ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើក្រុមហ៊ុនតៃវ៉ាន់ផ្សេងៗដែលបានជួយក្រុមហ៊ុន Huawei ក្នុងការដំឡើងរោងចក្រផលិតឧបករណ៍ពាក់កណ្តាលសម្រេច (semiconductor) ដែលអាចរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោកWang Mei-hua បានយល់ព្រមកាលពីថ្ងៃពុធ ក្នុងការចាប់ផ្តើមការស៊ើបអង្កេតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៤ ដែលសហការជាមួយក្រុមហ៊ុនHuawei លើការសាងសង់រោងចក្រផលិតបន្ទះឈីប។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ទាំង៤កំពុងជួយក្រុមហ៊ុន Huawei បង្កើតបណ្តាញរោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសចិន ដោយមិនឱ្យគេចាប់បាន។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Topco Scientific ក្រុមហ៊ុន L&K Engineering ក្រុមហ៊ុន United Integrated Services និងក្រុមហ៊ុនCica-Huntek Chemical Technology Taiwan។
លោក Wang បានប្រាប់សមាជិកសភាថា ក្រុមហ៊ុនទាំង៤ បានជួយក្រុមហ៊ុនHuawei ដំឡើងនូវ«ឧបករណ៍ការពារសំណល់ទឹកនិងបរិស្ថាន» សម្រាប់រោងចក្ររបស់ក្រុមហ៊ុនប៉ុន្តែមិនប្រើបច្ចេកវិទ្យារសើបដែលអាចប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈានមុខគេនៅលើបច្ចេកវិទ្យា 5G គឺជាបញ្ហាស្នូលនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ដែលកាន់តែតានតឹងឡើងៗលើបញ្ហាបច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរឹតត្បឹតក្រុមហ៊ុននេះពីការនាំចូលផលិតផលទៅកាន់ទីផ្សារធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរួមទាំងបន្ទះឈីប ដោយសារការភ័យខ្លាចថា ផលិតផលរបស់ក្រុមហ៊ុននេះអាចអនុញ្ញាតឱ្យចិនធ្វើចារកម្មលើបណ្តាញរបស់ពួកគេ។
តៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន និងចងសម្ព័ន្ធភាពជាមួយអាមេរិកឯណោះវិញ គឺជាកោះមហាអំណាចខាងការរចនា និងផលិតគ្រឿងអេឡិចត្រូនិក ដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោកទំនើប។
ទោះបីជាមានការបង្កើនសម្ពាធការទូត និងយោធាពីចិនលើកោះនេះក៏ដោយ ក៏ឧស្សាហកម្មបច្ចេកវិទ្យារបស់តៃវ៉ាន់ ត្រូវតែដើរលើខ្សែបន្ទាត់ដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខឹងសម្បារពីទីក្រុងប៉េកាំង និងការរំលោភលើការគ្រប់គ្រងការនាំចេញណាមួយ៕