និយតករអូស្ត្រាលីបានពិន័យកម្មវិធីបណ្តាញសង្គម X ដែលបានប្តូរឈ្មោះពី Twitter របស់លោក Elon Musk ចំនួន៦១០៥០០ដុល្លារអូស្ត្រាលី (៣៨៦,០០០ដុល្លារអាមេរិក) សម្រាប់ការខកខានក្នុងការសហការជាមួយនឹងការស៊ើបអង្កេតលើការអនុវត្តគោលការណ៍ប្រឆាំងនឹងការរំលោភបំពានលើកុមារដោយក្រុមហ៊ុននេះនៅតែព្យាយាមរក្សាពាណិជ្ជកម្មមួយចំនួនបើទោះបីជាវាបង្កផលប៉ះពាល់ដល់កុមារក្តី។
គណៈកម្មការសុវត្ថិភាពអេឡិចត្រូនិក បាននិយាយថា កម្មវធី X បានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណួររបស់ខ្លួន ទាក់ទិនទៅនឹងរបាយការណ៍ពីមុខងារមួយចំនួនរំលោភបំពានលើកុមារនៅលើបណ្តាញសង្គមនិងវិធីសាស្ត្រដែលកម្មវិធីនេះប្រើដើម្បីកំណត់ក្នុងការស្វែងរកវា។
បើទោះបីជាវាជាចំនួនតិចតួចបើធៀបនឹងទឹកប្រាក់ដែល លោក Musk ចំណាយទិញកម្មវិធីមួយនេះកាលពីខែតុលាឆ្នាំ២០២២ក្តីតែការពិន័យនេះអាចក្លាយជាផ្នែកមួយដែលប៉ះពាល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនពិសេសការបន្តធ្លាក់ចុះប្រាក់ចំណូលដោយសារតែអ្នកផ្សាយពាណិជ្ជកម្មនឹងកាត់បន្ថយការចំណាយរបស់ពួកគេលើវេទិកាមួយនេះ។
ស្របពេលជាមួយគ្នានេះដែរសហភាពអឺរ៉ុបក៏បាននិយាយថាខ្លួនកំពុងស៊ើបអង្កេតលើកម្មវិធី X ដោយសារការល្មើសច្បាប់បច្ចេកវិទ្យាថ្មីរបស់ខ្លួនជុំវិញការគ្រប់គ្រងព័ត៌មានក្លែងក្លាយមិនបានល្អទាក់ទិនទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល។
បណ្តាញសង្គម X បានបិទការិយាល័យប្រចាំប្រទេសអូស្ត្រាលីរបស់ខ្លួនបន្ទាប់ពីការទិញរបស់លោក Musk ដូច្នេះមិនមានអ្នកតំណាងក្នុងស្រុកដើម្បីឆ្លើយតបទៅនឹងសារព័ត៌មានសម្រាប់សំណើសុំការអត្ថាធិប្បាយនោះទេខណៈការិយាល័យកណ្តាលរបស់គេនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមិនបានឆ្លើយតបភ្លាមៗនោះទេ។
នៅក្រោមច្បាប់របស់ប្រទេសអូស្ត្រាលីដែលចូលជាធរមានក្នុងឆ្នាំ២០២១និយតករអាចបង្ខំក្រុមហ៊ុនអ៊ីនធឺណិតឱ្យផ្តល់ព័ត៌មានអំពីការអនុវត្តការគ្រប់គ្រងសុវត្ថិភាពអនឡាញរបស់ពួកគេឬប្រឈមនឹងការផាកពិន័យ។ជាក់ស្តែងដូចក្នុងករណីពិន័យខាងលើនេះប្រសិនបើបណ្តាញសង្គម X បដិសេធមិនបង់ប្រាក់ពិន័យនិយតករក៏អាចបន្តនីតិវិធីនៅក្នុងតុលាការថែមទៀត៕