​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ដីសណ្ដ​ទន្លេមេគង្គ​របស់​វៀតណាម​អាច​នឹង​អស់​ខ្សាច់​នៅត្រឹម​ឆ្នាំ ២០៣៥​។ ការណ៍​នេះ​បាន​នាំឱ្យ​អ្នកជំនាញ​ចេញមុខ​ក្រើនរំឭក​ទៅដល់​វៀតណាម ចំពោះ​សកម្មភាព​ជីក​យក​រ៉ែ​ខ្សាច់ និង​ការធ្វើ​ទំនប់​អគ្គិសនី ដោយហេតុថា​ការ​អស់​ខ្សាច់​នេះ​នឹង​នាំឱ្យ​ប៉ះពាល់​បន្ត​ដល់​ការដាំដុះ​នៅក្នុង​ផ្ទៃ​ប្រទេស​។

​ដីសណ្ត​ដែលជា​ចំណុច​ដ៏​សំខាន់​នៃ​ជីវចម្រុះ ជា​កន្លែង​ដែល​ទឹកទន្លេ​មេគង្គ​ហូរ​ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​តាមរយៈ​ដីសណ្ត​នេះដែរ វា​បានផ្តល់​អាហារ និង​ទ្រទ្រង់​ជីវភាព​រស់នៅ​សម្រាប់​មនុស្ស​រាប់សិប​លាន​នាក់​។

​ប៉ុន្តែ​យ៉ាងណា ទំនប់​វា​រី​អគ្គិសនី​ដែល​នៅលើ​ទន្លេមេគង្គ​បច្ចុប្បន្ននេះ កំពុងតែ​កាត់បន្ថយ​លំហូរ​ខ្សាច់​ចុះក្រោម ដែល​ធ្វើឱ្យមាន​ការថយចុះ​យ៉ាង​ឆាប់រហ័ស​នៃ​ខ្សាច់​នៅក្រោម​បាតទន្លេ​។ បើតាម​ការសិក្សា​ដដែល​នះ ខ្សាច់​ក្រោម​បាតទន្លេ​គឺមាន​សារៈសំខាន់​ក្នុងការ​ធានា​ភាព​យូរអង្វែង​របស់​ដីសណ្ដ​។


​ទន្ទឹមនឹងនេះ ការជីក​យក​រ៉ែ​ខ្សាច់​ដើម្បី​បម្រើឱ្យ​វិស័យ​សំណង់ ដែលជា​វិស័យ​កំពុង​រីកចម្រើន​របស់​ប្រទេស​វៀតណាម កំពុង​ធ្វើឱ្យ​បាត់បង់​ធនធាន​យ៉ាង​ឆាប់រហ័ស​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF)​។

​របាយការណ៍​របស់​អង្គការ​ដដែល​នេះ​បាន​ក្រើនរំឭក​ទៀតថា​៖ «​អត្រា​នៃ​ការទាញយក​ធនធានធម្មជាតិ​ពី​ទន្លេមេគង្គ​បច្ចុប្បន្ននេះ​មាន​ទំហំ​ពី ៣៥-៥៥ លាន​ម៉ែត្រគុប​ក្នុង​មួយឆ្នាំ ខណៈដែល​ធនធាន ដែល​វៀតណាម​មាន​បច្ចុប្បន្ន​នេះ អាច​ប្រើប្រាស់​បានត្រឹមតែ​មួយ​ទសវត្សរ៍​ប៉ុណ្ណោះ​»​។


​លោក​វេជ្ជបណ្ឌិត Sepehr Eslami ដែលជា​អ្នកចូលរួម​សរសេរ​របាយការណ៍​នេះ បានឱ្យដឹងថា​ប្រសិនបើ​ខ្សាច់​អស់​ពិតមែន នឹងមាន​ការប៉ះពាល់​ប​ន្ថែ​ម​ ១០% ចេញពី​ការហូរចូល​នៃ​អំបិល ដែល​វា​នឹង​បង្ក​ការខូចខាត​យ៉ាង​ធំធេង​ដល់​ដំណាំ​ស្រូវ​នៅក្នុង​ទន្លេមេគង្គ​ទឹកសាប​។

​លោក Eslami បាន​បន្តទៀតថា ការថយចុះ​នៃ​ខ្សាច់​ក៏​នឹង​នាំឱ្យមាន​ការបាក់​ច្រាំងទន្លេ​កាន់តែច្រើន និង​ទឹកជោរ​កាន់តែខ្លាំង ដែល​នឹង​នាំឱ្យមាន​គ្រោះទឹកជំនន់​ផងដែរ​។

​អ្វីដែល​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​គឺ បរិមាណ​ខ្សាច់​ដែល​ត្រូវបាន​ទាញយក​ជា​រៀងរាល់ឆ្នាំ ទំនងជា​ខ្ពស់ជាង​ការសិក្សា​ដែល​បាន​រាយការណ៍ ដោយសារតែ​ការស្រាវជ្រាវ​មិនបាន​គណនា​ពី​បរិមាណ​ដែល​បាន​ជីក​នៅពេល​យប់ ខណៈពេលដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ខុសច្បាប់​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព បូម​ខ្សាច់​នៅពេល​យប់​។​

​កាលពី​ខែសីហា​កន្លងទៅ​នេះដែរ ប៉ូលិស​បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​ខេត្ត An Giang ជា​ខេត្ត​សម្បូណ៌​ទៅដោយ​ដីសណ្ដ​មេគង្គ ពីបទ​ទទួល​សំណូក​ចំនួន ៥​ ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​។

​ប៉ូលិស​បាន​និយាយថា ក្រុមហ៊ុន Trung Hau ៦៩ បាន​ជីក​យក​ខ្សាច់​ជាង ៤,៧ លាន​ម៉ែត្រគុប បើទោះបី​ជាមាន​អាជ្ញាប័ណ្ណ​ដើម្បី​ទាញយក​ត្រឹម​តែមួយ​ភាគបី​ក៏ដោយ​។

​តាមរយៈ​សកម្មភាព​ទាំងនេះ ជារឿយៗ ផ្ទះសម្បែង និង​អាជីវកម្ម​របស់​ប្រជាជន​នៅ​ប្រប​នឹង​ដីសណ្ត​ទន្លេមេគង្គ​បាន​បាក់​ចូលទៅក្នុង​សមុទ្រ ដោយសារ​ការហូរ​ច្រោះ​ឆ្នេរសមុទ្រ ដែល​មួយផ្នែក​បណ្តាលមកពី​ការបាត់​ខ្សាច់​៕