet A ដែលជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ ក៏​ដូច​ជា​មន្ត្រីក្រោមឱវាទ​រប​ស់លោក លោក Vu Dinh Hiep ក៏​រង​ការចោទប្រកាន់​ពីបទ​ផ្តល់​សំណូក និង​ការរំលោភ​លើ​ការដាក់​ថ្លៃ​ផ្សេងៗ​ទៀត នាំ​ផលវិបាក​ធ្ងន់ធ្ងរ​។​


​ចំណែក លោក Chu Ngoc Anh អតីត​រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​លោក Pham Cong Tac អនុរដ្ឋមន្ត្រី រង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែលនាំឱ្យ​បាត់បង់​។​

​លើសពីនេះ មនុស្ស ២៥​ នាក់​ផ្សេងទៀត ក៏​រង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ការ​ដាក់​ថ្លៃ និង​ការរំលោភបំពាន​អំណាច​ដែរ​។​


​នៅពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩​ កំពុង​រាលដាល​ខ្លាំង​នៅ​ដើមឆ្នាំ​ ២០២០ លោក Viet ដែលជា​អគ្គនាយក​ក្រុមហ៊ុន Viet A បាន​ណែនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ឱ្យ​បង្កើត​ការផលិត និង​ស្វែងរក​ការអនុញ្ញាតឱ្យ​មានការ​ចែកចាយ​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ ១៩​។

​លោក Viet រង​ការចោទប្រកាន់​ពីបទ​ផ្តល់​សំណូក​សរុប​ដល់​ទៅ ៤,៣៦​ លាន​ដុល្លារ ដល់​មន្ត្រី​មួយចំនួន ដោយ​អតីត​រដ្ឋមន្ត្រី​សុខាភិបាល​លោក Long ទទួល​បាន​ប្រាក់​សំណូក​ច្រើនជាងគេ​។

​ក្នុង​ឆ្នាំ​ ២០២០ និង ២០២១ ក្រុមហ៊ុន Viet A បាន​ផលិត​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩ ចំនួន​ ៨,៧ ​លាន​ឧបករណ៍ ហើយ​លក់​ចេញ​បាន ៨,៣ ​លាន​ឧបករណ៍​។ រដ្ឋ​វៀតណាម​បាន​បង់ប្រាក់​ជូន​ក្រុមហ៊ុន​នេះ​ចំនួន ២,២៥​ ពាន់​ពាន់​លាន​ដុង ហើយ​ក្រុមហ៊ុន​បាន​រង​ការចោទប្រកាន់ថា បានទទួល​លុយ​ដោយ​ខុសច្បាប់​ចំនួន ១,២៣​ ពាន់​ពាន់​លាន​ដុល្លារ​៕