ខណៈ​ភាព​តានតឹង​ក្នុង​ដែន​សមុទ្រ​របស់ខ្លួន​កាន់តែ​កើន​ឡើង​ជាមួយ​ប្រទេស​ចិន​ដែល​បាន​រារាំង​ទូក​នេសាទ​ហ្វីលីពីន​ទៅកាន់​កោះ​ដែលមាន​ជម្លោះ ប្រទេស​ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រយៈពេល​ ២ ​សប្តាហ៍ ដោយមាន​កងទ័ព​ចូល​​រួម​រហូតដល់ ​១ ៨០០​ នាក់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កងកម្លាំង​មកពី​ទីក្រុង​ម៉ានីល ចក្រភព​អង់គ្លេស កាណាដា ជប៉ុន និង​សហរដ្ឋអាមេរិក បានចាប់ផ្តើម​លំ​ហាត់​សមយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ សម្រាប់​រយៈពេល​ ២​ សប្តាហ៍​ក្នុង​ដែនទឹក​ហ្វីលីពីន​ជា «​ការបង្ហាញ​កម្លាំង​» ​រួមគ្នា ចំពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់​ទប់ទល់​នឹង​ឥទ្ធិពល​យោធា​របស់​ចិន​។​

​សមយុទ្ធ​យោធា​នៃ​កងទ័ព​ជើង​ទឹក​រួមគ្នា ៥​ ប្រទេស មាន​ជាង ១ ៨០០​ នាក់ បានរៀបចំ​ឡើង​ក្រោយ​រយៈពេល​តែ​ ២ ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​កង​ទ័ពជើងទឹក​របស់​ម​ហាយ​ក្ស​ចិន​បាន​រារាំង​ទូក​នេសាទ​របស់​ហ្វីលីពីន​ចូលទៅ​កាន់​ដែន​កោះ Scarborough Shoal ដែលមាន​ជម្លោះ និង​ដែល​ពួកគេ​ធ្លាប់​ទៅ​ស្នា​ក់លើ​ទីនោះ​។


​សកម្មភាព​រារាំង​នោះ​ក្រុម​យោធា​ជើង​ទឹក​ចិន​បានដាក់​ពង្រាយ​ពោង​បណ្តែត​ទឹក​ប្រវែង​ប្រហែល​ ៣០០​ ម៉ែត្រ ដើម្បី​កុំឱ្យ​ទូក​នេសាទ​របស់​ហ្វីលីពីន​ចូលទៅ​កាន់​កោះ​នោះបាន​។​ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​ចេញផ្សាយ​កាលពី​ពេលនោះ​។

​ប៉ុន្តែ​ក្រោយ​ការតវ៉ា​របស់​ភាគី​ហ្វីលីពីន កងទ័ព​ចិន​ក៏បាន​ដក​ពោង​នោះ​ខ្លះ​ចេញ ហើយ​ក្រោយមក​នាវា​របស់​ហ្វីលីពីន​ក៏បាន​ប្រមូល​ចំណែក​ដែល​នៅ​សេស​សល់​ចេញ​អស់ពី​ផ្ទៃ​ទឹក​។​


​កងទ័ពជើងទឹក​ហ្វីលីពីន​បាន​និយាយថា សមយុទ្ធ​ដែល​ឱ្យ​ឈ្មោះថា «Sama Sama»​ មានន័យថា​ «​រួមគ្នា​» ឆ្នាំ​ ២០២៣ កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​ភាគខាងត្បូង​នៃ​កោះ Luzon ដែលមាន​សមយុទ្ធ​កងទ័ព​ជើង​ទឹក​នៅក្នុង​តំបន់​ដូចជា សង្គ្រាម​ប្រឆាំង​នាវាមុជទឹក ការការពារ​ដែនអាកាស និង​ការស្វែងរក និង​ជួយសង្គ្រោះ​។​

​មេ​ទ័ពជើងទឹក​ហ្វីលីពីន លោក​ឧ​ត្ត​មនា​វី​ទោ Toribio Adaci បាន​និយាយ​នៅក្នុង​ពិធី​បើក​ថា «​ជាមួយនឹង​ការបង្ហាញ​ពី​កម្លាំង និង​ការចូលរួម​យ៉ាងសកម្ម​របស់​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង ភាពលេច​ធ្លោ​លើសពី​ការរួម​គ្នា​គឺ​សមយុទ្ធ​យោធា​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វា​គឺជា​និមិត្តសញ្ញា​នៃ​ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង និង​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​របស់​យើង​ចំពោះ​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។​

​នៅក្នុង​សុន្ទរកថា​របស់លោក អនុ​ឧ​ត្ត​មនា​វី​ឯក Karl Thomas មេបញ្ជាការ​កង​នាវាចរ​ទី​៧ របស់​កងទ័ពជើងទឹក​​សហរដ្ឋអាមេរិក បាន​និយាយថា​៖«​វា​មាន​សារៈសំខាន់​ដែល​ប្រជាជាតិ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការធ្វើ​នាវាចរ និង​ប្រតិបត្តិការ​នៅ​សមុទ្រ​ហ្វីលីពីន​ខាងលិច ដោយ​គ្មាន​ការបង្ខិតបង្ខំ ដោយ​មិនមាន​ការគំរាមកំហែង​»​។

​សមុទ្រ​ហ្វីលីពីន​ខាងលិច សំដៅលើ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាមទារ​ដោយ​ទីក្រុង​ម៉ានីល ប៉ុន្តែ​ប្រទេស​ចិន​បានបង្ហាញ​ការជំទាស់​ចំពោះ​ការទាមទារ​ទាំងឡាយ​ពី​ប្រទេសហ្វីលីពីន​តាមរយៈ​ការ​ល្បាត​កងទ័ពជើងទឹក​នៅ​តំបន់​កោះ​ដែលមាន​ជម្លោះ និង​រារាំង​សកម្មភាព​ដែល​ធ្លាប់​បានធ្វើ​ក្នុងពេល​កន្លងមក​។

​ក្នុង​ការធ្វើ​សមយុទ្ធ​រួមគ្នា​នោះ មាន​នាវា​ចំនួន​ ៥​ គ្រឿង ដោយ​ ២​ គ្រឿង​មកពី​សហរដ្ឋអាមេរិក និង ​១ ​គ្រឿង​មកពី​អង់គ្លេស កាណាដា និង​ជប៉ុន បាន​ចូលរួម​សមយុទ្ធ និង​ដំណើរការ​រហូតដល់​ថ្ងៃទី​ ១៣ ខែតុលា​។​

​សេចក្តីរាយការណ៍​ឱ្យដឹងថា​កងទ័ពជើងទឹក​នៃ​ប្រទេស​អូស្ត្រាលី បារាំង ឥណ្ឌូនេស៊ី និង​នូ​វែ​ល​សេ​ឡង់​ក៏បាន​ចូលរួម​តាមរយៈ​ការបញ្ជូន​អ្នក​សង្កេត​ការណ៍ និង​អ្នកជំនាញ​។​

​ប្រទេស​ចិន​ទើប​បញ្ចេញ​ផែនទី​ស្តង់ដា​ថ្មី​មួយ​កាលពី​ថ្ងៃ​ ២៤​ សីហា ​ដែល​បង្ហាញ​ពី​ការ​ក្រសោប​យក​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​៕