ករណី​បាញ់កាំភ្លើង​ នៅតាម​ទីសាធារណៈ​បានកើត​ឡើងជារឿយៗ នៅក្នុង​ប្រទេស​ថៃ​ ហើយ​ករណី​ទាំងនេះ​ បានធ្វើឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ផងដែរ។ ដោយឡែក​បញ្ហា​នៅ​ពីក្រោយ​ការបាញ់រះ​ទាំងនោះ​ភាគច្រើន​បង្ក​ចេញពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​និង​ការប្រើប្រាស់​គ្រឿងញៀន។


ជាក់ស្ដែង ករណី​ក្មេងប្រុស​អាយុ១៤ឆ្នាំ​ម្នាក់ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង​ នៅ​ប្រទេស​ថៃ​ គឺ​ត្រូវបាន​ប៉ូលិស​សន្និដ្ឋានថា​រូបគេ​មាន​ជំងឺផ្លូវចិត្ត។ បើទោះជា​យ៉ាងនេះ​ក្ដី ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​ប៉ូលិស​ថៃ​នៅឡើយ​ទេ​ប៉ុន្តែ​អ្វីដែល​សាធារណៈជន​បានដឹង​គឺ​ក្មេងប្រុស​រូបនេះ​បាន​ដើរចូល​ទៅក្នុង​ផ្សារ​ទំនើប​ Siam Paragon ដោយ​កាន់​កាំភ្លើង​កែច្នៃ​មួយ និង​បាន​បាញ់សម្លាប់​មនុស្ស២នាក់ ហើយ​ធ្វើឱ្យ​មនុស្ស៥នាក់​ទៀត​រងរបួស។

បន្ទាប់ពី​ករណីនេះ​បាន​កើតឡើង​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយបាន​ប្ដេជ្ញា​ក្នុងការ​រឹតបន្តឹង​សន្តិសុខ​ជាពិសេស​ត្រួតពិនិត្យ​ទៅលើ​ច្បាប់​នៃ​ការកាន់កាប់​កាំភ្លើង។


សម្រាប់​ប្រជាជាតិ​ថៃ​ច្បាស់​ជា​ចាំ​មិន​ភ្លេច​នោះទេ​អំពី​ករណី​អតីត​ប៉ូលិស​ម្នាក់​ចូលទៅ​បាញ់កាំភ្លើង​រះ​នៅក្នុង​សាលារៀន​ដោយបាន​សម្លាប់​មនុស្ស​ចំនួន ៣៦នាក់ ក្នុងនោះ​មាន​កុមារ ២២នាក់ កាលពី​ជិត​មួយឆ្នាំ​មុន។


នៅក្នុង​ឆ្នាំ ២០២០ ឯណោះ​វិញ ទាហាន​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បានធ្វើ​សកម្មភាព​បាញ់រះ​ខេត្ត​ក្នុង Nakhon Ratchasima ដោយបាន​សម្លាប់​មនុស្ស ២៩ នាក់ និង​របួស​ជាង ៥០នាក់​ក្នុង​រយៈពេល​ត្រឹមតែ ១៧ ម៉ោង។


នៅ​ឆ្នាំ ២០២២ បុរស​ឈ្មោះ​ PhisitRaphitphan បាន​បាញ់សម្លាប់​បុរស​ម្នាក់​ក្នុងចំណោម ៤នាក់​ ដែល​ព្យាយាម​អុកឡុក​ហាង​របស់ខ្លួន ។ ក្រោយ​ហេតុការណ៍​នេះ​ស្ត្រី​ជា​ម្ចាស់​ហាង​មាស​ម្នាក់ទៀត​នៅ​ខេត្ត​សុង​ក្លា​បាន​បង្ហោះ​រូបភាព​ខ្លួន​តាម​អន​ឡាញ​ដោយ​កាន់​កាំភ្លើងខ្លី​មួយ​ដើម​នៅក្នុង​ហាង។ រូបភាព​នេះ​ត្រូវបាន​ប្រជាជន​ថៃ​ចែករំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​និង​ត្រូវបាន​គេ​ជឿថា​វា​អាចជា​គំរូ​មួយ​ដល់​ប្រជាជន​ថៃ ក្នុងការ​ប្រែក្លាយ​ផ្នត់គំនិត​នៃ​ការកាន់កាប់​កាំភ្លើង​ទៅជា​រឿង​សាមញ្ញ។

ករណី​ទាំងអស់នេះ​បានបង្ហាញ​ពី​ភាពទូលំទូលាយ​នៃ​ការប្រើប្រាស់​កាំភ្លើង​នៅ​ប្រទេស​ថៃ​ហើយ​វា​ត្រូវការ​ឆន្ទៈ​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​រុំ​ា​រ៉ៃ​មួយ​នេះ។

យ៉ាងណាមិញ​កាលពី​ខែមីនា​ឆ្នាំ២០២៣ អតីត​គណៈរដ្ឋមន្ត្រីរ​បស់​ប្រទេស​ថៃ​បានអនុម័ត​លើ​ច្បាប់​រឹតបន្តឹង​កាំភ្លើង​ដោយ​សម្រេច​ផ្តល់​ការលើកលែងទោស​រយៈពេល ១៨០ថ្ងៃ​ដល់​ជន​ដែល​ព្រម​ប្រគល់​អាវុធ​មិនបាន​ចុះបញ្ជី​របស់​ពួកគេ។ ប៉ុន្តែ​ក៏​គ្មានអ្វី​កើតឡើង​នោះដែរ​ព្រោះ​សភា​ត្រូវបាន​រំលាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ដើម្បី​រៀបចំ​ការបោះឆ្នោត​ថ្មី។

គួរឱ្យ​ដឹងថា​អ្នក​ដែល​បានដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​កាំភ្លើង​នៅ​ប្រទេស​ថៃ​មិនមាន​កាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់ និង​មិនចាំបាច់​ឆ្លងកាត់​ការត្រួតពិនិត្យ​លម្អិត​អំពី​ប្រវត្តិ​អំពើហិង្សា​ក្នុង​គ្រួសារ​នោះទេ។

តាមរយៈ​ច្បាប់​ធូររលុង​នៃ​ការប្រើប្រាស់​កាំភ្លើង​បែបនេះ​គេ​អាច​ជួញដូរ​កាំភ្លើង​ដោយ​សេរី​តាម​អ៊ីនធឺណិត​ក្នុងតម្លៃ​ពី ៤០០០ បាត ​ទៅ ៥០០០ បាត (១០៨ ទៅ ១៣៥ ដុល្លារ​អាមេរិក)។

យោងតាម​ការប៉ាន់ប្រមាណ​របស់​អង្គការ gunpolicy.org ជន​ស៊ីវិល​នៅក្នុង​ប្រទេស​ថៃ​កាន់​កាំភ្លើង​ច្រើនជាង ៧.២ លាន​ដើម​ក្នុង​ឆ្នាំ ២០២១ ក្នុងនោះ ១,២ លាន​នាក់​មិនបាន​ចុះបញ្ជី​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់។ ក្នុង​ឆ្នាំ ២០១៩ មនុស្ស ១,២៩២ នាក់​ត្រូវបាន​សម្លាប់​ដោយ​អំពើហិង្សា​បង្ក​ចេញពី​ការប្រើប្រាស់​កាំភ្លើង៕