អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​ថ្មី​ៗ​នេះ បាន​និយាយ​​ ពួកចោរបច្ចេកវិទ្យា (Hacker)​ ដែល​មាន​ទំនាក់​ទំនង​ជាមួ​យ​នឹង​វៀតណាម​ ​​បាន​ព្យាយាម​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ X ​(អតីត​ធ្វីតធឺរ​)​ និង​ហ្វេសប៊ុក​ ដើម្បី​តម្លើង​ស្ពា​យវ៉ែរ​​លើ​ទូរស័ព្ទ​របស់​ក្រុម​គោលដៅ​វាយ​ប្រហារ​ ដែល​រួម​មាន​ទាំង​បុគ្គល​សំខាន់​ៗ​រាប់​សិប​នាក់​ ​ដូច​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ មន្ត្រី​អង្គការ​សហប្រជាជាតិ ​និង​អ្នក​កាសែត​របស់​ CNN ​​ជា​ដើម​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ CNN។

ស្ពាយ​វ៉ែរ​ ដែល​សំដៅ​លើ​កម្មវិធី​លួច​ទិន្នន័យ​​ដ៏​មាន​ប្រសិទ្ធភាព​ ​និង​រចនា​ឡើង​ដើម្បី​លួច​ទិន្នន័យ​នៃ​ការ​​ហៅ​ទូរសព្ទ​ និង​ទិន្នន័យ​ជា​អក្សរ​​​ពី​ទូរស័ព្ទ​ ​​មាន​គោល​បំណង​កំណត់​គោល​ដៅ​លើ​គណនី​បណ្ដាញ​​សង្គម​ដែ​ល​មាន​ទំនាក់​ទំនង​ជាមួយ​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ លោក​​ Gary Peters ​និង​​លោក​ Chris Murphy ​និង​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​ជា​ប្រធាន​ផ្នែក​កិច្ច​ការ​បរទេស​របស់​សភា​លោ​ក​ ​Michael McCaul​។ ​នេះ​បើ​យោង​តាម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​។ ​

ជាមួយ​គ្នា​នោះ​ អ្នក​កាសែត​ CNN ​ជា​ច្រើន​នាក់​ ដែល​​យក​ព័ត៌មាន​​ពី​បញ្ហា​នៅ​អាស៊ី​បូព៌ា​ ក៏​រង​ការ​កំណត់​គោលដៅ​របស់​ក្រុម​ហែកឃឺរ​នោះ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​ CNN មិន​បាន​​បញ្ចេញ​ព័ត៌មាន​យ៉ា​ង​ណា​នោះ​ទេ​ ជុំ​វិញ​បញ្ហា​នេះ​។ ​


អ្នក​​ស្រាវ​ជ្រាវ​របស់​អង្គការ​លើក​លែង​ទោស​ដដែល​ បាន​និយាយ​ថា​ ខ្លួន​មិន​បាន​ដឹង​ពី​​ការ​​ជោគ​ជ័យ​ណា​មួ​យដែល​ក្រុម​ហែកឃឺរ​​​បាន​សម្រេច​ដោយ​​​ប្រើ​ស្ពាយវ៉ែរ​នោះ​ទេ​​ ​ប៉ុន្តែ​ថា​ ការ​ប៉ុន​ប៉ង​សម្រុះ​សម្រួល​សមាជិក​សភា​ដ៏​មាន​អំណាច​ ​​នឹង​បង្កើន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​​​នៅ​អាមេរិក​ ​អំពី​ការ​រីក​សាយ​នៃ​​ស្ពាយវ៉ែរ​ពាណិជ្ជកម្ម​។


