ប្រទេស​ចិន​ បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​មួយ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក​ បេន​ចា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា ​ប្រទេស​របស់លោក «កំពុងមាន​សង្គ្រាម» និង​ត្រៀម​សង​សឹង​ក្រុម​ហា​ម៉ាស់​ បន្ទាប់ពី​មានការ​វាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់។

ក្រសួងការបរទេស​ចិន ​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ​នៅ​ថ្ងៃអាទិត្យ​ ទី៨ ខែតុលា ​ថា​ ទីក្រុង​ប៉េកាំង ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះ​ការកើនឡើង​នៃ​ភាព​តានតឹង ​និង​អំពើហិង្ សា​រវាង ​ប៉ា​ឡេ​ស្ទី​ន ​និង​អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍​នោះបាន​អំពាវនាវ​ថា៖ «គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្ហាញ​នូវ​ភាពស្ងប់ស្ងាត់​និង​ការអត់ធ្មត់​វិញ​ហើយ​បញ្ឈប់​ការបាញ់ប្រហារ​ជាបន្ទាន់​ ដើម្បី​ការពារ​ប្រជាជន​ស៊ីវិល​ និង​ដើម្បី​ការពារ​ស្ថានភាព​កុំឱ្យ​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត»។


​ចាប់​តាំងពីព្រឹក​ថ្ងៃ​សៅរ៍ ​ក្រុម​ហា​ម៉ាស់ បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ មិន​ធ្លាប់មាន​ដោយ​បាញ់ស្រោច​គ្រាប់​រ៉ូ​កែ​ត​ជាង ៥ ពាន់​គ្រាប់​ ទៅលើ​ទឹកដី​អ៊ីស្រាអែល។ លើសពីនេះទៅទៀត​ក្រុម​ហា​ម៉ាស់​ បា​នប​ញ្ចូ​ន​ក្រុម​សកម្ម​ប្រដាប់អាវុធ​តាម​ទូក​តាម​ឆ័​ត្រ​យោង​ឬ​តាមផ្លូវ​អាកាស​ចូល​ដី​អ៊ីស្រាអែល ​ទៅ​ដើរ​បាញ់សម្លាប់​មិន​រើសមុខ​ក្នុង​ទីក្រុង​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ​និង​រន្ធត់ចិត្ត​ជាខ្លាំង​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល។

យោងតាម​ប្រភព​នៅ​តំបន់​ហ្គា​ហ្សា​ក្រោយ​ការ​វាយឆ្មក់​របស់​ក្រុម​ហា​ម៉ាស់​អ៊ីស្រាអែល​ ក៏បាន​វាយបក​ត្រលប់​ទៅវិញ​ទាំង​កំហឹង​ដោយ​បង្ក​ឱ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន២៣២នាក់​បាន​បាត់​បង់ជីវិត។ខណៈ​ជនជាតិ​អ៊ីស្រាអែល ​វិញ​ការស្លាប់​បាន​កើនឡើង​ដល់ ៣០០ នាក់ ​គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ប៉ុណ្ណោះ។


នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្រសួងការបរទេស​ចិន ​បាន​បន្តថា​ ជម្លោះ​ចុងក្រោយ​បំផុត​នេះ ​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថា​ការជាប់គាំង​នៃ​ដំណើរការ​សន្តិភាព​និង​បន្ត​រយៈពេល​វែង​ថែមទៀត។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា​សហគមន៍​អន្តរជាតិ​គួរតែ​ជំរុញ​ការចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចចរចា​សន្តិភាពរ​វា​ង​ប៉ា​ឡេ​ស្ទី​ន ​និង​អ៊ីស្រាអែល ខណៈ​ចិន ​សន្យា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ជាមួយ​សហគមន៍​អន្តរជាតិ​រហូត​ដល់ទី​បញ្ចប់៕