មិន​ដល់ ​​១០​ ថ្ងៃ​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​ សេដ្ឋា ថាវីស៊ីន បាន​ទទួល​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​ ​មក​ពី​ប្រទេស​ចិន​ក្រោម​កម្មវិធី​លើក​លែង​ទិដ្ឋាការ ដ៏​គគ្រឹក​គគ្រេង​​នៅ​​ព្រលាន​យន្តហោះ សុវណ្ណភូមិ​ ភ្ញៀវ​ទេសចរ​ចិន​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ផ្សារ​ទំនើប​​កណ្តាល​ក្រុង​បាង​កក ដែល​នាំ​ដល់​ក្តី​កង្វល់​សម្រាប់​ការទាក់ទាញ​ទេសចរចិន។

ការ​បាញ់​ប្រហារ​ដែល​កើត​ឡើង​ដោយ​យុវជន​ម្នាក់​អាយុ​១៤ឆ្នាំ ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ជំងឺ​ផ្លូវ​ចិត្ត (Mental Illness) ​នៅ​ល្ងាច​ថ្ងៃទី​៣​ខែ​តុលា បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ ក្នុងនោះ មាន​អ្នក​ទេសចរ​ចិន​ម្នាក់ និង ម្នាក់​ទៀត​ជាជន​ជាតិមីយ៉ាន់ម៉ា ខណៈ​អ្នក​រង​របួស​មាន​៦​នាក់ ដោយ​៥​នាក់ មាន​សភាពធ្ងន់ធ្ងរ។​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។​

ក្រោយ​ការ​ជាប់​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន បាន​ដាក់​ចេញ​នូវគោល​នយោបាយ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ជា​ពិសេស​ទេសចរ​មក​ពី​ប្រទេស​ចិន ដោយ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាកា​សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​ប្រទេសថៃ​រយៈពេលវែង។​


នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​ល្ងាចថ្ងៃទី​៣ខែ​តុលា​នេះ ​នាយក​រដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បាន​រំឭក​ពី​ឈ្មោះ​​របស់​ស្តី្រ​ទេសចរ​ចិន​ដែល​បានស្លាប់​ក្នុង​ហេតុការណ៍​នោះ ថា មាន​អាយុ ​ប្រហែល ៣០ ឆ្នាំ។

នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​អ្នកសារព័ត៌មានថា ៖«ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំបំ​ផុត​ចំពោះ​ក្រុម​គ្រួសារ​នៃសព​បន្ទាប់​ពីការ​បាញ់​ប្រហារ​នៅ Siam Paragon »។


«ខ្ញុំ​សូម​ផ្តល់​ការ​គាំទ្រ​ផ្នែក​សីលធម៌​របស់​ខ្ញុំ​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ទាំង​អស់​ដែល​បាន​ស្លាប់ និង​របួស»។

ថ្មីៗ​នេះ​ប្រទេស​ថៃ​បាន​ផ្តល់ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន​ចាប់​ពីថ្ងៃ​ទី ២៥ ខែ​កញ្ញា​ដល់ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ​ឆ្នាំ ២០២៤ ដើម្បី​ជំរុញ​ទេសចរណ៍​ក្នុងស្រុក។

ការ​លើកលែង​បណ្ដោះ​អាសន្ន​នេះ ត្រូវ​បាន​គេរំពឹង​ថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ចំនួន ៥ លាន​នាក់ ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ Sudawan Wangsuphakijkosol ។

យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​អាជ្ញាធរ​ទេសចរណ៍​ថៃ ​(TAT) ចាប់​ពីថ្ងៃទី ១ ខែមករា ដល់​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា ប្រទេសថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ចិន​ជាង ​២,៣៤ លាននាក់ ប្រមាណ ៣៧ ភាគរយ​នៃ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩៕​