ប្រទេស​កូរ៉េខាងជើងនៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ​បានប្រកាស​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​​អនុញ្ញាត​ឱ្យមាន​អំពើ​ភេរវកម្ម​ប្រឆាំងនឹង​គុយបា​ កើតមានឡើង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក។

ប្រទេស​កូរ៉េខាងជើង​បាន​បន្ថែម​ថា ការវាយប្រហារ​ប្រឆាំង​ទៅនឹង​ស្ថានទូត​គុយបា​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន គឺជា​លទ្ធផល​នៃ​ចេតនា​ប្រឆាំងនឹង​ប្រទេស​គុយបា។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖​«សហរដ្ឋអាមេរិក​បាន​ធ្វេសប្រហែស​ក្នុងការ​ធានា​នូវ​សុវត្ថិភាព​របស់​បេសកកម្ម​គុយបា ប៉ុន្តែ​ប្រសិនបើ​ការដាក់​ប្រទេស​ដែល​ខ្លួន​មិន​ចូលចិត្ត ដូចជា​គុយបា​ជាដើម​ទៅក្នុង​បញ្ជី​ប្រទេស​ដែល​ឧបត្ថម្ភ​អំពើ​ភេរវកម្ម​វិញ សហរដ្ឋអាមេរិក​ពិត​ជា​ពូកែ​ណាស់»។


​ក្រៅពី​ប្រទេស​គុយបា កូរ៉េខាងជើង ស៊ី​រី និង​អ៊ីរ៉ង់ ក៏​កំពុង​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​របស់​ក្រសួងការបរទេស​អាមេរិក​ដូចគ្នា។

កាលពី​ថ្ងៃទី២៤ ខែកញ្ញា មាន​បុគ្គល​ម្នាក់​បានធ្វើការ​វាយប្រហា​រ​ទៅកាន់​ស្ថានទូត​គុយបា ដោយ​ប្រើប្រាស់​ដប​ស្រា​ក្រឡុក​ចំនួន​២ គប់​ចូល​ខាងក្នុង​ស្ថានទូត​នាពេល​យប់ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រងរ​បួស និង​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​នោះទេ។


អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា​ការវាយប្រហារ​ភេរវកម្ម​យ៉ាងធ្ងន់ធ្ងរ។ លោក​ក៏បាន​ចង្អុលបង្ហាញ​ឱ្យឃើញ​ថា វា​គឺជា​ហេតុការណ៍​មួយ​ស្រដៀង​គ្នា​ទៅនឹង​ឧប្បត្តិ​ហេតុដែល​បាន​កើតមានឡើង​កាលពី​ឆ្នាំ២០២០ ដែល​កាលនោះ បុគ្គល​ម្នាក់​បាន​បាញ់កាំភ្លើង​រះ​ទៅកាន់​អគារ​ស្ថានទូត​នេះ​ដូចគ្នា។យ៉ាងណាក៏ដោយ បុរស​ម្នាក់​ដែល​បាន​បាញ់ប្រហារ​នោះ​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួនបានភ្លាម។

អ្នកនាំពាក្យ​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​KCNA ថា៖«ឧប្បត្តិ​ហេតុដែល​បានកើត​ឡើង​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា វា​គឺជា​ការយល់ព្រម​ឱ្យធ្វើ​ដោយ​សម្ងាត់​របស់​រដ្ឋបាល​សហរដ្ឋអាមេរិក»។

លោក​បាន​ពន្យល់ថា ជំនួស​ឱ្យ​ការ​ផ្ដោតទៅលើ​ការចង្អុល​ឈ្មោះ​ប្រទេស​ដែល​ឧបត្ថម្ភ​ភេរវកម្ម សហរដ្ឋអាមេរិក​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ឧបទ្ទវហេតុ​ភេរវកម្មថ្មីៗ និង​ជា​ប្រវត្តិសាស្ត្រ​កន្លងមក​ជាច្រើន ហើយ​ត្រូវ​ស៊ើបអង្កេត​ស្វែងរក​ការពិតជា​មូលដ្ឋាន​ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់ខ្លួន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក​លោក ចេក ស៊ូ​លី​វ៉ាន(Jake Sullivan)បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ ហើយ​ថា​អាជ្ញាធរ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​នឹងធ្វើ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់។ ភ្នាក់ងារ​សម្ងាត់​អាមេរិក​បានឱ្យដឹងថា គិត​មកទល់ពេលនេះ គ្មាន​នរណាម្នាក់​ត្រូវបាន​ចាប់​ឃុំឃាំង​នោះទេ ខណៈដែល​ការស៊ើបអង្កេត​កំពុង​បន្ត។

ស្ថានទូត​គុយបា​បានចាប់ផ្ដើម​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៥នៅពេលដែល​គុយបា និង​សហរដ្ឋអាមេរិក​បាន​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ។ រដ្ឋាភិបាល​ទីក្រុង​ហា​វ៉ា​ណា(Havana) ប្រទេស​គុយបា​បាន​និយាយថា វា​មិន​សម​ហេតុផល​ទាល់តែសោះ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​រក្សា​ឈ្មោះ​ប្រទេស​គុយបា​នៅក្នុង​បញ្ជី​ភេរវកម្ម​របស់ខ្លួន និង​រក្សា​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដដែល៕