ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា តុលាការ​កំពូល​មី​យ៉ាន់​ម៉ា​បាន​ច្រានចោល​បណ្ដឹងឧទ្ធរណ៍រ​បស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ប្រឆាំងនឹង​ការកាត់ទោស​ឱ្យ​លោកស្រី​ជាប់ពន្ធនាគារ​ពីបទ​អំពើពុករលួយ​ចំនួន ៦​ ​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​បន្ត​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​របស់​អង់គ្លេស​។

​លោកស្រី ស៊ូ​ជី ដែល​ជាប់​ឃុំខ្លួន​ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី ​១ ​ខែកុម្ភៈ​ឆ្នាំ ២០២១ មក​នោះ ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ បន្ទាប់ពី​រដ្ឋាភិបាលយោធា​លើកលែងទោស​ឱ្យ ​៥​ ឆ្នាំ​។​

លោកស្រី ស៊ូ​ជី ដែលជា​ម្ចាស់​មេដាយ​ណូបែល​សន្តិភាព កំពុង​ជាប់ទោស​ជាច្រើន​ឆ្នាំ​ក្នុង​បណ្ដឹង​ដែល​រៀបចំឡើង​ដោយ​របប​យោធា ដោយមាន​បទ​ចោទ​ជាច្រើន​រាប់​ចាប់តាំងពី​បទ​ចោទ​ក្បត់ជាតិ និង​អំពើ​ពុក​​រលួយ​ជាដើម ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី លោកស្រី​តែង​បាន​បដិសេធ «​ការប្រព្រឹត្ត​ខុស​»​។​


​ជុំវិញ​ការច្រានចោល​បណ្ដឹងឧទ្ធរណ៍​របស់លោក​ស្រី ស៊ូ​ជី រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា មិនទាន់​ចេញ​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​។

​មី​យ៉ាន់​ម៉ា​ធ្លាក់​ចូលទៅក្នុង​ភាពចលាចល​សង្គម​ជាថ្មី ចាប់​តាំងពី​រដ្ឋប្រហារ​បាន​កើតឡើង ដែល​បង្កបានជា​ចលនា​តស៊ូ​ប្រឆាំង និង​ការបង្ក្រាប​ពី​ក្រុម​យោធា​ផ្សេងៗ ដោយ​បន្សល់ទុក​នូវ​ការចាប់ខ្លួន និង​ការសម្លាប់​ជន​ស៊ីវិល​រាប់លាន​នាក់​។​


​រដ្ឋាភិបាល​ក្រៅប្រទេស​ជាច្រើន រួមទាំង​នៅ​អាស៊ាន បាន​អំពាវ​នាវ​ឱ្យមាន​ការដោះលែង​លោក​ស្រី អ៊ុន​សាន ស៊ូ​ជី ដោយ​ឥត​លក្ខខណ្ឌ​រួម​ជាមួយនឹង​អ្នកទោសនយោបាយ​រាប់ពាន់នាក់​ផ្សេង​ទៀត ប៉ុន្តែ​របប​យោធា​មី​យ៉ាន់​​ម៉ា​មិនបាន​អើពើ​នឹង​ការ​អំពាវ​នាវ​ទាំង​នោះឡើយ​។

​ការច្រានចោល​បណ្ដឹងឧទ្ធរណ៍​លើក​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ដដែល​បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍​ចំនួន​៥​របស់លោក​ស្រី ស៊ូ​ជី កាលពី​ខែសីហា ដោយ​បណ្ដឹង​ទាំងនោះ​រាប់បញ្ចូល​ទាំង​បទ​ចោទ​រួមមាន ការនាំ​ចូល និង​កាន់កាប់​អេកូ​ម​ដោយ​ខុសច្បាប់ ការបះបោរ និង​ការរំលោភ​លើ​ការ​រឹតបន្តឹង​កូ​វីដ​ ១៩​ ជាដើម​។

​កាលពីដើម​ខែសីហា​ផងដែរ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បានផ្តល់​ការលើកលែងទោស​មួយចំនួន​ដល់​លោកស្រី ស៊ូ​ជី ដែល​បន្ថយទោស​ចំនួន ៥​ ឆ្នាំ​។ ប៉ុន្តែ​ទង្វើ​នេះ នៅតែ​រង​ការ​រិះគន់ថា គ្មាន​ន័យ​អ្វី​ទាំងអស់​។​

​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ក៏បាន​ប្រកាស​ពន្យារ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ម្តង​ហើយ​ម្តងទៀត​ដើម្បី​គេច​ចេញពី​ការ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដែល​ខ្លួន​បាន​សន្យា​៕​