មន្រ្តី​រដ្ឋបាល​តាលីបង់​បាន​ឱ្យ​​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​កើន​ឡើង​ដល់ជាង​​ ២ ៤០០ នាក់ និង​របួស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​​ ស្រប​ពេល​ដែល​ប្រតិបត្តិការ​រុក​រក​ និង​ជួយ​សង្រ្គោះ​នៅ​តែ​បន្ត​ដោយ​លំបាក​ក្នុង​តំបន់​ដាច់​ស្រយាល​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ JananSayeeq​អ្នក​នាំ​ពាក្យ​ក្រសួង​គ្រោះ​មហន្តរាយ​អាហ្វហ្គានីស្ថាន​នៃ​រដ្ឋបាល​របស់​តាលីបង់​ បា​ន​និយាយ​ប្រាប់​រ៉យទ័រ​ថា​ ​​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ២ ៤៤៥ នាក់​ហើយ​។ យ៉ាង​ណា​មិញ​ មន្រ្តី​ដដែ​ល​បន្ថយ​ចំនួន​អ្នក​រង​របួស​មក​ត្រឹម​ជាង​ ២ ០០០ នាក់​ ពី​ជាង​ ៩ ២០០ នាក់​ ដែល​លោក​បាន​និយាយ​កាល​ពី​លើក​មុន​។


​​​​លោក​ Sayeeq ​ក៏​​បា​ន​​និយាយ​​ដែរ​​ថា​ ផ្ទះ​​ចំនួន​ ១ ៣២០​ ខ្នង​ ​រង​ការ​បំផ្លិច​បំផ្លាញ​។ លោក​បន្ថែម​ថា​ ​​ ក្រុម​ជួយ​សង្គ្រោះ​ចំនួន​ ១០​ ស្ថិត​នៅ​ក្នុង​តំបន់​រង​គ្រោះ​ ដែល​ស្ថិត​នៅ​ជិត​ព្រំ​ប្រទល់​​ប្រទេស​អ៊ីរ៉ង់​។


គួរ​បញ្ជាក់​ថា​ ការ​រញ្ជួយ​បាន​កើត​ឡើង​ជាច្រើន​ដង​​​​​នៅ​ចម្ងាយ​ប្រមាណ​ ៣៥ គីឡូម៉ែត្រ​ភាគពាយព្យនៃទីក្រុង Herat ខេត្ត​ ​ Herat ភាគ​ខាង​លិច​អាហ្វហ្គានីស្ថាន​​ កាល​ពី​ថ្ងៃ​សៅរ៍​។ ទីភ្នាក់ងារ​​​ស្ទង់​មតិ​ភូគព្ភ​សាស្ត្រ​សហរដ្ឋ​អាមេរិក​ (USGS) ​​បាន​ឱ្យ​ដឹង​ថា​ ​​កម្រិត​នៃ​​ការ​រញ្ជួយ​មួយ បាន​​​ហក់​ទៅឡើង​រហូត​​ដល់​ ៦,៣ រ៉ិចទ័រ​។ ​

គេ​មើល​ឃើញ​ថា​ វា​គឺ​ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​បំផុត​ ដែល​កើត​ឡើង​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​តួកគី​ និង​ស៊ីរី​ ដែល​សម្លាប់​មនុស្ស​ជាង​ ៥០ ០០០ នាក់​កាល​ពី​ខែ​កុម្ភៈ​ និង​ការ​រញ្ជួយ​នៅ​ម៉ារ៉ុក​​ ដែល​សម្លា​ប់​​មនុស្ស​ប្រហែល​ ៣ ០០០​ នាក់​។

ចំនួន​អ្នកស្លាប់​នៅ​អាហ្វហ្គានីស្ថាន​ រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​ ខណៈ​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​នៅ​តែ​បន្ត​ដោ​យ​លំបាក​​ក្នុង​តំបន់​ដាច់​ស្រយាល​ ដែល​ពិបាក​ធ្វើ​ឱ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​ ឬ​ប្រមូល​ព័ត៌មាន​ស្ដី​ពី​ការ​ខូត​ខាត​ ឬ​​ជន​​រង​គ្រោះ​។ ​

ម្យ៉ាង​វិញ​ទៀត​ រ៉យទ័រ​បាន​រាយការណ៍ផង​ដែរ​​ថា​ មន្ទីរពេទ្យ​ដែល​ទទួល​ជន​រង​គ្រោះ​​ ឱ្យ​សម្រាក​ព្យាបាល​​ខ្វះ​ឧបករណ៍​ និង​គ្រឿង​វេជ្ជសាស្រ្ត​គ្រប់​គ្រាន់​ ដើម្បី​​ធ្វើ​ប្រតិបត្តិការ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​រង​របួស​ធ្ងន់​ជា​ច្រើន​ ត្រូវ​ស្លាប់​​នៅ​មន្ទីរពេទ្យ​បន្ថែម​ទៀត​។

អាហ្វហ្គានីស្ថាន​ ស្ថិត​​នៅ​លើ​តំបន់​ផ្លាក​តិច​តូនិក​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​នេះ ​ប្រឈម​មុខ​នឹង​ការ​​រញ្ជួយ​ដី​ញឹក​ញាប់​។ កាល​ពី​ឆ្នាំ​មុន​ គ្រោះ​ធម្មជាតិ​នេះ ​បាន​សម្លាប់​មនុស្ស​ជាង​ ១ ០០០ នាក់​ នៅ​ភាគ​ខាង​កើត​របស់​ប្រទេស​។

ការ​រញ្ជួ​យ​លើក​នេះ​ កើត​ឡើង​ចំពេល​ដែល​អាហ្វហ្គានីស្ថាន​នៅ​តែ​បន្ត​ត្រដរ​រស់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ និង​មនុ​ស្ស​​ធម៌​ ដែល​អូស​បន្លាយ​​រាប់​ចាប់​តាំង​ពី​​​ក្រុម​តាលីបង់​ឡើង​កាន់​អំណាច​កាល​ពី​ជាង​ ២ឆ្នាំ​មុន​ ​ហើយ​លំហូរ​ជំនួយ​ពី​បរទេស​ត្រូវ​បាន​កាត់​ផ្ដាច់​៕