​តុលាការក្រុង​ម៉ូស្គូ​​ កាលពី​ថ្ងៃ​ពុធ​​បាន​កាត់ទោស​កំបាំងមុខ​អតីត​អ្នកកាសែត​របស់​ទូរទស្សន៍​រដ្ឋ​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ ៨ ឆ្នាំ ​កន្លះ​​ចំពោះ​ការតវ៉ា​ប្រឆាំង​រុស្ស៊ី ​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ការបង្ក្រាប​ចុងក្រោយបង្អស់​របស់​រុស្ស៊ី ទៅលើ​ក្រុមប្រឆាំង រាប់​ចាប់តាំងពី​ការឈ្លានពាន​អស់​រយៈពេល​ជាង ២០ ខែ ​មកនេះ។

អ្នកស្រី ម៉ា​រី​ណា អូវ​ស្យា​នី​កូ​វ៉ា (Marina Ovsyannikova) ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កងទ័ព​រុស្ស៊ី​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​ក្រោម​ច្បាប់​ដែល​បានអនុម័តភ្លាមៗបន្ទាប់ពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)បាន​បញ្ជូន​កងទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន​បន្ថែមទៀត។

គួររំឭកថា អ្នកស្រី​ធ្លាប់​បានធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ជិត​វិមាន​ក្រឹម​ឡាំង​កាលពី​ខែកក្កដា​ឆ្នាំ២០២២ដោយបាន​ឈរលើ​ក​ផ្ទាំង​បដា​ដែលមាន​សរសេរថា «ពូ​ទីន​ជា​ឃាតករ។ទាហាន​របស់គាត់​គឺជា​ពួក​ហ្វា​ស៊ី​ស។កុមារ ៣៥២ នាក់​ ត្រូវបាន​សម្លាប់។តើ​នឹង​ត្រូវឱ្យ​កុមារ​ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវស្លាប់​ដើម្បីឱ្យ​លោក​ឯង​បញ្ឈប់​សង្គ្រាម​មួយ​នេះ?»


បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​នោះមក អ្នកស្រី​ត្រូវបាន​ចាប់ឃុំខ្លួន​និង​ដាក់ឱ្យ​នៅក្នុង​ផ្ទះ​មិនអាច​ចេញ​ក្រៅ​បាន​ប៉ុន្តែ​អ្នកស្រី​បាន​លួច​រត់គេចខ្លួន​ទៅកាន់​ប្រទេស​បារាំង​ជាមួយនឹង​កូនស្រី​របស់​អ្នកស្រី។អាជ្ញាធរ​រុស្ស៊ី​បានដាក់​ឈ្មោះ​អ្នកស្រី​ទៅក្នុង​បញ្ជី​ឧក្រិដ្ឋជន​ហើយ​បាន​កាត់ទោស​អ្នកស្រី​ឱ្យ​ជាប់ពន្ធនាគារ​ដោយ​កំបាំងមុខ។

អ្នកស្រី អូវ​ស្យា​នី​កូ​វ៉ា ធ្លាប់ធ្វើ​ការឱ្យ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​មួយ​ឈ្មោះថា Channel One ដែលជា​ស្ថានីយ៍ទូរទស្សន៍​ជាតិ​ដ៏​ពេញនិយម​បំផុត​មួយ​របស់​រុស្ស៊ី។អ្នកស្រី​បានធ្វើ​ការផ្សាយ​ព័ត៌មាន​ទៅកាន់​អន្តរជាតិ​មួយ​កាលពី​ខែមីនា​ឆ្នាំ២០២២ ក្រោម​ចំណងជើង​ថា«បញ្ឈប់​សង្គ្រាម​កុំ​ជឿ​ការឃោសនា​ពួកគេ​កំពុង​កុហក​អ្នក​ទាំងអស់គ្នា»។


ក្រោយមក អ្នកស្រី​បាន​លាឈប់​ពី​ការងារ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ដល់​កង​កម្លាំងយោធា​រុស្ស៊ី​និង​ពិន័យ​ជា​ប្រាក់​ចំនួន ២៧០ ដុល្លារ​អាមេរិក ភ្លាមៗនៅពេលនោះ។

ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការឈ្លានពាន​ជនជាតិ​រុស្សី​ជិត៨០០០នាក់​បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​មជ្ឈិម​ហើយ​មនុស្ស​ជាង ៧០០ នាក់ ​ត្រូវបាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​ជុំវិញ​ការនិយាយ​ជា​សាធារណៈ​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​រុស្ស៊ី​នេះ​បើ​យោងតាម​អង្គការសិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ ​OVD Info ។

រដ្ឋាភិបាល​រុស្ស៊ី​តែងតែបាន​ប្រើប្រាស់​ច្បាប់​ប្រឆាំង​ការរិះគន់​ប្រតិបត្តិការ​យោធា ចាប់ខ្លួន​ក្រុមប្រឆាំង​សកម្មជន​សិទ្ធិមនុស្ស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាច្រើន។ក្រុម​អ្នក​រិះគន់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អង្គការសិទ្ធិមនុស្ស​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​គេហទំព័រ​ព័ត៌មាន​ឯករាជ្យ​ក៏ត្រូវ​បាន​បិទ​ហើយ​អ្នកកាសែត​មួយចំនួន​បានសម្រេច​ចាក​ចេញពី​ប្រទេស​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ។

រហូតមកទល់​ពេលនេះ អ្នក​ដែល​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​រុស្ស៊ី​ជាច្រើនរូប​មកហើយ​ដែល​ត្រូវបាន​កាត់ទោស​កំបាំងមុខ​ឱ្យ​ជាប់ពន្ធនាគារ។ ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើក​នេះ គឺជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​រុស្ស៊ី រាប់​ចាប់តាំងពី​ការដួលរលំ​សហភាពសូវៀត៕