ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​​បាន​វាយ​ប្រហារ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​​អាហ្វហ្គានីស្ថាន​ ភាគ​កាល​ពីរសៀល​​ថ្ងៃ​សៅរ៍​ ដោយ​បាន​សម្លាប់មនុស្ស​​​ជាង​ ១០០ នាក់​​ និង​ធ្វើ​ឱ្យ​របួស​រាប់​ពាន់​នាក់​ ខណៈ​តួលេខ​នេះ​រំពឹង​ថា​នឹង​កើន​ឡើងបន្ថែម​ទៀត​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ​ ដោយ​ស្រង់​សម្ដី​មន្រ្តី​មូលដ្ឋា​ន​អាហ្វហ្គានីស្ថាន​។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ចុះ​ផ្សាយ​ដោយ​ស្រង់​ការ​ឱ្យដឹង​របស់​​​​ទីភ្នាក់ងារ​​​ស្ទង់​មតិ​ភូគព្ភ​សាស្ត្រ​សហរដ្ឋ​អា​មេរិក​ (USGS) ​​ថា​ ការ​រញ្ជួយ​បាន​កើត​ឡើង​ជាច្រើន​ដង​​​​​នៅ​ចម្ងាយ​ប្រមាណ​ ៣៥ គីឡូម៉ែត្រ​ភាគពា​យព្យនៃទីក្រុង Herat ខេត្ត​ ​ Herat ដោយ​មាន​កម្រិត​នៃ​​ការ​រញ្ជួយ​មួយ បាន​​​ហក់​ទៅ​ដល់​ ៦,៣ រ៉ិចទ័រ​។ ​

​រ៉យទ័រ​រាយការណ៍​ដោយ​ស្រង់​សម្ដី​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​ Herat ដែល​​​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា​ ការ​រញ្ជួយ​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ ហើយ​ធ្វើ​ឱ្យ​ប្រជាជន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ ដើម្បី​រក​កន្លែង​សុវត្ថិភាព​។


​ប្រធាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​​ខេត្ត ​ Herat ​​លោក​ MosaAshari​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​​៖ «​មា​ន​ប្រជាជន​ជាង​ ១ ០០០ នាក់​ដែល​រង​របួស​ ​​ហើយ​មនុស្ស​ប្រហែល​ ១២០​ នាក់​ បាន​បាត់​បង់​ជីវិត​»​។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​បណ្ដាញ​ព័ត៌មាន​ BBC។

​របាយការណ៍​​ពី​ដំបូង​ឡើង​ មាន​អ្នក​ស្លាប់​ត្រឹម​តែ​ ១៦ នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំនួន​ជន​រង​គ្រោះ​ទាំង​ស្លាប់​ និង​របួស​​រំពឹង​ថា​នឹង​កើន​ឡើង​ជា​គំហុក​ ដោយ​សារ​តែ​តំបន់​រង​គ្រោះ​មួយ​ចំនួន​ពិបាក​​ក្នុង​ការ​ទាក់​ទង​ ឬ​ធ្វើ​ដំណើរ​ទៅ ជា​ពិសេស​សម្រាប់​ក្រុម​អ្នក​រុក​រក​ និង​ជួយ​សង្គ្រោះ​​។ ​​បើ​តាម​ BBC​ របាយការណ៍ចុង​ក្រោយ​​ដែល​មិន​ទាន់​មាន​ការ​​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ​ បាន​កំណត់​ចំនួន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​ជាង​ ៣០០ នាក់​។


ចំណែក​ឯ​លោក Mullah Jan Sayeq ​អ្នក​នាំ​ពាក្យ​ក្រសួង​គ្រប់​គ្រង​គ្រោះ​មហន្តរជាតិ​​​អាហ្វហ្គានីស្ថាន​ បាន​មាន​និយាយបន្ថែម​ឱ្យ​ដឹង​ថា​ ​​​ការ​រញ្ជួយ​ដីចុង​ក្រោយ​​នេះ​ ក៏​ធ្វើ​ឱ្យ​មាន​រំញ័រ​នៅ​ខេត្ត​ Farah និង​ខេត្ត​ Badghisផង​ដែរ​ ដោយ​នៅ​​ទី​នោះ​ មានសេចក្ដី​រាយការណ៍​ពី​ការ​ខូច​ខាត​សំណង់​​ផ្ទះ​ ប៉ុន្តែ​មិន​មាន​​ព័ត៌មាន​លម្អិត​អំ​ពី​គ្រោះ​ថ្នាក់​លើ​មនុស្ស​ឡើយ​។​

​គួរ​បញ្ជាក់​ថា​ តំបន់​ជា​ច្រើន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់​ដោយ​សារ​តែ​បញ្ហា​ផ្លូវ​ និង​ភូមិ​ដែល​​នៅ​រាយ​ប៉ាយ​លើ​តំបន់​ផ្សេង​ៗ​។ នៅ​ទី​នោះ​ ផ្ទះ​របស់​ប្រជាជន​ភាគ​ច្រើន​ ធ្វើ​ពី​ដី​ភក់​ ដែល​បណ្ដាល​ឱ្យ​វា​ងាយ​នឹង​ដួល​រលំ​នៅ​ពេល​រញ្ជួយ​ដី​កើត​ឡើង​។

ម្យ៉ាង​វិញ​ទៀត​ គ្រោះ​រញ្ជួយ​ដី​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​ក្នុង​ប្រទេស​នេះ​ ដោយ​សារ​តែ​វា​ស្ថិត​នៅ​លើ​ផ្លា​ក​តិចតូនិក​របស់​ផែន​ដី​។ កាល​ពីខែ​មិថុនា​​ឆ្នាំ​មុន​ គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់​ធ្ងរ​បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​របស់​ប្រទេស​ ដោយ​សម្លាប់​មនុស្ស​ជាង​ ១ ០០០ នាក់​ និង​របួស​រាប់​រយ​នាក់​៕