​ក្រោយ​ការបាញ់ប្រហារ​ដែល​បង្ក​ឡើង​ដោយ​យុវជន​ម្នាក់​អាយុ ​​១៤​ ឆ្នាំ​ នៅ​ហាង​លក់ទំនិញ​រាយ​ដ៏​ទំនើប​នៅ​កណ្តាល​ក្រុង​បាងកក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ ២​ នាក់ ក្នុងនោះ​មាន​ទេសចរ​ចិន​ម្នាក់ និង​ជនជាតិ​មី​យ៉ាន់់​ម៉ា​ម្នាក់​ផង រួមទាំង​របួសធ្ងន់​ស្រាល​ចំនួន ​៦ ​នាក់ បញ្ហា​សុវត្ថិភាព​ភ្ញៀវទេសចរ​បានក្លាយ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រទេស​ថៃ​ដែល​ទើប​ដាក់ចេញ​គោល​នយោបាយ​ទាក់ទាញ​ទេសចរ​បរទេស​តាមរយៈ​ការលើកលែង​ទិដ្ឋាការ​។​

១​ ថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ​ដ៏​គួរឱ្យ​ភ័យខ្លាច និង​តក់ស្លុត​នោះ ក្រុមមន្ត្រី​ទេសចរណ៍​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ចាត់​​វិធានការ​ដើម្បី​បង្កើន​សុវត្ថិភាព​ភ្ញៀវទេសចរ​បរទេស ខណៈដែល​សារព័ត៌មាន​ចិន Global Times បាន​ផ្សាយ​ថា ទេសចរ​ចិន​បានបង្ហាញ​ក្តីបារម្ភ​ជុំវិញ​សុវត្ថិភាព​ក្នុងការ​ចូលមក​ទស្សនា​នៅ​ប្រទេស​ថៃ​។​

​យោងតាម​សារព័ត៌មាន Bloomberg រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក Sudawan Wangsuphakijkosol បាន​និយាយថា ការបាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Siam Paragon ក្នុង​រដ្ឋធានី​បាងកក គឺជា «​ឧប្បត្តិហេតុ​ដាច់ដោយឡែក​»​។​


​យោង​ការផ្សាយ​នោះ ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ថៃ​នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​អាវុធ​នៅ​ផ្សារ​ទំនើប និង​កន្លែង​ទេសចរណ៍​ផ្សេងៗ​ទៀត​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន ដែល​ទើប​ចូលកាន់​តំណែង​ជាង​ ១ ​ខែ បានដាក់​ចេញ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​បរទេស​ជាពិសេស​ពី​ប្រទេស​ចិន​តាមរយៈ​ការលើកលែង​ទិដ្ឋាការ​ស្នាក់នៅ​ប្រទេស​ថៃ​រយៈពេល​យូរ បាន​ចេញទៅ​ទទួល​ទេសចរ​ចិន​ដែល​មកដល់​ទឹកដី​ថៃ​ដំបូង​ក្រោម​គោលនយោបាយ​នេះ កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា​ដោយ​ទទួល​បានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​ប្រតិបត្តិ​ករ​ទេសចរណ៍​។


​ប៉ុន្តែ​បញ្ហា​អសន្តិសុខ​កើតឡើង​នៅ​ថ្ងៃទី​ ៣ ខែតុលា​នេះ បានក្លាយ​ជា​រឿង​មួយ​ដែល​នាយករដ្ឋមន្ត្រី​ចេញមុខ​ដោយផ្ទាល់​។ នាយករដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន បាន​រំឭក​ពី​អ្នកស្លាប់​ក្នុង​ហេតុការណ៍​នោះ​ថា អ្នក​ទេសចរ​ចិន​ដែល​បាន​ស្លាប់ មាន​អាយុ ប្រហែល ៣០​ ឆ្នាំ​។​

​លោក សេដ្ឋា ថា​វី​ស៊ីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ Siam Paragon​។ ខ្ញុំ​សូម​ផ្តល់​ការគាំទ្រ​ផ្នែក​សីលធម៌​របស់ខ្ញុំ​ដល់​ក្រុមគ្រួសារ​នៃ​អ្នក​ទាំងអស់​ដែល​បាន​ស្លាប់ និង​របួស​»​។​

​សារព័ត៌មាន​ចិន Global Times បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ថា ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​ថៃ​បាន​ទៅសួរសុខទុក្ខ​ជនជាតិ​ចិន​ដែល​រងរបួស​នៅ​មន្ទីរពេទ្យ​។

​សេចក្តីរាយការណ៍​បាន​បន្តថា ទាំង​នាយករដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន និង​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Parnpree Bahiddha-Nukara បាន​ទូរស័ព្ទ​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​​ថៃ លោក Han Zhiqiang ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរួមជាតិ​ចិន​ដែល​បានទទួល​មរណភាព​ក្នុងនាម​រដ្ឋាភិបាល​ថៃ​។​

​អ្នក​និយម​លេង​បណ្តាញ​សង្គម​ចិន​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​របស់​ពួកគេ​អំពី​ថា​តើ​វា​នៅតែមាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដែរ ឬទេ ដោយ​ចែករំលែក​ភាព​តប់ប្រមល់​របស់​ពួកគេ​នៅ​បណ្តាញ​សង្គម Weibo របស់​ចិន ដែលមាន​ទម្រង់​ដូច Twitter កាលពី​ថ្ងៃ​អង្គារ ជាមួយនឹង​ព័ត៌មាន​នៃ​ឧប្បត្តិហេតុ​បាញ់ប្រហារ​បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ៣២​ លាន​ដង​នៅលើ​បណ្តាញ​សង្គម​នោះ​។​

​ថៃ​រំពឹង​យ៉ាងខ្លាំង​លើ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ពី​ភ្ញៀវទេសចរ​ចិន​៕