ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងប្រទេស​ឥណ្ឌា​របស់​រដ្ឋាភិបាល​ចាស់ ដែល​គាំទ្រ​ដោយ​បស្ចិម​ប្រទេស​បានប្រកាស​បិទ​ស្ថានទូត ចាប់ពី​ថ្ងៃទី​​ ១ ខែតុលា ឆ្នាំ​ ២០២៣ ​តទៅ ដោយ​លើកឡើង​ពី​កង្វះ​ជំនួយ​ផ្នែក​ការទូត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Al Jazeera​។

​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន​កាល​ពីថ្ងៃ​សៅរ៍ បានឱ្យដឹងថា​៖ «​វា​គួរឱ្យ​សោកសៅ សោកស្ដាយ និង​ខកចិត្ត​យ៉ាងខ្លាំង ដែល​ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្រុង​ញូវដែលី ប្រកាស​ពី​ការ​​សម្រេចចិត្ត​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន​»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា ការ​សម្រេចចិត្ត​នេះ ធ្វើឡើង​ដោយ​សារ​តែ​កង្វះ​ការគាំទ្រ​ដ៏​សំខាន់ ពី​ប្រទេស​ឥណ្ឌា ដែល​បាន​បង្អាក់​លទ្ធភាព​រប​ស់​ស្ថានទូត ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។​


​ប្រភព​ដដែល​បន្តទៀត​ថា​៖ «​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ទាំង​បុគ្គលិក និង​ធនធាន​ដែលមាន​សម្រាប់​ពួកយើង ដែល​ធ្វើឱ្យ​វា​កាន់តែ​មានការ​ប្រឈមមុខ​កាន់តែខ្លាំង​ឡើង​ក្នុង​ការបន្ត​ប្រតិបត្តិការ​»​។

​ទោះយ៉ាងណា សេចក្តី​ថ្លែង​ការ​ណ៍​នោះ បញ្ជាក់ថា ស្ថានទូត​ចង់បាន​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋា​ភិ​បាល​ឥណ្ឌា ដើម្បី​ធានាថា​ផល​ប្រយោជន៍​របស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​រស់នៅ ធ្វើការ សិក្សា និង​ធ្វើ​អាជីវកម្ម​នៅ​ឥណ្ឌា ទទួលបាន​ការការពា​រ​។​


​ការបិទ​នេះ កើតឡើង​ជាង​ ២ ​ឆ្នាំ​ បន្ទាប់ពី​រដ្ឋាភិបាល​តា​លី​បង់ បាន​ត្រឡប់មក​កាន់អំណាច​លើ ប្រទេស​វិញ ក្រោយ​ការ​ដួល​​រលំ​នៃ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Ashraf Ghani​ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​កងទ័ព​របស់ខ្លួន​ក្រោយពី​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​អស់​រយៈពេល​ ២០​ ឆ្នាំ​។

​ការបិទ​ស្ថានទូត​នេះ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា ឯក​អគ្គរដ្ឋទូត និង​អ្នកការទូត​ជាន់​​ខ្ពស់​ផ្សេងទៀត បាន​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយមាន​ការប៉ះទង្គិច​គ្នា​ក្នុងចំណោម​អ្នក​ដែល​បន្ត​ធ្វើការ​ក្នុង​ទីក្រុង​ញូ​វ​ដែ​លី ប៉ុន្តែ​ស្ថានទូត​បាន​ច្រានចោល​ការអះអាង​ទាក់ទង​នឹង​ការប៉ះទង្គិច​ផ្ទៃក្នុង​ក្នុងចំណោម​បុគ្គលិក​របស់ខ្លួន ដោយ​សង្កត់ធ្ងន់ថា ទាំងនេះ​ជា​ពាក្យ​ច​ចាម​អា​រ៉ា​ម​ដែល​គ្មាន​មូលដ្ឋាន​។​

​ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ឥណ្ឌា​នឹង​គ្រប់គ្រង​មើលថែ​ស្ថានទូត​របស់ខ្លួន ប៉ុន្តែ​ក្រសួង​ការបរទេស​ឥណ្ឌា​មិនទាន់​បញ្ជាក់​ពី​ជំហរ​នោះទេ​។

​គ្មាន​ប្រទេស​ណាមួយ ឬ​ឥណ្ឌា ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​តា​លី​បង់​ជា​ផ្លូវការ​ឡើយ​៕​