គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា ​ខ្លួន​បានសម្រេច​បង្កក​ជំនួយ​អភិវឌ្ឍន៍ភ្លាមៗទៅកាន់​ប៉ា​ឡេ​ស្ទី​ន​ បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ទៅលើ​អ៊ីស្រាអែល ដោយ​បណ្តាល​ឱ្យ​មាន​​អ្នកស្លាប់​កើន​ដល់​ជាង​ ១ ០០០​ នាក់​។

បើតាម​សហភាព​អឺរ៉ុប​ជំនួយ​សរុប​ដែល​ខ្លួន​កំពុងផ្ដល់​ទៅឱ្យ​ប៉ា​ឡេ​ស្ទី​ន​មាន​ចំនួន៦៩១លាន​អឺរ៉ូ​ដែល​ស្មើនឹង៧២៩ដុល្លារ​អាមេរិក។

ជាមួយគ្នានេះ​អាល្លឺម៉ង់​និង​អូទ្រីស​ក៏​កំពុងតែ​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​ទ្វេភាគី​ដល់​ប៉ា​ឡេ​ស្ទី​ន​ ខណៈដែល​ប្រទេស​ផ្សេងទៀត​ដូចជា​អ៊ីតាលី​យល់ថា​ការដក​ជំនួយ​មិនមែនជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ទេ។


យ៉ាងណាមិញ​សហភាព​អឺរ៉ុប​គឺជា​អ្នកផ្ដល់ជំនួយ​សំខាន់​ដល់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​អ៊ីស្រាអែល។ កាលពីពេល​កន្លងទៅ​អង្គការសហប្រជាជាតិ​ធ្លាប់បាន​ប៉ាន​ប្រមាណ​ថា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ​ជា២,១លាន​នាក់​ដែល​រស់​នៅលើ​ទឹកដី​អ៊ីស្រាអែល​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ក្នុងនោះ​មាន១លាន​នាក់​ជា​កុមារ។

លោក Oliver Varhelyi ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​គណៈកម្មការ​អឺរ៉ុប ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សំណើ​ថវិកាថ្មីៗទាំងអស់​សម្រាប់​ជំនួយ​មនុស្សធម៌​ដល់​ប៉ា​ឡេ​ស្ទី​ន​នឹងត្រូវ​ពន្យារពេល​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម។


ក្នុងន័យនេះ​លោក​បាន​បញ្ជាក់ថា៖«មូលដ្ឋាន​នៃ​សន្តិភាព​សម្រាប់​ការរស់នៅ​នាពេលនេះ​គឺ​ត្រូវតែ​ដោះស្រាយ ម្យ៉ាងទៀត​ការ​ញុះញង់​ឱ្យមាន​ការ​ស្អប់ អំពើហិង្សា​និង​ការលើកតម្កើង​អំពើ​ភេរវកម្ម​បាន​ពង្វក់​ចិត្ត​មនុស្ស​ច្រើនពេក ដែល​ទាមទារ​ឱ្យ​យើង​ត្រូវតែ​គិតគូ»។

ទាក់ទិន​នឹង​បញ្ហា​នេះដែរ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយនា​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នានា​រួមទាំង​ការពិនិត្យ​ឡើងវិញ​នូវ​ទិដ្ឋភាព​នៃ​ជំនួយ​អភិវឌ្ឍន៍​ផងដែរ។

តាមរយៈ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ទៅលើ​អ៊ីស្រាអែល​គិត​មកដល់ពេលនេះ​មាន​មនុស្ស​ប្រមាណ​ជា១៥០០នាក់​បាន​បាត់​បង់ជីវិត​ក្នុងនោះ​មាន​ប្រជាជន​អ៊ីស្រាអែល​ចំនួន៩០០នាក់។

​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ធ្លាប់​បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​រាប់រយ​នាក់ នៅក្នុង​ការ​លុកលុយ​យ៉ាង​សាហាវ​បំផុត​ចាប់តាំងពី​សង្គ្រាម Yom Kippur កាលពី៥០ឆ្នាំមុន។ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​មាន​គំនុំ​ចង់​សងសឹក​ជាតា​មរយៈ​ការទម្លាក់​គ្រាប់បែក​ដ៏​ធ្ងន់​បំផុត​មិន​ធ្លាប់មាន​ទៅលើ​តំបន់​ហ្គា​ហ្សា​ដែល​បានសម្លាប់​មនុស្ស​ជាង៤០០នាក់។ការរស់នៅ​រវាង​ក្រុម​ហា​ម៉ាស់​និង​អ៊ីស្រាអែល​តែងតែ​ប៉ះពាល់​គ្នាជារឿយៗដោយសារ​ជម្លោះសាសនា​និង​ទឹកដី៕