ហេតុការណ៍​បាញ់កាំភ្លើង​នៅក្នុង​ផ្សារ​ទំនើប​របស់​ថៃ​កាលពី​ថ្ងៃទី​​ ៣ ខែតុលា​កន្លងទៅ​ បា​នប​ង្ក​ជាការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ជាខ្លាំង ជាពិសេស​អ្នកទេសចរ​ដែល​ស្វែងរក​កន្លែង​សុខ​សុវត្ថិភាព និង​ការសប្បាយ​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្ដិ ឬក៏​លក្ខណៈ​ផ្ទាល់ខ្លួន​ក្តី​។​


​ក្មេងប្រុស​ម្នាក់​ដែលមាន​អាយុ​ត្រឹមតែ​ ១៤ ​ឆ្នាំ​នោះ បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ២​ នាក់ និង​ធ្វើឱ្យ​មនុស្ស​ ៥​ នាក់​ទៀត​រងរបួស បង្កើតជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ពេញទី​ក្រុង​បាងកក​។​

​ក្នុងចំណោម​អ្នករងរបួស​ទាំង​ ៥​ នាក់ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​ចែករំលែក​អំពី​ហេតុការណ៍​បាញ់ប្រហារ​ដ៏​រន្ធត់​នោះ​។​


​បើតាម​ការ​ឱ្យដឹងពី​ស្ត្រី​ឈ្មោះ Anyapat Thipjirasakul ក្នុងអំឡុងពេល​ដែលមាន​ការ​ផ្អើល​ឈូឆរ នាង​បាន​រត់ឡើង​ជណ្ដើរយន្ដ (​ជណ្ដើរ​ជើង​)​ ដែល​នាង​គិតថា នឹងមាន​សុវត្ថិភាព ប៉ុន្តែ​នាង​បែរជា​ប្រទះ​នឹង​ក្មេងប្រុស ​១៤ ​ឆ្នាំ​នោះ​ដែល​កំពុង​ឈរ​នៅ​ចុង​ម្ខាង​ទៀត​នៃ​ជណ្ដើរយន្ដ​។​


​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បណ្ដើរ ស្ត្រី​រូបនេះ​បន្ត​រៀបរាប់ថា​៖ «​គ្រាន់តែ​ឃើញ​ក្មេង​ប្រុស​នោះ​ភ្លាម ខ្ញុំ​ប្រញាប់​រត់​ចុះ​តាម​ជណ្ដើរយន្ដ​យ៉ាង​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ ខ្ញុំ​បានឮ​សំឡេង​កាំភ្លើង​ប្រមាណ​ជា​៤​គ្រាប់​ហើយ​មាន ១​ គ្រាប់​ត្រូវចំ​ស្មា​ខាងឆ្វេង​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ឈឺ​ជាខ្លាំង ក៏ប៉ុន្តែ​ខ្ញុំ​មិនអាច​ឈប់​បានទេ​»​។​


​ស្ត្រី​រូបនេះ​បន្តថា​៖ «​ខ្ញុំ​បាន​លោត​ចុះ​តាម​ជណ្ដើរយន្ដ​តែម្ដង ពេលនោះ​ខ្ញុំ​ដួល​ជាច្រើន​ត្រឡប់ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​រត់​បន្តទៀត​ព្រោះ​ខ្ញុំ​ខ្លាច​គេ​នឹង​ចុះមក​ក្រោម​តាម​ខ្ញុំ​»​។​

​ហេតុការណ៍​នេះ​បានធ្វើឱ្យ​ស្ត្រី​រូបនេះ​ប៉ះពាល់​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដោយ​មិនអាច​គេង​បានឡើយ​នៅ​យប់​ទី​១ ​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​។​

Anyapat Thipjirasakul បាន​រៀបរាប់​បន្តថា​៖ «​វា​ពិតជា​ស្ថានការណ៍​ដ៏​អាក្រក់​ដែល​ខ្ញុំ​មិនអាច​សូម្បីតែ​បិទ​ភ្នែក​គេង​។ សំឡេង​កាំភ្លើង និង​មុខមាត់​របស់​ក្មេងប្រុស​នោះ​នៅ​ដក់​ជាប់​ក្នុង​ខួរក្បាល​ខ្ញុំ​តែម្ដង​»​។​

​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត Penpiwan Mitthampitak កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ អ្នកស្រី​ត្រូវបាន​បាញ់​ចំនួន ​៣ ​គ្រាប់​ដោយ​ ១​ គ្រាប់​ត្រូវចំ​ក្បាល និង​ ២ ​គ្រាប់​ទៀត​ចំ​ទ្រូង​ខាងស្ដាំ​។​

​ចំណែក​ស្ត្រីជន​ជាតិចិន​ឈ្មោះ Li Sha ​ដែលមាន​អាយុ​៣០​ឆ្នាំ ក៏ត្រូវ​ចំនួន​ ២ ​គ្រាប់​ប៉ុន្តែ​ស្ថានការណ៍​របស់​ស្ត្រី​រូបនេះ គឺ​បាន​ធូរស្រាល​ហើយ​។​

​ស្ត្រី​ជនជាតិ​ឡាវ​ម្នាក់ទៀត​ ត្រូវបាន​បាញ់​ចំ​ស្មា ​និង​ដែល​ពេលនេះ​កំពុងស្ថិត​ក្រោម​ការមើល​ថែ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ ដោយសារតែ​សរីរាង្គ​ខាងស្ដាំ​របស់​ជនរងគ្រោះ​រូបនេះ​ខ្សោយ និង​ពិបាក​ក្នុងការ​ធ្វើ​ចលនា​៕​