រដ្ឋអាជ្ញា​តៃវ៉ាន់​ បាន​លើកឡើងកាលពី​ថ្ងៃ​ចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់ថា មាន​អ្នកបាន​ព្យាយាម​ជ្រៀតជ្រែក​ចូលក្នុង​កម្មវិធី​គ្រប់គ្រង​ប្រតិបត្តិការ​នាវាមុជទឹក​របស់​កោះ​តៃវ៉ាន់ ​ហើយ​បានធ្វើឱ្យ​មានការ​បែកធ្លាយ​ព័ត៌មាន​លម្អិត​មួយចំនួន។ ការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា​វា​​មាន​​បញ្ហា​សន្តិសុខ​ដល់​កោះ​​តៃវ៉ាន់​យ៉ាងធ្ងន់ធ្ងរ​។

តៃវ៉ាន់​បានដាក់​ចេញ​នូវ​នាវាមុជទឹក​ផលិត​ក្នុងស្រុក​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​និង​ការត្រៀមខ្លួន​ប្រឆាំងនឹង​កងទ័ពជើងទឹក​របស់​ប្រទេស​ចិន។ យ៉ាងណាក៏ដោយ តៃវ៉ាន់​នឹងមិន​ទាន់​ដាក់ចេញ​ឱ្យ​ដំណើរការ​នាវាមុជទឹក​នេះ​ទេ រហូតដល់​ទៅ​ពីរ​ឆ្នាំ​ទៀត។

លោក ហួង ស៊ូ​កួង (Huang Shu-kuang) ដែល​កំពុង​ដឹកនាំ​កម្មវិធី​សាងសង់​នាវាមុជទឹក​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ​កាលពី​សប្តាហ៍​មុន​ថា សមាជិកសភា​ដែល​លោក​មិនបាន​បញ្ចេញ​ឈ្មោះ បាន​បង្ក​ការលំបាក​ដល់​ដំណើរ​ការទិញ​ឧបករណ៍សំខាន់។ លោក​ក៏បាន​លើកឡើងថា ក្រុមហ៊ុន​ម៉ៅការ​មួយ​ដែល​មិនបាន​ឈ្នះ​ក្នុង​ដំណើរការ​ដេញថ្លៃ​លទ្ធកម្ម​សាធារណៈ បាន​បញ្ជូន​ព័ត៌មាន​អំពី​នាវា​នេះ​ទៅឱ្យ​ភាគី​ប្រទេស​ចិន។


នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ការិយាល័យ​រដ្ឋអាជ្ញា​កំពូល​របស់​តៃវ៉ាន់​បាន​សង្កត់ធ្ងន់ថា ការចោទប្រកាន់​របស់​លោក ហួង​បែបនេះ បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ភាគី​ពាក់ព័ន្ធ​ដោយសារតែ​វា​អាច​នឹង​ជះ​ផលប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ និង​វិស័យ​ការពារជាតិ។

សេចក្តីថ្លែងការណ៍​នោះ បាន​ណែនាំ​ព្រះរាជអាជ្ញា​ឱ្យ​បើក​ការស៊ើបអង្កេត​ករណីនេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ការពារ​សន្តិសុខ​ជាតិ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​នេះ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត ឬ​ឈ្មោះ​ក្រុមហ៊ុន​ម៉ៅការ​នោះទេ។


សម្រាប់​តៃវ៉ាន់ គម្រោង​ផលិត​នាវាមុជទឹក​ក្នុងស្រុក​ដោយ​ខ្លួនឯង ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន ពោល​គឺមាន​សារៈសំខាន់​ត្រង់​ថា ប្រទេស​ចិន​តែងតែ​ចេញ​ធ្វើ​សកម្មភាព​សមយុទ្ធ​យោធា​ក្នុងការ​បង្ហាញថា​ខ្លួន​មាន​អធិបតេយ្យភាព​គ្រប់គ្រង​តំបន់​កោះ​តៃវ៉ាន់។

គម្រោង​ផលិត​នាវាមុជទឹក​នេះ តៃវ៉ាន់​បានទទួល​បាន​ជំនួយ និង​ប្រមូលផ្ដុំ​បច្ចេកវិទ្យា​មកពី​បណ្ដា​ប្រទេសផ្សេងៗជាច្រើន។ ទាំងអស់នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​តៃវ៉ាន់ ដែលជា​កោះ​មួយ​កំពុង​ប្រឈមមុខ​នឹង​ភាព​ឯកោ​ខាង​ការទូត៕