អង្គការ​លើក​លែង​ទោស​អន្ត​រជាតិ​បន្ត​ថា​ មាន​គណនី​​នៅ​លើ​បណ្ដាញ​សង្គម​​ X ​​បាន​ចែក​ចាយ​​នូវ​តំណ​ភ្ជាប់​ដែល​​មាន​ផ្ទុក​ស្ពាយវ៉ែរ​ ​​ទៅ​កាន់​មនុស្ស​គោល​ដៅ​របស់​ក្រុម​ហែកឃឺរ​ ​ចន្លោះ​ពី​ខែ​កុម្ភៈ​ដល់​ខែ​មិថុនា​។ អង្គការ​មិន​បញ្ហា​ពី​ចេតនា​ច្បាស់​លាស់​របស់​ក្រុម​ហែកឃឺរ​នោះ​ទេ​ ប៉ុន្តែថា​ ​​ក្រុម​មនុស្ស​គោលដៅ​មាន​​​ព័ត៌មាន​សំខាន់​ៗ​​លើ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​វៀតណាម​។​​

លោក​ Donncha Ó Cearbhaill​ ប្រធាន​ផ្នែក​សន្តិសុខ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ បាន​ប្រាប់​ CNN ​ថា​ លោក​ និង​អ្នក​ស៊ើប​អង្កេត​របស់​​លោក​​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​​ អំពី​ទំនាក់​ទំនង​រវាង​ពួក​ហែកឃឺរ​ និង​​វៀតណាម ​ដោយ​លើក​ឡើង​ពី​កំណត់ត្រា​កិច្ច​សន្យារវាង​​រដ្ឋាភិបាល​វៀតណាម ​និង​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ស្ពាយវ៉ែរ​ ​ដែល​បណ្ដាញ​កិច្ច​សហប្រតិបត្តិការ​ស៊ើប​អង្កេត​អឺរ៉ុប​ (EIC) ​បាន​ពិនិត្យ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជាមួយ​ក្រុម​វិភាគ​ការ​គំរាម​កំហែង​របស់​ក្រុមហ៊ុន​ Google ​ដែល​តាម​ដាន​ពួក​ហែកឃឺរ​​គាំទ្រ​ដោយ​រដ្ឋ​ ​​បាន​ប្រាប់​ CNN ​ថា​ គណនី X (​ធ្វីតធឺរ) ដែល​ចែក​ចាយ​​​​ស្ពាយវ៉ែរ​ ​ហាក់​ដូច​ជា​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​។​

ជុំ​វិញ​បញ្ហា​នេះ​ រដ្ឋាភិបាល​វៀតណាម​មិន​ទាន់​បាន​ចេញ​ប្រតិបត្តិការ​យ៉ាង​ណា​នោះ​ទេ​។

អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​ស្រាវ​ជ្រាវ​សន្តិសុខ​តាម​អ៊ិនធឺណិត​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ បាន​ចង​ក្រង​ឯកសារ​អំពី​ការ​រីក​សាយ​ភាយ​នៃ​ស្ពាយ​វ៉ែរ​ ដែល​រចនា​ឡើង​ដើម្បី​លួច​ទិន្នន័យ​។ ​ប៉ុន្តែ​បញ្ហា​នេះ​ ទទួល​បាន​​ចំណាប់​អារម្មណ៍​​កាន់​​តែ​​ខ្លាំង​​ឡើង​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ការ​លាត​ត្រដាង​ថា​ បុគ្គលិក​ក្រសួង​ការ​បរទេស​អាមេរិក​ប្រហែល​រាប់​សិប​នាក់​ដែល​កំពុង​បម្រើ​ការ​នៅ​ទ្វីប​អាហ្រ្វិក​ រង​ការ​ចូល​លួច​ទិន្នន័យ​ (ហែក) ​តាម​រយៈ​ស្ពាយវ៉ែរ​ដែល​​បង្កើ​ត​ឡើង​ដោយ​ក្រុម​ហ៊ុន​អ៊ីស្រាអែល​NSO Group ​។​

លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ​​​បាន​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ជាមួយ​នឹង​បទ​បញ្ជា​ប្រតិបត្តិ​មួយ​កាល​ពី​ខែ​មីនា​ ដែល​ហាម​ឃាត់​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ពី​ការ​ប្រើ​ប្រាស់​ស្ពាយវ៉ែរ​​ដោយ​ចាត់​​ទុក​ថា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ ឬ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​៕