ខណៈ​សង្គ្រាម​រវាង​ប្រទេស​អ៊ី​ស្រា​អែល ​និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ កំពុង​បន្ត​យ៉ាង​ក្តៅគគុក ហើយ​អន្តរជាតិ​បាន​ផ្តោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​សង្គ្រាម​ដ៏​ផ្តាច់ផ្តិល​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ល​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី ដែល​កំពុង​ដឹកនាំ​ប្រយុទ្ធប្រឆាំង​កងទ័ព​រុស្ស៊ី​បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ការថយចុះ​ការគាំទ្រ​និង​ការចាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ សារព័ត៌មាន បារាំង France 2 ក៏ដូចជា​ការបង្ហាញ​នៅលើ​បណ្តាញ​សង្គម ដែល​បាន​ដកស្រង់​ចុះផ្សាយ​ដោយ​ញូវយ៉ក​ថែម លោក ហ្សេ​ឡេ​ន​ស្គី បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការបន្ត​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក ដែល​ពេលនេះ​កំពុងបង្វែរ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅដល់​ប្រទេស​​អ៊ីស្រា​អែល​សម្រាប់​ការធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់ ដែល​ក្រុម​ប​ស្ចឹ​ម​ប្រទេស​ចាត់​ទុកជា​ ​«​ក្រុម​ភេរ​វករ​»​។​

​លោក​ ហ្សេ​ឡេ​ន​ស្គី និយាយថា​៖ «​សហគមន៍​ពិភពលោក​អាច​នឹង​មិនសូវ​យកចិត្ត​ទុកដាក់​ចំពោះ​អ៊ុយ​ក្រែ​ន​» ដោយ​ទទួលស្គាល់​នូវ​លទ្ធភាព​ដែល​ព្រឹត្តិការណ៍​ថ្មីៗ​នៅក្នុង​ប្រទេស​អ៊ីស្រា​អែល​អាច​បង្វែរ​ការយក​ចិត្ត​ទុកដាក់​ចេញពី​ជម្លោះ​អ៊ុយ​ក្រែ​ន​។​


​លោក ហ្សេ​ឡេ​ន​ស្គី ដែល​ដឹកនាំ​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​អស់​រយៈពេល​ ២០ ​ខែ​រហូតដល់​ពេលនេះ ក្រោម​ការ​ផ្ចុងផ្តើម​ផ្តល់ជំនួយ​គ្រប់បែបយ៉ាង​ពី​សំណាក់​សហរដ្ឋអាមេរិក និង​ការរួមចំណែក​ពី​តំបន់​អឺរ៉ុប បានបង្ហាញ​ក្តីសង្ឃឹម​ចំពោះ​ការគាំទ្រ​ជា​និរន្តរភាព​របស់​សហរដ្ឋ​អាមេរិក​។

​កញ្ចប់​ជំនួយ​ថ្មី​របស់​អាមេរិក​ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន​មានតម្លៃ​ ២៤​ ពាន់​លាន​ដុល្លារ​ដែល​រដ្ឋបាល​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ស្នើឡើង​ត្រូវបាន​ជាប់គាំង​ដោយសារ​ការរារាំង​រប​ស់​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​។ កញ្ចប់​ជំនួយ​នេះ​ស្ថិតក្នុង​អន្តរកាល​នៅឡើយ​សម្រាប់​ការពិភាក្សាគ្នា​បន្ថែម​រហូត​ដល់​ថ្ងៃ​ ១៧ ​វិច្ឆិកា​។


​ច្បាស់​ណាស់ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​បង្វែរ​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដល់​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយ​លោក​បាន​ប្រាប់​ជា​ចំហ​ថា «​អាមេរិក​នឹង​ផ្តល់ឱ្យ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​​អ៊ី​ស្រា​អែល​ត្រូវការ​» ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​ហា​ម៉ាស់​។

​ថ្លែង​ទៅកាន់​ពិភពលោក​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​កម្ពុជា លោក ចូ បៃ​ដិ​ន បានបង្ហាញ​ទឹកមុខ​ស្ងួត បាន​ថ្កោលទោស​ការវាយប្រហារ​ដ៏​សាហាវ ប្រឆាំងនឹង​​អ៊ីស្រា​អែល ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់ ដោយ​ហៅ​ការវាយប្រហារ​នោះជា ​«​ទង្វើ​ដ៏​អាក្រក់​»​។

​សហរដ្ឋអាមេរិក​ដែលមាន​ប្រជាជន​របស់ខ្លួន​បាន​ស្លាប់​យ៉ាងហោចណាស់ ​១៤ ​នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ គឺជា​អ្នកគាំទ្រ​ធំ​បំផុត​ដល់​ប្រទេស​​អ៊ី​ស្រា​អែល​សម្រាប់​កម្មវិធី​យោធា និង​រក្សា​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដែល​រដ្ឋ​នៅ​ជុំវិញ​នោះ​រកតែ​ឱកាស​កម្ទេច​​អ៊ី​ស្រា​អែល​ប៉ុណ្ណោះ​។

​ក្រឡេក​ទៅ​មើល​ប្រទេស​រុស្ស៊ី​ឯណោះ​វិញ ក្រោយ​សង្គ្រាម​រវាង​​អ៊ីស្រា​អែល​និង​ហា​ម៉ាស់​ផ្ទុះឡើង ប្រមុខ​ដឹកនាំ​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ដឹកនាំ​សង្គ្រាម​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជួប​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​តំបន់​អារ៉ាប់​ព្រមទាំង​បង្ហាញ​ការគាំទ្រ​ដល់​ប្រទេស​អារ៉ាប់​ដែល​នៅ​ពីក្រោយ​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​។

​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​បរិហារ​គោល​នយោបាយ​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​គាំទ្រ​​អ៊ី​ស្រា​អែល​នាំទៅដល់​សង្គ្រាម​ជា​បន្តបន្ទាប់ ដោយ​ហៅថា ​«​ជាការ​បរាជ័យ​នយោបាយ​ការបរទេស​អាមេរិក​»៕